ភ្នំពេញៈ ក្រោយពីគណនេយ្យក្លែងក្លាយមួយ បានបង្ហោះនារីគ្រោះថ្នាក់២នាក់ ដោយម្នាក់មានមុខមាត់ស្រដៀងតារាកំប្លែងខ្ញុង ហើយបានសរសេរថា អ្នកនាងខ្ញុងស្លាប់ហើយ កាលពីព្រឹកថ្ងៃទី៨ កក្កដា នេះ បានធ្វើឲ្យម្ដាយ និងក្រុមគ្រួសាររបស់នាងស្លន់ស្លោយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយមកទល់ម៉ោងនេះ ស្ថានភាពភ្ញាក់ផ្អើលត្រូវបានបញ្ចប់ហើយ។
តារាកំប្លែងអ្នកនាង ស្រេង កាន់ដា ហៅខ្ញុងបានថ្លែងប្រាប់ Postnews មុននេះបន្តិចថា អ្នកនាងមិនមានរឿងភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីមានការសរសេរបង្ហោះថា អ្នកនាងស្លាប់ហើយ ក្នុងឧប្បទ្ធហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងពេលដែលអ្នកនាងមិនដឹងខ្លួនទាល់តែសោះ។ អ្នកនាងថា នោះមិនមែនជារឿងចម្លែកនោះទេ សម្រាប់សម័យអ៊ីនធឺណិត ដែលចេះតែផ្សាយព័ត៌មានមិនពិតធ្វើឲ្យមានរឿងឆោរឡោ។ ប៉ុន្តែ អ្វីដែលអ្នកនាងភ្ញាក់ផ្អើល គឺម្ដាយរបស់អ្នកនាង និងបងប្អូនរបស់អ្នកនាងនាំគ្នាភ័យស្លន់ស្លោហើយទូរស័ព្ទមកនាងទាំងទឹកភ្នែកភ័យរន្ធត់។ អ្នកនាងថា តាំងពីព្រឹកមកទល់ម៉ោងនេះ អ្នកនាងទទួលលេខទូរស័ព្ទពីបងប្អូន មិត្តភ័ក្រ្ត និងអ្នកគាំទ្រស្ទើរតែគ្រប់នាទី បន្ទាប់ពីមានការបង្ហោះមិនពិត ពាក់ព័ន្ធនឹងរឿងផ្អើលថា នាងស្លាប់នោះ។
អ្នកនាងនិយាយថា «រូបនឹងមិនមែនជាសកម្មភាពថតរបស់ខ្ញុំទេ ហើយក៏អត់ដឹងថា អ្នកបង្ហោះបានពីណាដែរ តែខ្ញុំសូមប្រាប់ថា អ្នកស្លាប់នឹងមិនមែនខ្ញុំទេ ចឹងសូមមេត្តាកុំយល់ច្រលំ ម្យ៉ាងរូបនឹងមើលមួយភ្លែតច្រលំខ្ញុំមែន ប៉ុន្តែបើមើលឲ្យយូរមិនមែនខ្ញុំទេ ព្រោះខ្ញុំអត់ដែលស្លៀកខោខ្លីចឹងទេ!»។
អ្នកនាងចាត់ទុកអ្វីដែលបានបង្ហោះឡើងគ្រាន់តែចង់ល្បីគណនេយ្យ ឬផេកដែលគេបានបង្កើត និងចាត់ទុកថា នោះរឿងអត់បានការ ដែលអ្នកនាងគិតថា មិនគួរនឹងប្រតិកម្មណាមួយនោះឡើយ។
អ្នកនាងគ្រោងនឹងធ្វើឲ្យសាបនូវការយល់ច្រលំទាំងឡាយ ជាមួយនឹងការបង្ហោះវីដេអូបកស្រាយ ដើម្បីបញ្ជាក់ថា រូបនាងពិតជាមិនបានស្លាប់ដូចអ្វីដែលធ្វើឲ្យម្ដាយ និងបងប្អូនរបស់អ្នកនាងស្លន់ស្លោអស់មួយព្រឹកនោះ។
ជាមួយនឹងការប្រកាសនេះ អ្នកនាងសូមអំពាវនាវឲ្យឈប់ឆោរឡោពាក់ព័ន្ធនឹងរូបស្លាប់នោះ និងថានោះគ្រាន់តែជារូបដែលមើលទៅស្រដៀងអ្នកនាង ហើយក៏ត្រូវគេយកមកបង្ហោះថា ជានាងធ្វើឲ្យផ្អើលប៉ុណ្ណោះ៕
មតិយោបល់