ភ្នំពេញៈ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរសព្ទដៃ) ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ។
ករណីនេះបានកើតឡើងវេលាម៉ោង១និង១០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ៥៥ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យមានបក្ខពួកចំនួន២នាក់ជិះម៉ូតូចំនួន១គ្រឿង ដោយពេលនោះជនសង្ស័យបានជិះម៉ូតូម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-9266 បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីជនជាតិបរទេសម្នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ កំពុងឈរនិយាយទូរសព្ទបានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដែលនៅក្បែរនោះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង បណ្តាលឲ្យជនសង្ស័យ០២នាក់ ភ័យញ័ររ៉េចង្កូត ប៉ះជាមួយរថយន្តដួលម៉ូតូ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះព្រួតវាយបណ្តាលឲ្យជនសង្ស័យម្នាក់របួសក្បាល នៅចំណុចផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់មកកម្លាំងយើងបានអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់៖
ទី១.ឈ្មោះ មឿន ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាអ្នកបើកម៉ូតូ ។
ទី២. ឈ្មោះ សុខ ឆេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអ្នកធ្វើសកម្មភាពឆក់ ។
ដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-9266 ។
ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិបរទេស(មិនបានមកដាក់ពាក្យបណ្តឹង) ហើយសម្ភារៈបាត់បង់ ទូរសព្ទដៃមួយគ្រឿងម៉ាក sansung ពណ៌ទឹកប្រាក់ (ត្រូវបានជនសង្ស័យបោះចោលតាមផ្លូវ) ពេលកំពុងជិះគេចខ្លួន ។
ចំពោះមុខ កម្លាំងជំនាញ ខណ្ឌ និងប៉ុស្តិ៍កំពុងប្រើប្រាស់ជំនាញសួរចម្លើយ បន្តរកបក្ខពួកនៅសេសសល់ ព្រមទាំងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសតាមភូមិសាស្ត្របណ្តាខណ្ឌផ្សេងៗកន្លងមក និងក៏សាងសំណុំរឿង តាមនិតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់