កាលពីយប់ថ្ងៃទី២៦ មករា លោកសូ ស្រណោះ បានរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំ បង្ហាញពីជ័យជម្នះរបស់ក្រុម បន្ទាប់ពីកូនសិស្សរបស់លោកមួយក្រុម ទៅប្រកួតតន្ត្រី និងចម្រៀងអាស៑ានបូក២ នៅប្រទេសវៀតណាម។ បើទោះជាមិនបានពានជើងឯកចំណាត់ថ្នាក់លេខ១ ប៉ុន្តែលោកថា លទ្ធផលដែលបានស្ដែង គឺក្រុមកម្ពុជាមិនខុសពីជាប់ចំណាត់លេខ១នោះទេ ជាពិសេសបើគិតត្រឹមតែការប្រកួតលើវិញ្ញាព្យាណូ។
លោក សូ ស្រណោះ បានថ្លែងក្នុងពិធីជប់លៀងអបអរជ័យជម្នះរបស់ក្រុម នៅភោជនីយដ្ឋានទន្លេបាសាក់២ថា ចាត់ទុកថាជាលើកទី១ ដែលក្រោយបញ្ចប់ការប្រកួតក្រុមតន្ត្រីរបស់ស្រណោះតន្ត្រី ហើយក្រុមកម្ពុជា ទទួលបានមេដាយមាសចំនួន១១ មេដាយប្រាក់២៨ និងមេដាយសំរិទ្ធិ២ ក្នុងចំណោមវិញ្ញាសារ ដែលកម្ពុជាចូលរួមប្រកួត។ ក្នុងចំណោម១២ប្រទេស លោករំលឹកថា កម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់ Champion លេខ២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាមប៉ុណ្ណោះ ដោយសារតែវៀតណាម គេមានមេដាយមាសនាំមុខកម្ពុជា។ យ៉ាងណាមិញ លោកថាបើធៀបនឹងវិញ្ញាសារផ្នែកព្យាណូ គឺក្រុមកម្ពុជាទទួលបានមេដាយមាសច្រើនជាង ទើបលោកបានចាត់ទុកថា កម្ពុជាទទួលបានលទ្ធផលល្អជាង ដោយសារតែវៀតណាមជាម្ចាស់ផ្ទះ គេមានអទិភាព ហើយគេនាំមុខមេដាយមាសលើកក្រុមកម្ពុជា តែលើវិញ្ញាសារជាក្រុម ឬ Band ប៉ុណ្ណោះ។
ដូច្នេះហើយទើបលោកគិតថា កម្ពុជាជោគជ័យនាំមុខគេលើឆាកអន្តរជាតិ ដោយសារតែលោកចង់ក្ដោបក្ដាប់ពានលើវិញ្ញាសារព្យាណូ នាំមុខប្រទេស ដែលចូលរួមប្រកួតប៉ុណ្ណោះ។ លោកនិយាយថា «ការប្រកួតនឹងក្រៅពីមេដាយ គេអោយពានជើងឯកលេខ១ និងលេខ២ មួយទៀត សម្រាប់ប្រទេស ដែលមានមេដាយមាសសរុបបានច្រើនជាងគេ ហើយក្រុមកម្ពុជា បានចំណាត់ថ្នាក់លេខ២បន្ទាប់ពីម្ចាស់ផ្ទះ ប៉ុន្តែបើគិតលើវិញ្ញសាសព្យាណូ ដែលខ្ញុំធ្លាប់រំពឹងថា នឹងយកពានជើងឯកបាន គឺដូចតែលេខ១ចឹង ព្រោះក្នុងកម្មវិធីនឹងយើងដណ្ដើមបានមេដាយមាសច្រើនជាងគេលើវិញ្ញសារនឹង ហើយប្រទេសទាំង១២ សូម្បីតែវៀតណាមក៏ភ្ញាក់ផ្អើលចំពោះសមត្ថភាពក្រុមយើង!»។
លោក សូ ស្រណោះ បន្តថា កូនសិស្សពីកម្ពុជាដែលលោកបញ្ជូនទៅមានចំនួន៤០រូប ហើយលោកក៏មិននឹកស្មានថា ក្រុមរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់ដ៏ល្អបែបហ្នឹងនោះដែរ ជាពិសេសសម្រាប់វិញ្ញាសារព្យាណូ ដែលនៅប្រទេសកម្ពុជាទើបតែមានការកកើតនោះ។ លោកថាពិធីជប់លៀង ដែលបានធ្វើឡើង គឺជាការលើកទឹកចិត្តដល់សិស្សទាំងអស់ ហើយក៍ជាការបង្ហាញដល់សាធារណជនទាំងអស់ អោយស្គាល់ពីតម្លៃនៃការប្រឹងប្រែងរបស់កូនសិស្សរបស់លោក។ ក្នុងពិធីនោះ ក៍លោកបានអញ្ជើញមាតាបិតាសិស្ស និងភ្ញៀវកិត្តិយសមួយចំនួនអោយចូលរួមផងដែរ៕
មតិយោបល់