ព័ត៌មានសិល្បៈ និងកម្សាន្ត

សុះ ម៉ាច ឲ្យ ចន ច័ន្ទលក្ខិណា ធ្វើបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ

មកទល់ពេលនេះ មានការលេចឮកាន់តែខ្លាំងថាសមាគមន៍សិល្បករខ្មែររបស់លោកសុះ ម៉ាច និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមរបស់អ្នកនាងចន ច័ន្ទលក្ខិណា មានគម្រោងរំលាយបញ្ចូលគ្នា ឬច្របាច់បញ្ចូលគ្នា ដោយលោកសុះ ម៉ាច អាចជាប្រធាន ហើយចន ច័ន្ទលក្ខិណា ជាអនុប្រធាន ឬចន ច័ន្ទលក្ខិណា អាចជាប្រធានតែម្ដង ដើម្បីអោយមាននារីបានក្លាយជាប្រធានម្ដង។ យ៉ាងណាក៏ដោយឆ្លើយតបនឹងបញ្ហានេះ ភាគីទាំងពីរបដិសេធ។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថាសមាគមទាំងពីរមិនមានគម្រោងរំលាយចូលគ្នាដូចការលេចឮនោះទេ ប៉ុន្តែលោកថានឹងក្លាយជាកិច្ចសហការរួមមួយ ដើម្បីអោយដំណើរការដឹកនាំសមាគមទាំងពីរអោយកាន់តែប្រសើរ។ យ៉ាងណាមិញ លោកថាអ្នកនាងចន ច័ន្ទលក្ខិណា នឹងអាចក្លាយជាប្រធានរបស់សមាគមសិល្បករខ្មែរ ដោយសារតែលោកនឹងសម្រេចលាលែងតំណែងជាប្រធាន ហើយកំណត់អោយមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី។

លោកថាក្នុងការបោះឆ្នោតនោះ លោកនឹងអញ្ជើញអ្នកនាងចន ច័ន្ទលក្ខិណា និងតំណាងសិល្បករមួយចំនួនអោយឈរជាបេក្ខភាពអោយគេបោះឆ្នោតអោយ ដោយតារាល្បីៗជើងចាស់មួយចំនួនក៏ត្រូវជ្រើសអោយឈរឈ្មោះផងដែរដើម្បីអោយមានបេក្ខភាពអ្នកចូលរួមបោះឆ្នោតពីគ្រប់ភាគីប្រកួតប្រជែងគ្នា។ លោករំពឹងថាសមាសភាពប្រធានថ្មី នឹងមានឥទ្ធិពលដឹកនាំសមាគមសិល្បករខ្មែរអោយបោះជំហានទៅមុខ ដោយសារតែសមាសភាពដែលលោកអញ្ជើញអោយធ្វើជាបេក្ខភាពអោយឈរឈ្មោះជាប្រធាន សុទ្ធតែមានសមត្ថភាពក្នុងកិច្ចការដឹកនាំតារាសិល្បៈ។ លោកថាលោកសម្រេចចិត្តមិនឈរជាប្រធានទៀតទេ ដើម្បីទុកអោយសមាសភាពដែលឈរជាបេក្ខភាពប្រធាន និងជាក្រុមប្រឹក្សាថ្មី មានឱកាសបញ្ចេញសមត្ថភាពជួយដល់សង្គមសិល្បៈទាំងមូល។ លោកថាអ្នកនាងចន ច័ន្ទលក្ខិណា រំលាយសមាគមរបស់ខ្លួនចោល ឬមិនរំលាយ ក្រោយអ្នកនាងបានជាប់ជាប្រធាន ឬជាក្រុមប្រឹក្សារបស់សមាគមគឺជាការសម្រេចចិត្តរបស់អ្នកនាង ប៉ុន្តែបើអោយសមាគមទាំងពីររំលាយបញ្ចូលគ្នាគឺ អត់មានទេ។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានអះអាងថាអ្នកនាងនឹងឈរជាបេក្ខភាពសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៧ ខែ៧ ឆ្នាំ២០១៧នោះ។ យ៉ាងណាមិញអ្នកនាងថាអត់មានរំលាយសមាគមរបស់ខ្លួនចោលទេ ដោយគ្រាន់តែអោយអ្នកផ្សេងទទួលខុត្រូវ ហើយអាចអ្នកនាងជួយជំរុញនៅពីក្រោយ។ អ្នកនាងថាខ្លួនក៏ចង់រួមចំណែកដឹកនាំសមាគមសិល្បករកម្ពុជាផងដែរទើបសម្រេចចិត្តឈរឈ្មោះ ដើម្បីពង្រឹងសកម្មភាពតារាអោយកាន់តែខ្លាំង៕

មតិយោបល់