ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា ថាមិនរត់ចោលថោន ក្នុងពេលកំដៅរឿងចូលហង្សមាស កាន់តែឡើង

ខណ:ដែលមានការអះអាងកាន់តែច្បាស់ៗឡើង ជុំវិញភាពត្រូវរ៉ូវគ្នាជាសម្ងាត់ថា តារាចម្រៀង មាស សុខសោភា នឹងចូលហង្សមាស ក្រោយបញ្ចប់ការងារចូលឆ្នាំខ្មែរ នៅអំឡុងខែ៤ខាងមុខនោះ តារាចម្រៀងរូបនេះ បានអះអាងថា នាងមិនរត់ទៅណាចោលផលិតកម្មថោននោះទេ ដោយនាងបញ្ជាក់ថា ពេលនេះម៉ោងនេះ នាងគឺនៅតែជាតារាចម្រៀងរបស់ថោន នឹងគ្មានការលួចចុះកុងត្រា ជាសម្ងាត់ណាមួយជាមួយហង្សមាស នោះឡើយ។ នេះជាបកស្រាយទប់ នឹងការបញ្ចេញព័ត៌មានពីក្រុមអ្នកនិពន្ធ និងក្រុមការងាររបស់នាងជាច្រើននាក់ ដែលអះអាងថា នាងនឹងចូលហង្សមាសនៅចូលឆ្នាំខ្មែរ បន្ទាប់ពីហង្សមាស និងនាងបានត្រូវរ៉ូវគ្នាជុំវិញករណីនេះរួចហើយ។

មាស សុខសោភា បានថ្លែងក្នុងកិច្ចសម្ភាសន៍ជួបផ្ទាល់មួយថា កញ្ញាអត់មានបានរត់ចោលផលិតកម្មថោននោះទេ បើទោះជានាងបានបញ្ចប់កុងត្រា ជាមួយផលិតកម្មនេះ ហើយមិនមានការកុងត្រាជាថ្មីណាមួយក្ដី។ នាងថាព័ត៌មានរត់ចូលហង្សមាស គឺជារឿងច្រំដែល ដែលបានកើតឡើង រួចមកហើយ ដោយគ្រាន់តែការលេចឮលើកនេះ មានភាពកក្រើកជាងមុន ហើយធ្វើឲ្យនាង និងក្រុមការងាររបស់ផលិតកម្មថោន មើលមុខគ្នាមិនចំ។ នាងថាពេលនេះម៉ោងនេះ នាងគឺនៅតែជាតារាចម្រៀងរបស់ផលិតកម្មថោន ដោយនាងអត់បានលួចចុះកុងត្រា ជាមួយផលិតកម្មហង្សមាស ដូចអ្វីដែលបានលើកឡើងនោះទេ។

យ៉ាងណាមិញ នាងនៅតែមិនបានបញ្ជាក់ជំហរ ក្នុងកិច្ចសម្ភាសន៍នោះថា នាងនឹងនៅបន្តច្រៀងឲ្យថោន រហូតដល់ពេលណាៗ ដើម្បីបន្សាបចំពោះការលើកឡើង ដែលថាក្នុងប៉ុន្មានខែខាងមុខនាង នឹងរត់ទៅជ្រកនៅហង្សមាសនោះឡើយ។ មាស សុខសោភា បានត្រឹមតែថា នាងនឹងបន្តការងារជាមួយផលិតកម្មថោន និងទូរទស្សន៍ថោន ដោយគម្រោងចេញបទល្អនៅក្នុងអំឡុងពេលចូលឆ្នាំ និងគម្រោងចាប់ដៃ ជាមួយដៃគូចេញបទប្លែកជាច្រើនទៀត តែមិនព្រមបញ្ជាក់ឲ្យអស់ចម្ងល់ថា នាងនឹងច្រៀងនៅថោនរហូតប៉ុណ្ណេះឆ្នាំប៉ុណ្ណោះឆ្នាំបន្តទៀត ដែលអាចឲ្យគេទុកចិត្តថាគឺទោះជាប៉ុន្មានខែក្រោយក៏នាងនៅតែបន្តការងារជាមួយផលិតកម្មថោន។

នាងនិយាយថាដំណឹងចូលហង្សមាស គឺជារឿងភ្ញាក់ផ្អើល ហើយបណ្ដាលមកពីនាងចង់ឲ្យព័ត៌មាននេះ សាបរលាបទៅឯងៗ ទើបនាងមិនខ្វល់ចេញមុខបកស្រាយ ឬនិយាយជាវីដេអូឃ្លីប ដើម្បីស្រាយបំភ្លឺ។ នាងថាហេតុផលដែលនាំឲ្យព័ត៌មាននេះកាន់តែផ្ទុះខ្លាំង គឺបណ្ដាលមកពីនាង ទើបនឹងដាច់កុងត្រាជាមួយថោន ហើយក៏ស្របគ្នាដែលនាងមិនចេញមុខបកស្រាយណាមួយដើម្បីបន្សាប។

មាស សុខសោភា មិនបានបញ្ចេញប្រតិកម្មណាមួយ ជុំវិញការទម្លាយថា នាងលួចត្រូវរ៉ូវជាមួយហង្សមាសនោះទេ ដោយនាងនៅតែសង្កត់ធ្ងន់ថា ពេលនេះម៉ោងនេះនាង នៅតែជាតារាចម្រៀងថោន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅតែយល់ស្របថា ការទម្លាយថា នាងនឹងដើរចេញពីថោនចូលហង្សមាស នៅពេលខាងមុខគឺអាចកើតឡើង។ ជាមួយនឹងការបកស្រាយនេះ ធ្វើឲ្យអ្នកគាំទ្រស្ងប់ចិត្ត ប៉ុន្តែម្នាក់ៗនៅមិនទាន់ជឿជាក់ថា នាងនឹងមិនរត់ចោលទាំងស្រុងនោះទេ ដរាបណារយ:ពេលក្រោយចូលឆ្នាំខ្មែរ ដែលបានអះអាងថា នៅមិនទាន់មកដល់៕

មតិយោបល់