ភ្នំពេញៈ លោកយាយវ័យ៧០ម្នាក់របួសធ្ងន់ធ្ងរដេកស្តូកស្តឹងតាមចិញ្ចើមផ្លូវជាតិលេខ៦ ត្រូវបានលោកស្រីប្រធានការិយាល័យកិច្ចការនារីខណ្ឌដឹកទៅព្យាបាលនៅគ្លីនិក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកយាយត្រូវបានគេស្គាល់ថាឈ្មោះ ហៀក អាយុប្រមាណ៧០ឆ្នាំ ស្នាក់នៅវត្តត្រាំង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រជាពលរដ្ឋបានឲ្យដឹងថាគាត់បានឃើញលោកយាយខាងលើដេកស្តូកស្តឹងនៅចិញ្ចើមផ្លូវជាតិលេខ៦អា នេះតាំងពីម៉ោង៨ព្រឹកមកម្ល៉េះហើយនៅពេលគាត់ដើរមកមើលឃើញលោកយាយមានរបួសគាត់មិនហ៊ានលើកឡើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកមើលនៅពេលដែលសមត្ថកិច្ចមកដល់ព្រមទាំងមានមនុស្សច្រើនចោមរោមមើលលោកយាយក៏បានដឹងខ្លួនវិញ ហើយក្រោកអង្គុយនិងដើរចេញពីកន្លែងដែលគាត់ដេកបានបន្តិចដោយទៅដេកក្បែរការ៉ាសសាំង។
ប្រភពដដែលបន្តថាឃើញគាត់មានស្នាមរបួសនិងឈាមមិនដឹងថាគាត់ប៉ះទង្គិចនិងអ្វីឡើយ។
ក្រោយពីទទួលបានដំណឹងនេះលោកស្រីប្រធានការិយាល័យកិច្ចការនារីខណ្ឌជ្រោយចង្វារបានមកដល់កន្លែងកើតហេតុនិងបានជួលផាស់អាប់ដឹកលោកយាយខាងលើទៅគ្លីនិកមួយនៅខណ្ឌជ្រោយចង្វារដើម្បីព្យាបាលបួសលោកយាយ៕
មតិយោបល់