ក្រោយប្រកាសភ្ជាប់ពាក្យកាលពីថ្ងៃទី២៣ ធ្នូ តារាសម្ដែងកញ្ញា នី ម៉ាលីណា បានអះអាងថា កញ្ញាមិនទុកចំណងស្នេហ៍ ឲ្យនៅយូរជូរផ្អូមនោះទេ ដោយនឹងគ្រោងរៀបការឲ្យបានឆាប់បំផុត តាមតែអាចធ្វើទៅបាន។ យ៉ាងណាមិញ កញ្ញានៅមិនទាន់កំណត់នៅឡើយ ជុំវិញកាលបរិច្ឆេទនៅឡើយទេ ដោយគ្រាន់តែអះអាងថា នឹងរកវេលាឲ្យបានឆាប់បំផុតនៅដើមឆ្នាំ២០១៩។
កញ្ញានី ម៉ាលីណា និយាយថា ទំនាក់ទំនងស្នេហារវាងនាង និងលោក ទូច ផល្លី ទើបតែបានចាប់ផ្ដើមកាលពីរង្វង់មួយខែមុនភ្ជាប់ពាក្យនោះទេ ប៉ុន្តែនាងជឿជាក់ថា បុរសដែលនាងសម្រេចចិត្តដឹកដៃធ្វើជាគូអនាគតនេះ នឹងថែនាងបាន ស្របគ្នាដែលនាងក៏ប្រកាសថា មាននិស្ស័យជាមួយលោកលើសពីអ្នកតាមស្រឡាញ់នាងផ្សេងទៀតដូចមេឃ និងដី។ ក្នុងនោះសូម្បីតែចាស់ទុំខាងនាង ក៏ស្រឡាញ់ និងពេញចិត្តឥរិយាបទរបស់គូស្នេហ៍ មិនខុសពីនាងផងដែរ ទើបនាងយល់ថា លោកជាគូព្រេង ហើយអត់ប្រើពេលសិក្សាគ្នាយូរ ដោយដាក់ថ្ងៃឲ្យចូលដណ្ដឹងតែម្ដង។ នាងគម្រោង នឹងរៀបការ ជាមួយគូស្នេហ៍មិនលើសពីខែកុម្ភៈនោះទេ ពោលគឺនឹងរៀបចំឲ្យបានមុនថ្ងៃ ចូលឆ្នាំខ្មែរ ដើម្បីយកវេលា និងដើម្បីកុំឲ្យទុកយូរជូរផ្អូម នាំឲ្យមានការលើកឡើងពីនេះពីនោះ។
នាងនិយាយថា «ពួកខ្ញុំអត់ទុកយូរទេ ប្រហែលការចុងខែមករា ឬអំឡុងខែកុម្ភៈហ្នឹងឯង និយាយរួមឲ្យរើសពេលវេលា បានពេលណាយកពេលណា កាន់តែឆាប់កាន់តែល្អ»។ ហេតុផលនៃការសម្រេចចិត្តរៀបការ ដោយមិនបាច់ទុកបែបនេះ មិនមែនព្រោះតែនាងបារម្ភខ្លាច គូស្នេហ៍ប្រែចិត្តនោះទេ ប៉ុន្តែអ្វីដែលនាង និងគ្រួសារចង់បាន គឺចង់រៀបការទាន់ពេលវេលា នៅល្អមុនអំឡុងពេលចូលឆ្នាំ និងសំខាន់គឺរៀបការឲ្យចំពេលល្ អនៅអំឡុងចុងខែមករា និងកុម្ភៈនោះតែម្ដង។
កញ្ញា លី ម៉ាលីណា និយាយថា កាលបរិច្ឆេទរៀបការគឺឲ្យតែអាចារ្យកំណត់ឡើង ហើយអាចជួលផ្នែកពាក់ព័ន្ធសម្រាប់រៀបការនោះបាន នោះនឹងត្រូវប្រកាសឡើងហើយ ដោយសារតែនាងចង់ការបានឆាប់ តែក៏ត្រូវអាស្រ័យក្រុមគ្រួសាររៀបចំទាន់ ឬមិនទាន់នោះដែរ។ លោកប្រកាសថា លោក ទូច ផល្លី មិនបានរើសអើង ឬបិទសិទ្ធិសម្រាប់រូបនាងក្នុងការងារសិល្បៈនោះទេ ដោយសារតែលោក កាលពីមុនក៏ជាអ្នកសិល្បៈម្នាក់ដែរ ដោយគ្រាន់តែលោកងាកទៅធ្វើជំនួញដីធ្លី នៅក្នុងរយៈពេលចុងក្រោយ។ អ៊ីចឹងហើយ ទើបនាងនឹងនៅតែទទួលសម្ដែង បើទោះជារៀបការហើយ ដោយគ្រាន់តែអាចរយាលជាងមុន៕
មតិយោបល់