ព័ត៌មានសិល្បៈ និងកម្សាន្ត

មកស្គាល់អ្នកនៅពីក្រោយខ្នង ការបញ្ជូនបុរសឯក អោយចេញប្រកួតហូរហែរលើឆាកអន្តរជាតិ

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថា កម្ពុជាមានលទ្ធភាពបញ្ជូនបុរសឯកអោយទៅប្រកួតនៅក្រៅប្រទេស ស្ទើរមិនសូវបាត់មុខ មួយព្រឹត្តិការណ៍ប្រកួតលើឆាកអន្តរជាតិតែម្ដដង ដោយបេក្ខភាពដែលបានតំណាងកម្ពុជាទាំងនោះ ច្រើនទទួលបានលទ្ធផលត្រលប់មកវិញ។ យ៉ាងណាមិញគេចាប់អារម្មណ៍ថា មិនសូវមានមហាជនច្រើនទេ ដឹងថាតើបុគ្គលណាមួយ គឺជាអ្នកនៅពីក្រោយការបញ្ជូនបេក្ខភាពអោយចេញប្រកួត ស្ទើរតែគ្រប់កម្មវិធីនៅក្រៅប្រទេសមួយនេះ។

ប្រភពពីក្រុមហ៊ុន Agency ដែលជាអ្នកជ្រើសរើស និងជាអ្នករៀបចំការប្រកួត ដើម្បីទទួលបានបេក្ខភាពអោយតំណាងកម្ពុជា បានអះអាងថា ក្រុមហ៊ុនជ្រើសរើសបានត្រឹម តែមានលទ្ធភាពស្វែងរកអ្នកមានសមត្ថភាព និងរូបសម្បត្តិដើម្បីអោយត្រៀមចេញប្រកួតប៉ុណ្ណោះ ប៉ុន្តែបើគ្មានការទ្រទ្រង់នូវថវិកា និងការចំណាយទាំងស្រុងក្នុងការបញ្ជូនចេញនោះ ក៏ក្រុមហ៊ុនដែលតែងតែបញ្ជូនបុរសឯកកម្ពុជា អោយចេញប្រកួតមិនអាចទៅរួចនោះដែរ។ ក្រុមហ៊ុនដដែលបន្តថា ការបញ្ជូនបុរសឯកអោយចេញប្រកួតនៅក្រៅប្រទេស ពិបាកស្វែងរកស្ពុនស័រ ខ្លាំងណាស់ ដោយសារតែការប្រកួតមួយនេះ ត្រូវការចំណាយច្រើន ហើយក៏មិនមានក្រុមហ៊ុន ឬបុគ្គលណាមួយដែលហ៊ានចំណាយដដែលៗ ដើម្បីលើកមុខលើកមាត់កម្ពុជា។

ប្រភពពីក្រុមហ៊ុនដដែលបានអះអាងថា ស្ថានភាពឈានឡើងរបស់កម្ពុជា ដែលមានលទ្ធភាពបញ្ជូនបេក្ខភាពបុរសឯក អោយចេញប្រកួតក្នុងព្រឹត្តិការណ៍ ផ្សេងនៅក្រៅប្រទេសនាពេលចុងក្រោយ គឺដោយសារតែបានការជ្រោមជ្រែងពីលោកតូនី ដែលអ្នកសិល្បៈភាគច្រើនស្គាល់ថា ជាអ្នកមានទំនាក់ទំនងស្និទ្ធិ នឹងអ្នកសិល្បៈប៉ុណ្ណោះ។ លោក តូនី ម្ចាស់គ្លីនិកធ្មេញវីលៀម បានទទួលស្គាល់ថា លោកពិតជាបានរួមចំណែកជ្រោមជ្រែង អោយបេក្ខភាពដែលក្រុមហ៊ុនជ្រើស បានអោយបានចេញប្រកួតនៅក្រៅប្រទេស ក្នុងពេលចុងក្រោយ តែលោកប្រកែកថា ខ្លួនមិនមែនជាអ្នកបញ្ជូនចេញ ឬជាអ្នករៀបចំដើម្បីអោយបេក្ខភាពណា បានចេញប្រកួតនោះទេ។ លោកថាខ្លួនគ្រាន់តែជាអ្នកស្ពុនស័រ តាមការដាក់សំណើររបស់ក្រុមហ៊ុន ដើម្បីអោយបេក្ខភាព ដែលក្រុមហ៊ុនជ្រើសបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិប៉ុណ្ណោះ ខណៈដែលលោកត្រូវចំណាយ មិនក្រោម៥ពាន់ដុល្លារ សម្រាប់មួយប្រកួតៗនោះទេ រាប់ទាំងការចំណាយលើការបញ្ជូនចេញ និងការឌីហ្សាញសំលៀកបំពាក់អោយបេក្ខភាពទាំងនោះ បានគ្រងលើឆាកអន្តរជាតិ។

លោកថាមិនមែនត្រឹមតែការប្រកួតបុរសឯកលើឆាកអន្តរជាតិនោះទេ ដែលលោកជ្រោមជ្រែងសូម្បីតែកម្មវិធីសិល្បៈផ្សេងៗ ឬតារាប្រុសស្រី ទាំងឡាយខ្វះខាត អោយតែលោកបានដឹង គឺចេញមុខជ្រោមជ្រែងទាំងអស់ ទើបក្នុងរយៈពេលចុងក្រោយ លោកនិងតារាសិល្បៈមានទំនាក់ទំនង នឹងគ្នាជិតស្និទ្ធិ។ ជាក់ស្ដែងលោកក៏ជួយជ្រោមជ្រែង អោយបណ្ដាផលិតករខ្លះ និងផលិតកម្មខ្លះ បានដំណើរការសកម្មភាព ក្នុងការលើកស្ទួយភាពយន្ត និងវិស័យចម្រៀងផងដែរ នៅពេលដែលលោកដឹងថា ផលិតករ ឬក្រុមហ៊ុននោះប្រឈមនឹងការក្ស័យធន។ ជាក់ស្ដែងនៅក្នុងពេលនេះ លោក្រូវគេដឹងថា បានចំណាយទាំងស្រុងលើការបញ្ជូនបេក្ខភាពមួយរូបគឺលោក បញ្ជា តារា ចេញទៅប្រកួតនៅក្នុងប្រទេសថៃ ដោយគ្រោងចំណាយមិនក្រោម៥ពាន់ដុល្លារទាំងការច្នៃឈុតតំណាងជាតិ។

ជាមួយនឹងការបង្ហើបអោយដឹងនេះ ទើបគេឃើញតារាសិល្បៈស្ទើរគ្រប់ជំនាន់ គោរពស្រឡាញ់លោកតូនី ដូចជាតារារៀមច្បងម្នាក់ ដោយអ្នកសិល្បៈមួយចំនួន ក៏តែងនិយមហៅលោកថា ឧកញ៉ាតូនៅ ដោយសារតែយល់ថា គឺរៀមច្បងចិត្តល្អដែលឈឺឆ្អាលគ្រប់រឿង ចំពោះអ្នកសិល្បៈ។ យ៉ាងណាមិញ លោកតូនី បានអះអាងថា អ្វីដែលលោកបានជួយអ្នកសិល្បៈកន្លងមក លោកមិនដែលបញ្ចេញមុខទេ ទើបធ្វើអោយមនុស្ស មិនច្រើនដឹងថា លោកបានចំណាយកម្រិតណា និងលះបង់កម្រិតណា ដើម្បីជួយដល់អ្នកសិល្បៈ ជាពិសេសអ្នកមានសមត្ថភាព ហើយអត់លទ្ធភាពចេញទៅប្រកួតតំណាងប្រទេស ដើម្បីកេរ្តិ៍ឈ្មោះខ្លួនឯងនោះ៕

មតិយោបល់