ព័ត៌មានជាតិ

ទាស់សម្ដីគ្នាក្លាយជាហិង្សា បុរសវ័យ ៦៨ឆ្នាំ ធ្លាប់ហាត់គុនល្បុកតោ វាយទាត់បុរសអាយុ ៤២ឆ្នាំ របួសទៅមន្ទីរពេទ្យ ចុងក្រោយស្លាប់..

កណ្តាលៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែមក ឆ្នាំ ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុចមុខផ្ទះជនសង្ស័យ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហុង តារ៉ា ហៅព្រឹង ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ (ស្លាប់)។ ជនសង្ស័យឈ្មោះ អ៊ូរ លាម ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖ (គ្មាន) ជនរងគ្រោះ បានរងរបួសប៉ះពាល់ផ្លោកនោម និងបង្ហួរនោម ទៅព្យាបាលនៅមន្ទីរពេទ្យកេតុមាលា (1.79) ស្លាប់។

សមត្ថកិច្ច បានឲ្យដឹថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រាស្រវឹង ហើយមកក្បែរផ្ទះជនសង្ស័យ ពេលនោះឆ្កែព្រូស ជនសង្ស័យបានយកបន្ទះរនាបឫស្សី ចេញមកវាយឆ្កែ វាក៏រត់បាត់ ឃើញដូចនេះ ជនរងគ្រោះបានជេរជនសង្ស័យ រួចថែមទាំងដើរមកវាយលើជនសង្ស័យទៀត ទើបត្រូវជនសង្ស័យតដៃ ទាត់១ជើង និងវាយ១ដៃដួលអុកគូថ
សន្លប់១សន្ទុះ ក៏ត្រូវអ្នកជិតខាងជួយយកជនរងគ្រោះ ទៅផ្ទះហើយបញ្ជូនទៅមន្ទីរពេទ្យកេតុមាលា(1.79)។

តាមការបំភ្លឺរបស់ឈ្មោះ ហុង ចាន់នឿន ភេទស្រី អាយុ៣១ឆ្នាំត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា៖ បងខ្លួនពោះម៉ាយកូន២នាក់ មកនៅជាមួយខ្លួនរយៈពេល៥ឆ្នាំហើយ នៅថ្ងៃកើតហេតុខ្លួននៅផ្ទះ ស្រាប់តែឃើញអ្នកភូមិដឹកបងមកដល់ ក្នុងសភាព សន្លប់មិនដឹងខ្លួន ទើបបញ្ជូនគាត់ទៅពេទ្យកេតុមាលា(1.79) ភ្លាមៗនោះលោកគ្រូពេទ្យធ្វើការវះ កាត់ផ្លោកនោមនិង បង្ហួរនោមជនរងគ្រោះ។ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញមកសម្រាកនៅផ្ទះ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទីរសៀល ទើបស្លាប់។

បញ្ជាក់៖ ជនសង្ស័យធ្លាប់ហាត់ក្បាច់គុនល្បុកតោ និងការ៉ាត់តេដូ រយៈពេល ៣ឆ្នាំ ។ នៅថ្ងៃកើតហេតុប្អូនប្រុសជនរងគ្រោះ រវល់យកបងទៅពេទ្យថ្ងៃទី៣០ ខែកមរា ឆ្នាំ២០១៩ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់។ ករណីនេះ កម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់