ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមនិងថ្នាំញៀនចំនួន២កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វាលវង់ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខដីឡូតិ៍មួយកន្លែងជិតផ្ទះសំណាក់ចិនតុង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ បានដើរចេញពីក្នុងដីឡូតិ៍មួយកន្លែង ជិតផ្ទះសំណាក់ចិនតុង មករកទិញបាយស៊ី ក៏ស្រាប់តែជួបសមត្ថកិច្ច ដែលកំពុងល្បាតក៏បានឃាត់ខ្លួនឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច និងប្រដាប់ជក់ថ្នាំមួយចំនួនទៀត ក៏នាំខ្លួនជនសង្ស័យយកមកស្នាក់ការប៉ុស្តិ៍តែម្តង។

ជនសង្ស័យមានឈ្មោះ ណៃ ប៊ុនលី ភេទប្រុស អាយុ៣៦ឆ្នាំស្នាក់នៅមុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច ដែកកេះ០២ទុយោជក់ថ្នាំ០១ ដបសម្រាប់ជក់ថ្នាំ០១ ទុយយោ០៣ និងដែកចុងស្រួច០១។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលវាលវង់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

មតិយោបល់