ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) សុខ ជំនោរ បង្ហាញជំនឿចិត្តលើការបង្ហោះស្ពតល្ខោនខោល

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៤កក្កដានេះ លោក សុខ ជំនោរ ដែលជាអ្នកផលិតស្ពតស្ដីពីល្ខោនខោលសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី១១កក្កដាខាងមុខ បានបង្ហាញជំនឿយ៉ាងមុតមាំថា ស្ពតដែលលោកទើបបង្ហោះឡើងនឹងទទួលបានជោគជ័យ។ លោកថាអ្វីដែលលោកចង់បាន គឺចង់ឲ្យឃើញវីដេអូស្ពតនេះ រួមគ្នាចូលរួមនៅក្នុងព្រឹត្តិការណ៍ជួយល្ខោនខោល ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណសាលាមធ្យម​វិចិត្រសិល្បៈឲ្យ​បានកុះករ។

លោក សុខ ជំនោ បានថ្លែងប្រាប់ Postnews ថា ស្ពតដែលបានផលិតឡើងនេះ គឺប្រើពេលតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែបានចំណាយពេលរហូតដល់២០ថ្ងៃ ដើម្បីដាក់សម្លេង​ និងកាត់តរូបភាពឲ្យក្លាយជាស្ពតទាក់ទាញ។

លោកថាហេតុដែលនាំឲ្យមានការចំណាយពេលផលិតស្ពតនេះ ដោយសុខចិត្តមិនទទួលយកកម្រៃ គឺដើម្បីរួមគ្នាបំផុសឲ្យមានការយកចិត្តទុកដាក់ជួយដល់ល្ខោនខោលដែលត្រូវបានប្រឈមក្រោយពេលមិនមានមហាជនភាគច្រើនយកចិត្តទុកដាក់។

លោកសុខ ជំនោរ ដែលជាស្ថាបនិករបស់ក្រុមហ៊ុនBIGK បានបន្តថាបន្ទាប់ពីឃើញលោក ខុន ចន្ទ័សិទ្ធិការ្យ ដែលជាគ្រូបង្ហាត់ល្ខោនខោលបង្ហោះថា បើសិនក្រុមគាត់បង្កើតការសម្តែងល្ខោនខោល ហើយមិនលក់សំបុត្រ តើមានការចូលរួមទស្សនាអត់? ទើបលោកសម្រេចចិត្តShare និងComment ថា លោកនឹងស្ម័គ្រចិត្តផលិតស្ពតពាណិជ្ជកម្មមួយជូនដោយឥតគិតថ្លៃ។ ដោយសារតែហេតុផលនេះ ហើយទើបបណ្ដាលឲ្យស្ពតដែលត្រូវគេមើលឃើញថាមានលក្ខណៈខុសប្លែកពីវីដេអូបំផុសល្ខោនខោលផ្សេងនេះ ត្រូវបានបង្ហាញខ្លួនជាសាធារណៈ។ លោកថា ស្ពតនេះ នឹងត្រូវបានផុសយ៉ាងទូលំទូលាយ នៅលើ Youtube និងផេកផ្លូវការជាច្រើនដែលពាក់ព័ន្ធនឹងក្រុមល្ខោនខោល។ ក្នុងនោះលោកក៏នឹងបំផុសឲ្យមានតារាសិល្បៈ និងមហាជន ចូលរួមទស្សនាការសម្ដែងល្ខោនខោលដើម្បីរ៉ៃអង្គាសថវិកាជួយដល់សិល្បៈមួយនេះ នៅថ្ងៃទី១១ កក្កដា ដែលនឹងធ្វើឡើងនៅបរិវេណសាលាមធ្យមវិចិត្រសិល្បៈនៅម្ដុំបឹងប៉ាយ៉ាបភ្នំពេញថ្មីផងដែរ។

លោកសុខ ជំនោរ បញ្ជាក់ថា ស្ពតដែលបានផលិតនេះ មានការសហការយ៉ាងជិតស្និទ្ធពីផលិតកម្មសាន់ដេ និង ផលិតកម្ម Wonder Film របស់លោកសែម វិសាល៕

មតិយោបល់