ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ បូរ៉ា ប្រាប់មូលហេតុដាក់បញ្ចាំងរឿង”ឃ្លាតទៅសែនឆ្ងាយ”ឡើងវិញ

កាលពីថ្ងៃទី១៩ វិច្ឆិកា ផលិតករភាពយន្តរឿង”ឃ្លាតទៅសែនឆ្ងាយ”ឡើងវិញ ដែលរឿងមួយនេះ ធ្លាប់ដាក់បញ្ចាំងម្ដងហើយ កាលពីប្រមាណ៧ឆ្នាំមុន មិនសូវទទួលបានការគាំទ្រប៉ុន្មានទេ បើទោះជាភាពយន្តនេះ ត្រូវគេអះអាងថាមានសាច់រឿង និងគុណភាព មិនអន់ជាងរឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” របស់អ្នកស្រី អែនជេលីណាជូលី ដែលចំណាយអស់រាប់លានដុល្លារលើសលប់។

លោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តដាក់បញ្ចាំងភាពយន្តនេះជាថ្មី គឺដោយសារការដាក់បញ្ចាំងលើកមុនខ្វះការជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយ ហើយនៅក្នុងពេលនោះ ភាពយន្តរឿង”ឃ្លាតទៅសែនឆ្ងាយ”របស់លោកក៍មិនទាន់ជាប់ពាន និងមានការទទួលស្គាល់។ កម្មវិធីរបស់លោក ត្រូវបានធ្វើឡើងយ៉ាងកក្រើកអស់អ្នកសិល្បៈ ទើបការសម្រេចដាក់បញ្ចាំងរឿងនេះ ត្រូវគេរំពឹងថា ពិតជាស្រូបទាញអ្នកទស្សនាខុសពីមុន។ លោក ឆាយ បូរ៉ា បន្តថា លោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលក្នុងពេលដាក់បញ្ចាំងលក់សំបុត្រកាលពីអំឡុងលើកមុន ស្នាដៃមិនសូវមានការគាំទ្រទាល់តែសោះ ប៉ុន្តែដល់ពេលល្បីល្បាញ គឺស្ថិតក្នុងដំណាក់កាលទម្លាក់ផ្លាកចេញពីរោងទៅហើយ។ ជាក់ស្ដែងពីភាពយន្តលោក ជាប់ពានចំនួន៧ក្នុងចំណោម៩ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិលើកទី៤ រឹតតែជាអ្វី ដែលធ្វើអោយរឿងទាំងមូលផ្ទុះក្នុងស្រទាប់មហាជនតែម្ដង ដែលធ្វើអោយលោកត្រូវតែចិញ្ចឹមចិត្តដាក់បញ្ចាំងរឿងនេះជាថ្មីអោយបាន ដោយលោកសម្រេចជ្រើសយកអំឡុងបុណ្យអុំទូកចាប់ពីថ្ងៃទី២១ វិច្ឆិកា នេះតទៅ។ សម្រាប់ការបង្ហាញខ្លួនលើកនេះ លោករំពឹងថា ១០០ភាគរយនឹងស្រូបទាញអ្នកទស្សនាបានច្រើន ដោយសម្អាងថាគ្រាន់តែយូធូប ក៍កើនអ្នកទស្សនារាប់សិបដង ដែលមានន័យថា មានការចាប់អារម្មណ៍ខ្ពស់ខុសពីពេលដាក់បញ្ចាំងលក់សំបុត្រលើកមុន។

ក្នុងពិធីបើកសម្ពោធជាថ្មីនោះ សិស្ស និស្សិត បុគ្គលិកអង្គការ និងតារាសិល្បៈត្រូវគេឃើញបង្ហាញវត្តយ៉ាងកុះករ ដោយគ្រាន់តែតារាៗមកពីគ្រួសារតារាកម្ពុជា ចូលរួមគាំទ្ររហូតដល់ជិត១០០នាក់ ដោយមិនទាន់រាប់បញ្ចូលតារាសិល្បៈផ្សេងទៀតផង ខណៈដែលតារាភាគច្រើន សុទ្ធតែអះអាងថា ចង់ទស្សនាភាពយន្តនេះយូរហើយ ទើបខំចំណាយពេលមកសម្ពោធ៕

មតិយោបល់