ខុសពីពេលមុនៗ ដែលរមែងអោយឃើញពីមោទនភាព កញ្ញា ព្រះកាយ ច័ន្ទ បែរជាសម្ដែងនូវក្ដីកង្វល់ក្នុងគ្រាដែលនាងត្រូវបានប៉ុស្តិ៍លេខ៥ ប្រគល់តំណែងអោយជាតួឯកស្រីក្នុងរឿង«ពិសស្នេហ៍»ទៅវិញ។ នាងថានេះ ជារឿងទី១ ដែលតម្រូវអោយផាត់មុខលើសពីនារីរបាំ ហើយក៍ត្រូវពាក់មកុដ និងប្រើសំលៀកបំពាក់បុរាណ ដែលជាឈុតមានដំណមគួរអោយបារម្ភច្រើនអន្លើរ។
ក្នុងពិធីក្រុងពាលីរឿង«ពិសស្នេហ៍» កញ្ញា ព្រះកាយ ច័ន្ទ បានបង្ហាញពីទឹកមុខរីករាយលាយឡំនឹងក្ដីបារម្ភនៅពេលផ្ដល់បទសម្ភាសន៍ដល់បណ្ដាសារព័ត៌មាន។ នាងថា ខ្លួនសប្បាយរីករាយ ដោយសារតែអ្នកដឹកនាំរឿងនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានផ្ដល់ឱកាសឲ្យនាងសម្ដែងជាតួឯកស្រីតួឈ្មោះ រាជនីស្ងួន ដែលជាស្រី្ដរបាំនៅក្នុងរឿងនេះ។ អ្វីដែលធ្វើឲ្យនាងរំភើបនោះ គឺនាងជាអតីតសិស្សរបាំនៅក្នុងសាលាវិចិត្រសិល្បៈ ដែលមានការហាត់រៀនបានយ៉ាងត្រឹមត្រូវជិត២០ឆ្នាំមកហើយ ប៉ុន្ដែពុំដែលបានយកទេពកោលសល្យនេះ មកបង្ហាញទស្សនិកជនឡើយ។ ទោះយ៉ាងណានាងក៏បង្ហាញការ ព្រួយបារម្ភទៅលើសម្លៀកបំពាក់បុរាណ ពិសេសនោះគឺម្កុជ តែម្ដង។ ដោយនាងប្រាប់ទៀតថា ម្កុជរបស់នាងដែលត្រូវពាក់លើក្បាល ជាគំរូមកុដស្ដ្រីរបាំ តាំងពី១០០ឆ្នាំមុនម្លេះ ជាស្ត្រីរបាំលាបមុខស។ ហើយម្កុដ នេះពុំសូវមានច្រើនទេ ហើយក៏ពិបាកស្វែងរកដែរ។ ប្រសិនបើធ្វើក៏ត្រូវប្រើពេលយូដែរ ម្កុដដែលនាងយកមកគ្រងលើក្បាលនេះ គឺវាពុំទាន់ត្រូវក្បាល ឬត្រូវស្ដង់ដារនូវឡើយទេ។
ព្រះកាយ ច័ន្ទ បន្ដថា រាល់ក្បាច់រចនារបស់មកុដ និងឈុត គឺត្រឹមត្រូវតាមទម្រង់បុរាណទាំងអស់ តែខុសត្រង់មកុដនេះតូចជាងក្បាលរបស់នាង ព្រោះគេត្រូវយកមកពាក់ឲ្យគ្របថ្ងាស ប៉ុន្ដែមកុដតូចជាងក្បាល ដូច្នេះពេលពាក់ទៅម្កុដ មិនបានគ្របដល់ថ្ងាសតាមស្ដង់ដារ។ ដូច្នេះហើយនាងបារម្ភថា នឹងអាចទទួលរងការរិះគន់ពីប្រិយមិត្ដ និងអ្នកដែលមានជំនាញខាងរបាំបុរាណ។ ទោះព្រះកាយច័ន្ទ អះអាងថា នាងនឹងខិតខំស្វែងរកម្កុជនេះ ពីសំណាក់គ្រូ និងអ្នកអង្គម្ចាស់មួយរូបដែលមានម្កុដនេះនៅក្នុងដៃ។ ជាងនេះនាងនឹងយកឈុតសម្លៀកបំពាក់បុរាណ និងម្កុដនោះទៅរក្សាទុកដាក់នៅផ្ទះឲ្យបានល្អបំផុតរហូតដល់ថ្ងៃបញ្ចប់ការថត ព្រោះនាងជឿថា សំលៀកបំពាក់បុរាណបែបនេះមានការតំដមច្រើន មិនអាចទុកចោលផ្ដេសផ្ដាសឡើយ។
ពាក់ព័ន្ធនឹងការរាំរបាំវិញនោះ ត្រូវបាននាងអះអាងថា ទោះបីជានាងខានរាំរបាំបុរាណប្រហែល៧ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងគ្មានការបារម្ភទេ ព្រោះរាល់ក្បាច់មូលដ្ឋាននៃការរាំ និងទម្រង់នៃការរាំនាងចាំយ៉ាងច្បាស់ ពិសេសនោះមុនពេលថតចេញថតនាងបានព្យាយាមទៅហ្វឹកហាត់ជាមួយលោកគ្រួអ្នកគ្រូឡើងវិញ ដើម្បីធ្វើយ៉ាងណារំលឹកនូវទេពកោសល្យចាស់ឡើងវិញ។ ក្នុងរឿងនេះ ខ្ញុំនឹងប្រឹងប្រែងសម្ដែង នឹងហ្វឹកហាត់រាល់ចំណុចណាមួយដែលខ្ញុំយល់ថា វាមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញឲ្យបានល្អដើម្បីបម្រើអារម្មណ៍ពុកម៉ែបងប្អូន»៕















មតិយោបល់