ទោះមិនធ្លាប់បង្អួតភ្នែកមហាជន អោយបានស្គាល់មុខនាពេលកន្លងមក ប៉ុន្តែស្រីស្អាត កញ្ញា ម៉ារីណា ម៉ា រមែងប្រកាសជានិច្ចថា លោក ហេង ម៉ារ៉ាបីច ជាគូស្នេហ៍របស់នាង ស្រទ្បាញ់ និងយកចិត្តទុកដាក់ចំពោះនាងណាស់។ ប៉ុន្តែក្នុងពេលដែលនាងបង្ហាញមុខ ទៅកម្សាន្តនៅក្នុងប្រទេសថៃនាប៉ុន្មានថ្ងៃនេះ បែរជាមានកាប្រកាសថា នាង និង បុរសដែលនាងតែងសរសើរម្នាក់នោះ បែកបាក់គ្នាហើយ ទើបនាងទៅកម្សាន្តនៅដល់ថៃហើយ ប៉ុន្តែនៅតែមិនសប្បាយចិត្ត។
អ្នកដឹងរឿងរ៉ាវចុងក្រោយរបស់នាងទម្លាយថា កញ្ញា ម៉ារីណា ម៉ា បាក់បែកបុរសដែលនាងស្រលាញ់បំផុតនោះហើយ ទើបនាងតប់ប្រមល់ ហើយខឹងចិត្តហោះទៅលេងដល់ថៃ ដើម្បីគេចចេញពីស្ថានភាពអាប់អួរ។ នៅមិនទាន់ដឹងថា រវាងនាង និងគូស្នេហ៍តើអាចវិលត្រលប់ ឬ យ៉ាងណានៅឡើយទេ ប៉ុន្តែយោងតាមសកម្មភាពទៅកម្សាន្តនៅថៃរបស់នាង អមដោយការបង្ហោះថា មិនសប្បាយចិត្ត គឺអាចមិនទាន់ត្រូវគ្នា។ យ៉ាងណាមិញ មានការទម្លាយថា ចំណងស្នេហ៍នេះ នឹងត្រូវបែកខ្ចាយកាន់តែពិបាកភ្ជាប់ ប្រសិនបើនាងត្រលប់មកពីថៃវិញ នាអំឡុងដំណាច់ខែមករានេះ ហើយគ្មានការផ្សះផ្សារ។ ក្នុងពេលល្អូកល្អិន កញ្ញា ម៉ារីណា ម៉ា ធ្លាប់បានបញ្ជាក់ថា ប្រសិនបើបុរសដែលនាងស្រទ្បាញ់ ធ្វើអោយមានដំណាក់កាលបាក់បែក នោះនាងនឹងជ្រើសផ្លូវដើរមួយផ្សេង ជាពិសេសក្នុងពេលដែលនាងធ្លាប់បានដកខ្លួនពីការសម្ដែង ដើម្បីតម្រូវចិត្តបុរសម្នាក់នោះ ទាំងទីផ្សារមានការឈានឡើង ក្នុងមួយរយៈមុនទៅហើយ បែរជានៅតែគ្មានតម្លៃសម្រាប់ការលះបង់នោះ។ មានការប៉ាន់ស្មានថា បើតារាស្រីម្នាក់នេះ ពិតជាមិនអាចត្រលប់រកស្នេហាចាស់មែន គឺមិនខ្វះបុរសសំបូរទ្រព្យចូលខ្លួនមកអន្ទងនោះទេ ក្នុងពេលដែលនាងធ្លាប់អះអាងថា ក្នុងពេលសម្រេចចិត្តចាប់ដៃបុរសដែលទើបបែកបាក់ធ្វើជាគូស្នេហ៍ រូបនាងក៍មានបុរសពីរបីនាក់តាមស្នេហ៍ក្នុងពេលតែមួយ តែមិនធ្លាប់យកភ្នែកមើល។
គួរបញ្ជាក់ផងថា កញ្ញា ម៉ារីណា ម៉ា ធ្លាប់បានបង្ហាញខ្លួនក្នុងរឿង”គុំនុំស្នេហ៍ភ្លើងអាឃាត” រឿង”នារីបេះដូងដែក” រឿង”នរណាសំរក់ទឹកភ្នែកដើម្បីអូន” និងរឿង”មេឃុំក្រមុំ” ជាដើម ខណៈដែលនាងក៍បង្ហាញមុខក្នុងស្ពតរាប់មិនអស់នាពេលកន្លងមក។ យ៉ាងណាមិញ អ្នកធ្លាប់ដឹងពីស្នេហាល្អូកល្អិនរបស់នាង កំពុងចាំមើលថា រវាងនាង និង គូស្នេហា ប្រេះឆាររហូត ឬ មានផ្លូវត្រលប់វិញ៕
មតិយោបល់