ភ្នំពេញៈ តារាចម្រៀង ខេម និងប្រធានអង្គការ «ខ្ញុំខ្មែរ» អមដោយតារាសិល្បៈ និងសប្បុរសជនជាច្រើន នៅរសៀលថ្ងៃទី២៤ ខែសីហានេះ បានចុះទៅដល់ក្លិបប្រដាល់លោក ឡុង សាវ័ន្ត ដើម្បីបរិច្ចាគថវិការួមគ្នាជួយដល់កីឡាករ វេន សំណាង ដែលបានបាក់ដៃលើសង្វៀន កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ និងមិនមានលទ្ធភាពព្យាបាល។ ខេម បានចេញមុខអំពាវនាវដោយផ្ទាល់ឲ្យជួយដល់កីឡាកររូបនេះ ដោយលោកបញ្ជាក់ថា គ្រាន់តែបានដឹង ហើយបានស៊ើបពីប្រវត្តិរបស់កីឡាករ វេន សំណាង គឺលោកចង់ស្រក់ទឹកភ្នែកតែម្ដង។
លោក A10 ជានិច្ច ប្រធានអង្គការ «ខ្ញុំខ្មែរ» បានអះអាងថា ដោយសារតែមើលឃើញពីទុក្ខលំបាករបស់កីឡាករ វេន សំណាង ដែលបាក់ដៃហើយ ស្រាប់តែម្ដាយនៅស្រុកស្នួល ខេត្តក្រចេះ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង គ្មានថវិកាព្យាបាលទៀត ទើបលោក និងលោក ខេម បានឯកភាពអំពាវ និងគៀរគរថវិកាពីសប្បុរសជននានា ដើម្បីជួយដល់កីឡាកររូបនេះ ដល់ក្លិបលោក ឡុង សាលវ័ន្ត ស្ថិតនៅម្ដុំទួលគោក។ លោកថា ជារឿងសង្វេគណាស់ដែលកីឡាករមួយរូប ក្រោយពេលបាក់ដៃ គ្មានលុយព្យាបាល ហើយថែមទាំងមានទុក្ខម្ដាយបាក់ជើងក្នុងពេលទន្ទឹមគ្នា។
លោក ខេម បានទទូចឲ្យបន្តជួយដល់កីឡាករ វេន សំណាង ដោយលោកថា ការរួមចំណែករបស់លោកគ្រាន់តែជាការពញាក់អារម្មណ៍តូចមួយប៉ុណ្ណោះ ចំណែកភាពជាក់ស្ដែង គឺការចូលរួមរបស់មហាជន និងអ្នកគាំទ្រកីឡាប្រដាល់ឯណោះទេ។ លោកថា ខ្លួននឹងលើកទឹកចិត្តឲ្យមានការបរិច្ចាគជួយដល់កីឡាករ ហើយមិនមែនគ្រាន់តែកីឡាករ វេន សំណាង ម្នាក់ទេ គឺកីឡាករប្រដាល់ផ្សេងទៀត ក៏លោកនឹងធ្វើការគៀរគរថវិកាយកមកជួយបែបនេះផងដែរ៕
មតិយោបល់