ភ្នំពេញៈ ចាប់តាំងពីបានប្រកាសផ្ដាច់ខ្លួនពីផលិតកម្ម Phleng Record របស់ហង្សមាស គេកត់សម្គាល់ថា តារាចម្រៀងស្រីនាង គៀត សុវណ្ណាឡាង មានយីអ៊ុនផ្ទួនៗតែម្ដង នៅក្នុងវិស័យភាពយន្ត។ ជាមួយគ្នានោះដែរ នាងក៏ទើបនឹងបានកុងត្រាទទួលតំណែងតួធំគួរឲ្យចាប់អារម្មណ៍មួយ ក្នុងរឿងភាគក្រោមចំណងជើងថា “ភក្ដីស្នេហ៍ទ្វេភព” របស់ PNN ដែលត្រូវគេដឹងថា ជារឿងចំណាយការផលិតខ្ពស់មិនធ្លាប់មានផងដែរ។
នៅក្នុងរឿងភាគថ្មីនេះ គេឃើញចម្រុះដោយតារាសុទ្ធតែមានឈ្មោះបោះសំឡេងដូចជា លោក អ៊ុន សុធា លោក លឹម ជាឡាយ និងតារាសម្ដែងល្បីៗជាច្រើនទៀត ដោយ គៀត សុវណ្ណាឡាង គឺជាតួធំស្រី ដែលមានភក្ដីស្នេហ៍ស្មោះស្ម័គ្រមិនខុសពីតួអង្គនាងទាវកាលពីអតីតកាល ហើយសុខចិត្តសម្លាប់ខ្លួន ដើម្បីមកកើតជាតិថ្មីជាមួយ និងបុរសដែលខ្លូនស្រឡាញ់។
នៅក្នុងរឿងនេះ នាង និងតួប្រុសត្រូវគេឲ្យសម្ដែងជាបុរសនារីមានស្នេហាស្មោះ មិនខុសពីតួអង្គទុំទាវនោះទេ ហើយក៏ជារឿងពីរជាតិ ដែលត្រូវបានទូរទស្សន៍ PNN រំពឹងថា នឹងជោគជ័យខ្លាំងក្នុងពេលចាក់បញ្ចាំងសម្រាប់ម៉ោងមាសក្នុងពេលដ៏ខ្លីផងដែរ។ អ៊ីចឹងហើយទើបមានការកោតសរសើរពីសំណាងរបស់ គៀត សុវណ្ណាឡាង ដែលគ្រាន់តែប្រឡូកចូលការសម្ដែងវិញ ក៏មានឱកាសនាំមុខជាងតារាស្រីផ្សេងទៀត។
អ្នកនាង លួង ភីរ៉ូនីកា ផលិតករកម្មមួយរូបនៅទូរទស្សន៍ PNN ដែលត្រូវគេស្គាល់ថា ជាអ្នកគ្រប់គ្រងកម្មវិធី “ស៊ីអារម្មណ៍” បានអះអាងថា គៀត សុវណ្ណាឡាង គឺជាតួធំលេចធ្លោក្នុងរឿង “ភក្ដីស្នេហ៍ទ្វេភព” ក្រោយពីអ្នកផលិតរឿងរបស់ស្ថាប័ននេះសម្រេចជ្រើសរើស។ អ្នកនាងថា រឿងនេះត្រូវបានដំណើរការចេញថតបានច្រើនភាគរយ ហើយក៏ត្រៀម នឹងដាក់បញ្ចាំងផងដែរ ទើបអ្នកនាងសម្រេចជ្រើសនាង គៀត សុវណ្ណាឡាង និងតួអង្គសំខាន់ៗចំនួន៣រូប នៅក្នុងរឿង “ភក្ដីស្នេហ៍ទ្វេភព” យកមកសម្ភាសន៍ បង្ហាញពីបទពិសោធន៍ក្នុងការសម្ដែងរឿងនេះ ក្នុងកម្មវិធី “ស៊ីអារម្មណ៍” របស់ខ្លួន ដែលនឹងចាក់ផ្សាយនៅយប់ថ្ងៃចន្ទ ទី១១ កក្កដា ចាប់ពីម៉ោង៨កន្លះ ដល់ម៉ោង៩យប់។
អ្នកនាងថា តារាទាំង៤នោះ រួមមាន កញ្ញា គៀត សុវណ្ណាឡាង លោកលឹម ជាឡាយ លោក អ៊ុន សុធា និងកញ្ញា មឿន ផាណែត ដោយពួកគេទាំង៤ នឹងលើកឡើងពីឈុតមួយក្នុងរឿង “ភក្ដីស្នេហ៍ទ្វេភព” ត្រង់វគ្គសម្លាប់ខ្លួន ដើម្បីការងារស្នេហ៍ស្មោះក្នុងរឿង យកមកលាតត្រដាង។ អ្នកនាងថា ការបង្ហាញខ្លួនរបស់ គៀត សុវណ្ណាឡាង និងតួអង្គសំខាន់នៅក្នុងរឿងនេះ មានលក្ខណៈខុសប្លែកពីការបង្ហាញខ្លួនរបស់តារាកិត្តិយសកន្លងមកក្នុងកម្មវិធី “ស៊ីអារម្មណ៍” ដោយសារតែកម្មវិធីចង់ប្រូម៉ូដរឿង “ភក្ដីស្នេហ៍ទ្វេភាព” ដែលសម្ដែងដោយតួធំកញ្ញា គៀត សុវណ្ណាឡាងផង និងដើម្បីធ្វើឲ្យកម្មវិធីមួយនេះ ទទួលបានការចាប់អារម្មណ៍ផង ក្នុងន័យអបអរដល់ខួបមួយឆ្នាំរបស់ទូរទស្សន៍ PNN នៅថ្ងៃទី១១ កក្កដា។
អ្នកនាងថា កញ្ញា គៀត សុវណ្ណាឡាង នឹងត្រូវជ្រើសបន្តឲ្យធ្វើតួធំក្នុងរឿងក្រោយៗរបស់ស្ថាប័ន PNN ទៀត ដោយរឿង “ភក្ដីស្នេហ៍ទ្វេភព” មិនមែនជារឿងចុងក្រោយ ដែលតារាស្រីរូបនេះបានសម្ដែងនោះឡើយ។
អ្នកនាងថា ដោយសារតែកម្មវិធី “ស៊ីអារម្មណ៍” ទទួលបានការគាំទ្រខ្លាំងនាពេលចុងក្រោយ ទើបក្រុមការងារផលិតកុនសម្រេចអញ្ជើញ គៀត សុវណ្ណាឡាង និងតារាសំខាន់ៗក្នុងរឿង “ភក្ដីស្នេហ៍ទ្វេភព”សម្រេចឲ្យពួកគេលាតត្រដាងបទពិសោធន៍សម្ដែងនៅក្នុងកម្មវិធីនេះ ដែលនឹងចាក់ផ្សាយចំថ្ងៃខួបមួយឆ្នាំរបស់ស្ថាប័ន៕
មតិយោបល់