ព័ត៌មានជាតិ

ងោកមួយភាំង បើករថយន្តធ្លាក់ចូលស្នាមភ្លោះ

បន្ទាយមានជ័យ: រថយន្តយីឌុបធុនធំមួយគ្រឿង បើកធ្លាក់ចូលស្នាមភ្លោះ ដោយសារតែអ្នកបើករថយន្តងោកមួយភាំង ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នៅត្រង់ចំណុច ខាងត្បូងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចរាចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ តឿ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្រុងភ្នំពេញ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុនោះឈ្មោះ តឿ បានបើករថយន្តជាមួយព្រូរថយន្តយក្សប្រភេទយីឌុបក្បាលចម្រុះពណ៌ និងកន្ទុយពណ៌ ផ្ទៃមេឃ ពាក់ស្លាកលេខក្រុងព្រះសីហនុ១៤៦៣ បើកចេញពីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ដើម្បីប្រញាប់ទៅដឹកឥវ៉ាន់ទាំងយប់ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែអ្នកបើករថយន្តបានដេកលក់មួយភាំង បណ្តាលឲ្យរេចង្កូតទៅខាងឆ្វេងដៃក៏បុករះសសរ បង្ហាញផ្លូវរាបដល់ដី ក៏បើកទៅធ្លាក់ចូលស្នាមភ្លោះតែម្តង តែសំណាងល្អ អ្នកបើករថយន្ត និងព្រូពុំមានរបួសអ្វីនោះទេ។

ក្រោយពីកើតហេតុរួចដោយសារតែរថយន្តនោះពុំមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ សមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្តស្ទូចមកស្ទូចយកទៅជួសជុលខ្លួនឯង៕

មតិយោបល់