ខុសពីតារាសម្ដែងភាគច្រើនដែលអោយតែបានសម្ដែងតួឯក គឺរមែងប្រើគ្រប់មធ្យោបាយដើម្បីអោយមហាជនមានការចាប់អារម្មណ៍ អ្នកនាងលីងលីង ដែលជាតួឯកស្រីក្នុងរឿង«អន្ទងវិញ្ញាណ»បានថ្លែងបញ្ជាក់ក្នុងពិធីសម្ពោធរឿងកាលពីល្ងាចថ្ងៃទី២២ មករា នៅផ្សារទំនើបអ៊ីអន២ថា អ្នកនាងសម្ដែងភាពយន្តមិនគិតរឿងចង់ល្បីតែមួយមុខនោះទេ អ៊ីចឹងហើយទើបអ្នកនាងរមែងប្រកាសប្រាប់គេឯងថាអ្នកនាងមានវ័យជាង៣០ឆ្នាំ មានស្វាមី និងមានកូន២នាក់ហើយ ដោយអ្នកនាងប្រាប់ថាបើមហាជនបានដឹងពីរឿងឯកជនរបស់ខ្លួន ហើយមិនគាំទ្រ ក៏អ្នកនាងមិនដឹងធ្វើយ៉ាងណា។
អ្នកនាងថាខ្លួនប្រើសមត្ថភាពដើម្បីការងារសិល្បៈ ហើយក៏ធ្វើអោយល្អផងដែរ ខណៈដែលអ្នកនាងប្រាប់ថានឹងពង្រឹងអោយខ្លាំងលើអាជីពចម្រៀងឡើងវិញ ក្រោយពីមានគេស្គាល់កាន់តែច្រើនក្នុងរឿង«ស្នូរជើងអ្នកណា» និងក្នុងរឿង«អន្ទងវិញ្ញាណ»ដែលទើបបើកសម្ពោធក្ដៅៗនេះ។
អ្នកនាង លីងលីង បានអះអាងថា អ្នកនាងគឺគ្រូពេទ្យឯកទេសទូទៅ ដោយមានស្វាមី និងមានកូន២នាក់ហើយ ប៉ុន្តែដោយសារតែអ្នកនាងស្រឡាញ់អាជីពចម្រៀង និងសម្ដែង ទើបអ្នកនាងសម្រេចចិត្តចូលសិល្បៈ ដោយបានស្វាមីជំរុញ និងគាំទ្រ។ អ្នកនាងថា ខ្លួនមិនដែលលាក់ប្រវត្តិពីរឿងមានស្វាមី មានកូន និងពីរឿងបានសម្ដែងព្រោះតែស្វាមីជួយជំរុញនោះទេ ដោយអ្នកនាងយល់ថាខ្លួនបានប្រើសមត្ថភាពយកមកបំពេញការងារជាជាងពឹងខ្សែ ទើបអ្នកនាងគឺមានតែប្រកាសថាអ្នកនាងមានស្វាមីមានកូន និងមានអាយុចូលពាក់កណ្ដាលមនុស្សហើយ។
យ៉ាងណាមិញអ្នកនាងថាខ្លួនសប្បាយចិត្តព្រោះតែទោះជាបើកចំហរប្រវត្តិក៏នៅតែមានការគាំទ្រ ដោយភាពយន្តដែលអ្នកនាងសម្ដែងជាតួឯកក្នុងរឿង«ស្នូរជើងអ្នកណា»កើបលុយម្ដងហើយ ទើបអ្នកនាងកាន់តែរំពឹងទៅទៀតថាភាពយន្តរឿង«អន្ទងវិញ្ញាណ»ដែលនឹងដាក់លក់សំបុត្រចាប់ពីថ្ងៃទី២៤ មករា នៅគ្រប់រោង នឹងកាន់តែស៊ីលុយទៀត ដោយសារភាពយន្តនេះ ត្រូវចិត្តចំពោះអ្នកនាងចូលចិត្តឈុតឆាកភ័យរន្ធត់បះសក់។ អ្នកនាងថាខ្លួនអត់ត្រូវការភាពល្បីព្រោះតែលាក់ប្រវត្តិនោះទេ ដោយនាងបញ្ជាក់យ៉ាងខ្លីថា បើគេដឹងថាអ្នកនាងមានប្ដីមានកូន និងមានអាយុច្រើនគួរសមហើយមិនចង់មើលការសម្ដែងរបស់អ្នកនាង ក៏អ្នកនាងនៅតែប្រកាន់ជំហរមិនលាក់បាំងការពិតពីខ្លួន។
លោក សែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia បានថ្លែងបញ្ជាក់ថា ការផលិតភាពយន្តរឿង«អន្ទងវិញ្ញាណ»នេះ លោកបានចំណាយអស់ច្រើនជាងរឿងជោគជ័យកន្លងមក ដោយភាពយន្តនេះ ក្រៅពីទៅថតដល់តំបន់សំខាន់ៗឆ្ងាយៗនៅកម្ពុជា ក៏ទៅថតដល់ប្រទេសថៃ ដើម្បីផ្ដិតយកប្លង់ខ្លះយកមកបង្អួតភ្នែកមហាជនផងដែរ។ លោកថាភាពយន្តមួយរឿងនេះ លោកធ្វើក្រាហ្វិកដើម្បីប្រកួតប្រជែងជាមួយភាពយន្តល្អៗក្នុងស្រុក ដោយមានគោលបំណងធំបំផុត គឺចង់នាំចេញក្រៅប្រទេស ជាពិសេសគឺប្រទេសជិតខាង។ លោកកាន់តែសប្បាយចិត្តដែលភាពយន្តមួយនេះ ទទួលបានការសរសើរមិនដាច់ពីមាត់ពីមន្ត្រីជាន់ខ្ពស់របស់នាយកដ្ឋានភាពយន្ត ហើយថែមទាំងត្រូវបណ្ដាអ្នកទស្សនាភាគច្រើននៅថ្ងៃសម្ពោធរឿងសរសើរថាល្អមើលដូចគ្នា ប៉ុន្តែលោកនៅតែមិនទាន់ហ៊ានសង្ឃឹមច្រើន។ លោកថាជោគជ័យក្នុងកម្រិតមួយខ្ពស់ ឬមិនខ្ពស់ គឺលុះត្រាមើលឃើញសន្ទស្សអ្នកទស្សនាចាប់ពីថ្ងៃដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី២៤ មករា តទៅថាមានកម្រិតណាសិន ទើបលោកអាចប្រកាសថាជោគជ័យសម្រាប់ស្នាដៃទាំងមូល។ យ៉ាងណាមិញលោកអះអាងដូចគ្នាថាភាពយន្តរបស់ខ្លួន គឺរឿង«ស្នូរជើងអ្នកណា» ដែលមានជារឿងឈុតទី១ជាមួយរឿង«អន្ទងវិញ្ញាណ»នេះ បានក្លាយជារឿងដែលកើបចំណូលបានខ្ពស់យ៉ាងខ្លាំង ក្នុងពេលដាក់បញ្ចាំងនៅក្នុងពេលនោះ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធនោះ គេឃើញផលិតករ និងតារាសម្ដែងចូលរួមសម្ពោធយ៉ាងច្រើនកុះករ ខណៈដែលអ្នកចូលរួមតិចណាស់ដែលមិននៅទស្សនា និងមិនទស្សនាដល់ចប់ ដោយ២រោងដែលបើកទទួលដល់ថ្នាក់រកកន្លែងអង្គុយអត់បាន ហើយសម្រាប់សាច់រឿងសុទ្ធតែមានអ្នកទស្សនារួចហើយលាន់មាត់ថាល្អមើលបះសក់៕
មតិយោបល់