ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡោ សុវណ្ណរត្ន័ នៅតែពុះពារក្នុងអាជីព

បើទោះជាបានប្រឡូកការសម្ដែងច្រើនរឿង តែតារាសម្ដែង លោក ឡោ សុវណ្ណរត្ន័ ហៅចន នៅតែត្រូវគេកត់សម្គាល់ថា មិនទាន់ទទួលបានជោគជ័យ ក្នុងការកញ្ឆក់បានប្រជាប្រិយភាពពីមហាជនបានច្រើននៅឡើយទេ។ យ៉ាងណាមិញ លោកនៅតែអះអាងថា ខ្លួននឹងប្រឹងពុះពារ ខណៈដែលអាជីពសិល្បៈ នាពេលចុងក្រោយ ក៏ចាប់ផ្ដើមឈានឡើង។

លោក ឡោ សុវណ្ណរត្ន័ បានអះអាងថា រយៈពេល២ឆ្នាំក្រោយក្លាយជាតារាបង្ហាញម៉ូដ លោកប្រលូកបានការសម្ដែងជាច្រើន ដូចជាបានសម្ដែងក្នុងរឿង «ឆន្ទា» រឿង «ផ្កាថ្ម» រឿង«ភ្លើង» រឿង «ទាយាទអសុរកាយ» រឿង«ស្នាមសាក់» រឿង«អន្ទងវិញ្ញាញ» រឿង«រនាថឯក» និងរឿង«ជីវិតអ្នកចម្រៀង»។ ក្នុងនោះ ការងារបង្ហាញម៉ូដ និងស្ពតក៍លោកទទួលបានច្រើនផងដែរ។ លោកទទួលស្គាល់ ការងារសិល្បៈក្នុងរយៈពេលចុងក្រោយ បានត្រឹមតែជួយអោយបណ្ដាផលិតករ និងអ្នកសិល្បៈស្គាល់ជាងមុនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ស្រទាប់មហាជន នៅមានកម្រិតនៅឡើយទេ ទើបក្នុងពេលខ្លះ លោករៀងបាក់ទឹកចិត្តម្ដងៗផងដែរ ដោយសារតែប្រឡូកសិល្បៈច្រើនដែរហើយ ប៉ុន្តែពាក្យដ៏ពេញនិយមមួយ គឺល្បីឈ្មោះ នៅមិនទាន់ក្ដោបក្ដាប់។ យ៉ាងណាមិញ លោកប្រកាសថា មិនលាឈប់សិល្បៈដែលខំតស៑ូនោះទេ គឺនៅតែបន្តពុះពារ បើទោះជាការសម្ដែង ដែលលោកបានប្រឡូក គឺល្អតែមើល ប៉ុន្តែភាពមានបាន ក៏មិនទាន់ហុចអោយ ហើយថែមទាំងភាពល្បីល្បាញក៏នៅឆ្ងាយ។

លោក ចន បន្តថាឆ្នាំ២០១៩ ថ្មីៗនេះ លោកទើបទទួលថតរឿងមាន៖ «វិញ្ញាស្នេហ៍» រឿង«ភរិយា» រឿង«ឧក្រិដ្ឋជន» រឿង«ខ្សែដៃមួយ» បូកទាំងថតស្ពត៤ទៅ៥ទៀត ដោយលោករំពឹងថា ការងារថ្មីៗដែលខ្លួន កំពុងតស៑ូ នឹងហុចផលអោយលោកខុសពីមុន៕

មតិយោបល់