ព័ត៌មានសិល្បៈ និងកម្សាន្ត

MC សាហារ៉ា ប្រតិកម្ម ពាក់ព័ន្ធនឹងអាជីវកម្មធំមួយ នៅសៀមរាប

កាលពីពេលថ្មី គេឃើញពិធីករ និងជាតារាសម្ដែងតួឯកក្នុងរឿង«ស្នូរជើងអ្នកណា»ចេញមុខបើកសម្ពោធហាងការហ្វេនឹងតែគុជធំមួយ យីហោ«ឆាវដយ»នៅខេត្តសៀមរាបយ៉ាងហំហាន ដោយហាងកាហ្វេនោះត្រូវគេប៉ាន់ស្មានថា ជាភាគហ៊ុនរបស់លោក បើទោះជាហាងដែលស្ថិតនៅម្ដុំព្រះអង្គចេកព្រះអង្គចម នោះត្រូវគេដឹងថាប្រើទុនមិនធម្មតា។ អ្វីដែលគេកត់សម្គាល់ ហាងកាហ្វេដែលពាក់ព័ន្ធនឹងលោកនោះ ត្រូវបានគេចោទថាជាប្រេនមកពីប្រទេសវៀតណាម ទើបធ្វើឲ្យលោកចេញមុខប្រតិកម្ម។

លោក សាហារ៉ា និយាយថា ក្នុងថ្ងៃសម្ពោធហាងកាហ្វេ«ឆាវដយ»នៅសៀមរាប លោកពិតជាបានចេញមុខខ្នះខ្នែង ដោយចូលរួមទាំងការរៀបចំ និងធ្វើពិធីករផង រហូតដល់ថ្នាក់មានការយល់ច្រទ្បំថានោះហាងធំដុំលើកដំបូងរបស់លោកនៅខេត្តសៀមរាប។ ប៉ុន្តែការពិតអាជីវកម្មដែលប្រើទុនដល់រាប់សែនដុល្លារនោះ មិនមែនជារបស់លោក ជារបស់គ្រួសារខ្លួន ឬជាហាងដែលមានភាគហ៊ុនរបស់ខ្លួននោះទេ ពោលគឺបណ្ដាលមកពីម្ចាស់ហាងដែលជាម្ចាស់ហាងកាហ្វេ ឆាវដយនៅសៀមរាប គឺជាមិត្តភក្តិស្និទ្ធស្នាលរៀននៅមហាវិទ្យាល័យជាមួយលោក និងបណ្ដាលមកពីលោកក៏ត្រូវការការស្វែងយល់ពីមុខរបរបើកហាងកាហ្វេនោះ ពីមិត្តភក្តិឲ្យបានល្អិតល្អន់ ទើបលោកចេញមុខខ្នះខ្នែង ដោយរំពឹងថានឹងទទួលបាននូវបទពិសោធន៍មួយ ហើយងាយស្រួលក្នុងការ ត្រៀមខ្លួន នៅពេលដែលលោកចង់ទិញប្រេនហាងកាហ្វេ ឆាវដយ ក្នុងពេលខាងមុខ។ លោកថាខ្លួនមានចំណូលចិត្តទិញប្រេនបើកហាងកាហ្វេធំៗបែបនេះក្នុងពេលខាងមុខ ខណ:ដែលលោកកាន់តែមានចំណូលចិត្តទ្វេឡើងនៅពេលទៅចូលរួមសម្ពោធហាងឆាវដយ នៅសៀមរាបរបស់មិត្តសម្លាញ់ ហើយបានកត់សម្គាល់ថាអាជីវកម្មរបស់ហាងធំដុំនោះទទួលបានការរីកចម្រើនមិនធម្មតា។ មកទល់ម៉ោងនេះ ខ្លួនកាន់តែពេញចិត្តក្នុងការសិក្សាស្វែងយល់ពីប្រេនរបស់ហាងកាហ្វេ ឆាវដយ ដោយសារតែលោកយល់ថាអាជីវកម្មមួយនេះ បើមានទុនធ្វើអាជីវកម្ម គឺពិតជាងាយស្រួលកើបផលចំណេញ ជាពិសេសសម្រាប់អ្នកជ្រើសត្រូវទីតាំង ដូចហាង ឆាវដយ នៅសៀមរាប។

បន្ថែមពីលើការបដិសេធថាហាង ឆាវដយ សៀមរាប មិនមែនជាសកម្មសិទ្ធិ ឬជាភាគហ៊ុនរបស់ខ្លួន លោកក៏បានប្រតិកម្មជុំវិញការលើកឡើងថាយីហោ ហាងនេះ គឺជាប្រេនរបស់វៀតណាមផងដែរ។ លោកថា អ្នកយល់ឃើញនោះ បណ្ដាលមកពីគិតតែមួយជ្រុងត្រង់សូរសៀង របស់ឈ្មោះហាង ដោយមិនបានស្វែងយល់ថានេះជាប្រេននាំចូលមកពីប្រទេសណា។ លោកសាហារ៉ា បន្តថា កាហ្វេ ឆាវដយ គឺជាយីហោល្បីមួយនៅក្នុងប្រទេសថៃ ហើយក្រៅពីនៅប្រទេសថៃ ហាងកាហ្វេយីហោនេះ ក៏បានវត្តមាននៅតាមបណ្ដាប្រទេសផ្សេងៗផងដែរ ដោយនេះគឺជាសាខាទី៥ នៅទើបថ្មោងថ្មីនៅខេត្តសៀមរាប។
លោកថាខ្លួនសំឡឹងឃើញពីការចាប់ផ្ដើមរបស់អាជីវកម្មនេះ តែលោកមិនទាន់ច្បាស់ថាខ្លួនមានលទ្ធភាពបោះទុននោះពេលណានោះទេ ដោយសារតែការទិញប្រេន និងធ្វើហាងឲ្យត្រូវស្ដង់ដាររបស់ឆាវដយ ក៏ប្រើទុនខ្ពស់ ហើយក៏ត្រូវការពេលវេលាគ្រប់គ្រងពេញលេញ៕

មតិយោបល់