ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើល ពេល ភឹម តារាវិបុល ថាដកខ្លួន ក្រោយបញ្ចប់រឿង«កាំបិតមុខ២»

ក្នុងជំនួបដោយផ្ទាល់ កាលពីល្ងាចថ្ងៃទី២៨ ធ្នូ ក្នុងកម្មវិធីប្រកាសរឿងទាំង១០ ដែលមានអ្នកទស្សនាច្រើនរបស់ក្រុមហ៊ុនលីជេន លោក ភឹម តារាវិបុល បានអះអាងថា លោកនឹងដើរឆ្ងាយពីការងារសិល្បៈបន្តិចម្ដងៗ នៅអំឡុងដើមឆ្នាំ២០១៩នេះហើយ ដោយសារតែលោកចង់ងាកទៅរកស៊ី ហើយយល់ថា បើនៅតែបន្តត្រាំត្រែង ក្នុងការងារនេះបន្តទៀត នឹងធ្វើឲ្យលោកបានត្រឹមតែល្អមើល។លោកថាខ្លួននឹងដកថយក្រោយបញ្ចប់ភាពយន្តរឿង «កាំបិតមុខ២» របស់ផលិតកម្មមហាហង្ស បើទោះជាវិស័យភាពយន្ត កាន់តែធ្វើឲ្យលោកឈានឡើងសន្ទុះទីផ្សារនាពេលចុងក្រោយ។

លោកភឹម តារាវិបុល ថ្លែងថា លោកប្រឡូកការងារសិល្បៈ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បើនិយាយពីការសល់ទ្រព្យជាដុំកំភួនមិនមាននោះទេ ប៉ុន្តែដោយសារតែការស្រឡាញ់ ទើបចេះតែតស៊ូ ហើយប្រឡូកមួយឆ្នាំហើយមួយឆ្នាំទៀត។ ក្នុងនោះសូម្បីតែការងារ ក្រោយការរៀនចប់ ក៏ត្រូវបោះបង់ផងដែរ ទើបលោកយល់ថា វាដល់ពេលហើយដែលលោកត្រូវតែ មានមុខរបរផ្ទាល់ខ្លួនមួយ ហើយដកថយបន្តិចពីការងារសម្ដែង។ លោកមិនទាន់បង្ហើបឲ្យដឹងពីមុខរបរ ដែលខ្លួនគ្រោងនឹងធ្វើនោះទេ ប៉ុន្តែលោកថា គ្រប់យ៉ាងបានរៀបចំអស់ហើយ ដោយរង់ចាំតែលោកថតបញ្ចប់ភាពយន្តរឿង «កាំបិតមុខ២» របស់ផលិតកម្មមហាហង្សប៉ុណ្ណោះ គឺលោកនឹងប្រកាសឲ្យដឹង។

លោកនិយាយថា «មុខរបរនឹង ខ្ញុំគិតយូរហើយ ប៉ុន្តែមកពីជាប់កុងត្រាថតរឿងកាំបិតមុខ២ មិនទាន់ចប់ ទើបធ្វើមិនទាន់កើត ចឹងបានខ្ញុំអត់ហ៊ានទទួលរឿងណាទៀតទេ គឺបន់ឲ្យតែចប់រឿងកាំបិតមុខ២ ចេញរកស៊ីមួយរយៈ ទើបគិតរឿងថតទៀត»។ លោកភឹម តារាវិបុល ថាខ្លួនមិនបោះបង់ការសម្ដែងនោះទេ ដោយនៅតែបន្តទទួល ប៉ុន្តែនឹងកាត់បន្ថយឲ្យច្រើន ដើម្បីមានពេលរកស៊ី និងមានពេលសម្រាប់រៀបចំអនាគតខ្លះ។ ក្នុងនោះលោក ក៏ចង់មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការងារសង្គម ដូចជាចុះចែកអំណោយ និងធ្វើសកម្មភាពសង្គមផ្សេងៗផងដែរ ទើបលោកសម្រេចចិត្តដើរចេញពីសិល្បៈជាបណ្ដើរៗ ហើយទទួលធ្វើគម្រោងជីវិតមួយផ្សេង។

លោកថាខ្លួនស្រឡាញ់ការងារសម្ដែងណាស់ បើភាពយន្តរឿង «កាបិតមុខ២» មិនមែនជាស្នាដៃល្អមួយ ប្រហែលជា លោកត្រូវផ្អាក សិល្បៈតាំងពីមុនរឿងហ្នឹងនោះម្លេះ ដោយសារតែលោក ចង់រកស៊ីវិញនោះ។ ក្នុងនោះលោកក៏រំពឹងថា ភាពយន្តរឿងកាំបិតមុខ២ ដែលជារឿងចុងក្រោយ មុនលោកចេញទៅបើកជំនួញ នឹងទទួលបានការគាំទ្រភ្លូក ទឹកភ្លូកដីផងដែរ ដោយសារតែភាពយន្តនេះ ប្រជុំដោយតារាល្បីៗ ហើយជារឿងដែលគ្រោងដាក់បញ្ចាំងនៅ PNN ដែលស្ថាប័នមានប្រជាប្រិយភាព៕

មតិយោបល់