ចាត់ទុកជារឿងគួរឲ្យសរសើរយ៉ាងខ្លាំង ដែល លោក រិទ្ធ អូមេហ្គា (Rith Omega) ដែលត្រូវគេស្គាល់ថាផលិតករល្បីឈ្មោះរបស់ថោន និងជាម្ចាស់ហាងធំ២នៅបាត់ដំបង និង នៅកោះពេជ្រ បានប្រកាសជាចំហរថា លោកនឹងប្រើតែរូបិយប័ណ្ណប្រាក់រៀលប៉ុណ្ណោះ ក្នុងមុខជំនួញរបស់ខ្លួន។ ទាំងក្នុងអាជីវកម្មហាងលក់តែបៃតង និងកាហ្វេ ឆប់ឆាហ៍នៅខេត្តបាត់ដំបង ទាំងហាងអាហារដ្ឋានស៑ុបខ្យង Rith Omega នៅកោះពេជ្រ លោកប្រកាសយ៉ាងក្ដែងៗថា មិនកំណត់តម្លៃជាប្រាក់ដុល្លារ ឬ រូបិយប័ណ្ណផ្សេងសូម្បីតែមួយមុខ ដោយលោកបញ្ជាក់ជំហរថា ការកំណត់ឲ្យប្រើតែរូបិយប័ណ្ណប្រាក់រៀលរបស់ខ្លួន មិនមែនធ្វើឡើងតាមគ្នានោះទេ តែបានអនុវត្តន៍យូរហើយ ដើម្បីលើកកម្ពស់លុយជាតិ។
ការបង្ហោះរបស់លោក បានធ្វើឲ្យម្នាក់ចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងកាលៈទេសៈ ដែលរូបិយប័ណ្ណប្រាក់រៀល មិនត្រូវបានគេផ្ដល់តម្លៃស្មើនឹងរូបិយប័ណ្ណបរទេសគឺប្រាក់ដុល្លារនាពេលបច្ចុប្បន្ន រហូតដល់មានបុគ្គលខ្លះ និងស្ថាប័នខ្លះបដិសេធមិនទទួលយក ធ្វើឲ្យផ្ទុះការរិះគន់។ លោក រិទ្ធ អូមេហ្គា បញ្ជាក់ថា លោកបានកំណត់បែបនេះ នៅក្នុងអាជីវកម្មរបស់ខ្លួនតាំងពីយូរណាស់មកហើយ ហើយលោកនឹងបន្តប្រតិបត្តិ ឲ្យកាន់តែច្បាស់ថែមទៀត ដើម្បីឲ្យលុយជាតិ កាន់តែមានការឲ្យតម្លៃ នៅក្នុងអាជីវកម្មដែលលោកដំណើរការ បើទោះជាការកំណត់នេះ ធ្វើឲ្យលោកពិបាកក្នុងការដោះដូរជារូបិយប័ណ្ណប្រាក់ដុល្លារ ក្នុងការកុម្ម៉ង់ទំនិញខ្លះ សម្រាប់ដំណើរការហាងទាំងពីរ។
ជំហររបស់លោកត្រូវបានអ្នកលេងហ្វេសប៑ុកកោតសរសើរ និងស្នើឲ្យលោកកុំរើសអើងក្រដាសប្រាក់មួយចំនួន ដូចជាក្រដាសប្រាក់ចាស់ទក់បន្តិចបន្តួច និងក្រដាស់ប្រាក់ក្រដាស១០មុឺនរៀល ដែលនៅកន្លែងខ្លះបដិសេធមិនចង់ទទួលជាដើម។ លោករិទ្ធ អូមេហ្គា និយាយថា អ្នកយករូបិយប័ណ្ណប្រាក់រៀល មកចាយវាយក្នុងហាងរបស់លោក មិនដែលកើតមានបញ្ហាលើករណីខាងលើទេ ដោយសារតែលោកចង់ឃើញប្រាក់រៀល មិនត្រូវបានជនជាតិខ្មែរខ្លួនឯងរើសអើងស្រាប់៕
មតិយោបល់