ព័ត៌មានសិល្បៈ និងកម្សាន្ត

ចំណាយត្រឹមជាង៣ម៉ឺនដុល្លារ តែផលិតករថា រឿង«ផ្ទះសរសរកណ្ដាល»ទាក់ទាញខ្លាំង

ខណៈដែលផលិតករភាគច្រើន ប្រកាសពីការចំណាយក្នុងការផលិតរឿងនីមួយៗរហូតដល់៦ទៅ៧ម៉ឺនដុល្លារ និងខ្លះថាដល់ជាង១០ម៉ឺន ឬអាចលើសនេះ ផលិតកររឿង«ផ្ទះសរសរកណ្ដាល»បានអះអាងថាចំណាយត្រឹមតែជាង៣ម៉ឺនដុល្លារប៉ុណ្ណោះក្នុងការផលិតរឿងនេះ។ យ៉ាងណាមិញលោកថាចំពោះគុណភាព និងស្ដង់ដារគឺលោកធានា ដោយលោកបញ្ជាក់ថាភាពយន្តដែលផលិតដោយផលិតករក្នុងស្រុក បើហ៊ានចំណាយដល់១០ម៉ឺន ឬជាង១០ម៉ឺនដុល្លារមែនពិតជាល្អឥតខ្ចោះ។

លោកឌៀប សុវណ្ណរ៉ា ចាងហ្វាងផលិតកម្មRed Picture បានអះអាងថា លោកមិនចូលចិត្តបំប៉ោងតួលេខផលិតរឿងនោះទេ ទើបរាល់ខ្សែរឿងដែលលោកផលិតឡើង មិនមានការចំណាយណាមួយលើពី៣បួនម៉ឺនដុល្លារនោះទេ។ លោកថារឿងខ្មែរចំណាយមិនលើសៗគ្នានោះទេ ប៉ុន្តែមកពីលោកមិនសូវចេះកុហក ទើបរាល់ភាពយន្តដែលលោកផលិតឡើងត្រូវបានប្រកាសចំណាយតិតជាងគេ ដោយសត្រឹមតែ៣ទៅ៤ដុល្លារមិនលើសហ្នឹង។ យ៉ាងណាមិញ លោកមិនហ៊ានសំដៅថាផលិតករដែលបានប្រកាសថាចំណាយថតរឿងដល់១០ម៉ឺន ឬច្រើនជាងនេះ ជាការបំប៉ោងនោះទេ ដោយលោកគ្រាន់តែបានបញ្ជាក់ថា បើរឿងដុំខ្មែរចំណាយដល់ខ្ទង់នោះមែន គឺភាពយន្តខ្មែរពិតជាល្អជាងរឿងដែលផលិតមុនៗដាច់ឆ្ងាយ។ លោកថារឿង«ផ្ទះសរសរកណ្ដាល» លោកចំណាយមិនច្រើននោះទេ ប៉ុន្តែចំពោះគុណភាពគឺហ៊ានធានាថាទទួលយកបាន ដោយសារតែបទពិសោធន៍បានបង្រៀនអោយលោកអាចផលិតភាពយន្តបានកាន់តែល្អ ដើម្បីប្រជែងទីផ្សារ។ លោកថាខ្លួនមានស្ទីឌីយោផ្ទាល់ខ្លួន មានសម្ភារៈថតគ្រប់គ្រាន់ និងមានក្រុមការងារខ្លួនឯង ទើបការចំណាយក្នុងការផលិតរឿងកន្លងមកមិនខ្ពស់ណាស់ណា។ លោកនិយាយថា«ការពិតការផលិតរឿង ខ្ញុំថាអស់ត្រឹមតែ៣-៤ម៉ឺនអីហ្នឹងទេ ប៉ុន្តែមកពីខ្ញុំអត់ចេះកុហកដូចគេ ទើបគេថារឿងខ្ញុំចំណាយតិចជាងគេ!»។ ចំណូលផលិតមិនដល់៤ម៉ឺនដុល្លារនោះ លោកថាក៏ទាក់ទាញបានតារាសម្ដែងល្បីដូចជាពែកមី លោកប៉ែន ចំរ៉ុង និងលោកជា សុវណ្ណនរាហ៍ជាដើមអោយសម្ដែងនោះផង។

លោកឌៀប សុវណ្ណរ៉ា បន្តរឿងដែលលោកផលិតឡើងដ្បិតថាចំណាយត្រឹមតែក្រោម៤ម៉ឺន តែសម្រាប់គុណភាពគឺធានា១០០ភាគរយ មិនចាញ់ភាពយន្តដែលអះអាងថាចំណាយដល់៦ទៅ៨ម៉ឺនដុល្លារនោះទេ។ លោកថាភាពយន្តរឿង«ផ្ទះសរសរកណ្ដាល»ជារឿងពាក់ព័ន្ធនឹងឈុតឆាកភ័យរន្ធត់ ដោយបានចំណាយពេលថតប្រមាណជាង៣ខែ ដោយមិនទាន់រាប់បញ្ចូលពេលវេលានិពន្ធរឿង និងកាត់ត។ រឿងនេះនឹងដំណើរការបញ្ចាំងនៅថ្ងៃទី៨ មិនា ខាងមុខ ដោយលោករំពឹងយ៉ាងខ្លាំងថានឹងនឹងជោគជ័យមិនចាញ់រឿង«ទង់ព្រលឹង» និងរឿង«ភូមិអត់មនុស្ស»នោះឡើយ។ រឿងថារឿងលោកផលិតទាំង៣ចំណាយទុនមិនសូវលើសគ្នានោះទេ ប៉ុន្តែសម្រាប់គុណភាពគឺរឿង«ផ្ទះសរសរកណ្ដាល»​ មានកម្រិតគុណភាពល្អជាង២មុននោះផង ទើបលោករំពឹងខ្ពស់សម្រាប់ការបើកសម្ពោធដាក់បញ្ចាំង។

ក្នុងពិធីសម្ពោធនោះ គេឃើញវត្តមានតារាសម្ដែង និងតារាចម្រៀងមួយចំនួនបង្ហាញខ្លួនផងដែរ បើទោះមិនច្រើនកុះករ។

មតិយោបល់