ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ នៅថៃ ចង់ប្រឡងកម្មវិធី Cambodian Idol វគ្គ២

ភ្នំពេញៈ បើនិយាយពីទឹកដមសំនៀងរបស់យុវជន ឈ្មោះ ដែន ដោយប្រសិទ្ធនាមខ្លួនឯងថា «ព្រាបសុវត្ថិ ទីពីរគ្មានបី » កំពុងបម្រើការងារជាកម្មករសំណង់នៅថៃ បានបង្ហាញគោលបំណងរបស់ខ្លួន ចង់ចូលរួមប្រឡង ក្នុងកម្មវិធី Cambodian Idol វគ្គ២ ប៉ុន្តែគ្មានលទ្ធភាព ព្រោះតែជួបថៅកែបោករហូត។
«ព្រាប សុវត្ថិ ទីពីរគ្មានបី » គឺជាអ្នកខេត្តបាត់ដំបង មានបងប្អូន ៨នាក់ តែលោកជាកូនទី៥ ក្នុងគ្រួសារដោយឪពុកម្តាយបានលែងលះគ្នា ជាហេតុដែលធ្វើឲ្យលោក រៀនបានត្រឹមថ្នាក់ទី ៥ តែប៉ុណ្ណោះ នឹងបន្តខ្សែជីវិតធ្វើជាកម្មករគេនៅលើទឹកដីថៃ ។

យុវជនដែលកំពុងល្បីល្បាញ នៅលើហ្វេសប៊ុក ដោយដាក់គណនីហ្វេសប៊ុកខ្លួនថា «ព្រាប សុវត្ថិ ទីពីរគ្មានបី » បានប្រាប់ Post News ពីទឹកដីថៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា ការដាក់ឈ្មោះថា «ព្រាប សុវត្ថិ ទីពីរគ្មានបី » នេះដោយសារតែលោកស្រឡាញ់ ទឹកដមសំនៀងលោក ព្រាប សុវត្ថិ ខ្លាំងពេក ទើបដាក់ឈ្មោះ យ៉ាងដូច្នោះ ។

ដែន ដែលមានឈ្មោះក្រៅដូចខាងលើ ក៏បានបង្ហើបថា ក្រោយចេះលេង ហ្វេសប៊ុក មក លោកក៏ចេះតែច្រៀងលេងៗ រួចបង្ហោះ មិននឹកស្មានថា ទទួលបានប្រជាប្រិយភាព យ៉ាងដូច្នោះទេ ដោយមានអ្នកលេងហ្វេសប៊ុក នាំគ្នាចែកចាយយ៉ាងព្រោងព្រាត ។
និយាយពីខ្សែជីវិត របស់យុវជន រូបនេះនៅលើទឹកដីថៃ វិញ ថា ធ្វើជាកម្មករនៅថៃ លោកតែងតែជួបនូវ ថៅកែបោករហូត ដែលធ្វើឲ្យខ្សែជីវិតរបស់លោក ជួបនូវផលលំបាក យ៉ាងខ្លាំង ។

យុវជនវ័យ ២៤ឆ្នាំ រូបនេះថា «ខ្ញុំចង់ចូលរួមប្រឡងកម្មវិធី Cambodian Idol វគ្គ២ ដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួនតាំងពីតូច តែគ្មានលទ្ធភាពត្រង់ថា ជួបថៅកែបោករហូតចឹង គ្មានប្រាក់ដើម្បីឡើងមកកាន់កម្ពុជាវិញ តែក៏សង្ឈឹមថា នឹងមានផលិតកម្មនៅក្នុងប្រទេសកម្ពុជា អាចហៅខ្ញុំសាកល្បង សំឡេង នៅថ្ងៃណាមួយ ជាក់ជាមិនខានឡើយ» ៕

ស្តាប់បទចម្រៀង លោក «ព្រាប សុវត្ថិ ទីពីរគ្មានបី » ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=DLP59ICPMhY&feature=youtu.be
 

13438879_159752094436193_1641586868563983800_n

មតិយោបល់