គ្រាន់តែឆ្នាំថ្មីឆ្នាំកុរដែលតំណាងដោយសត្វជ្រូក ជិតចូលមកដល់ភ្លាម តារាចម្រៀងលោក សុគន្ធ ដេវីត ប្រកាសអោយដឹងពីដៃគូចម្រៀងថ្មី និងបានចេញបទទាក់ទងនឹងសត្វជ្រូកភ្លាម ដោយលោកប្រកាសថា ដើម្បីអោយត្រូវនឹងឆ្នាំថ្មី ដែលជាឆ្នាំជ្រូក។ បទ«រាំក្បែរទ្រុងជ្រូក» របស់លោក និងដៃគូ ដែលចេញក្នុងផលិតកម្មថ្មី គឺផលិតកម្ម Gold Production មិនត្រឹមតែជា Original Song ដែលស្នាដៃកូនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏មានសាច់ភ្លេង និងអត្ថន័យទាក់ចិត្ត អមដោយចង្វាក់ អាចរាំរែកបានផងដែរ។
លោក សុគន្ធ ដេវីត បញ្ជាក់ថា បទថ្មីដែលលោកទើបតែបង្ហោះ ក្រោមចំណងជើងថា«រាំក្បែរទ្រុងជ្រូក»នេះ គឺជាបទបើកឆាក ដែលលោកចាប់ដៃគូច្រៀង ជាមួយអតីតបេក្ខនារីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីពេជ្រកំពុងច្នៃ កញ្ញា អេង ស្រីអូន ដោយបទចម្រៀងនេះគឺលោក និងកញ្ញាធ្វើជាប្រភេទហ៊ីបហប់ ដែលប្លែកជាងបទមុនៗតែម្ដង។ លោកថ្លែងបញ្ជាក់ថា បទដែលបានចេញនេះ គឺជាបទដែលលោកផលិតឡើង ដើម្បីអោយពាក់ព័ន្ធនឹងឆ្នាំជ្រូក ដូចគ្នានឹងកាលពីចូលឆ្នាំឆ្នាំមុន ដែលមានបទចម្រៀងរបស់តារាភាគច្រើនទាក់ទងនឹងសត្វឆ្កែ ដើម្បីស្វាគមន៍ឆ្នាំចរដូច្នោះដែរ។ លោកថាបទចម្រៀងមួយបទនេះ លោកនឹងផលិតMV អោយឡូយ ដោយលោកក៏គម្រោងរំលេចក្បាច់រាំ អោយរស់រវើកដើម្បីអោយអ្នកស្ដាប់ប្លែកអារម្មណ៍។
លោកសប្បាយចិត្តយ៉ាងខ្លាំង ដែលបានដៃគូថ្មី គឺកញ្ញា អេង ស្រីអូន ដោយគ្រាន់តែបទរបស់លោក និងនាង ដាក់បង្ហោះមិនទាន់បានប៉ុន្មាននាទីផង ក៏ទទួលបានការចាប់អារម្មណ៍ ដែលលោកបានហៅភាពទាក់ទាញនោះថា គឺដោយសារតែបានតារាចម្រៀងថ្មីរូបនេះ ធ្វើជាដៃគូ។
មិនខុសគ្នាដែរ កញ្ញា អេង ស្រីអូន បានអះអាងថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចាប់ដៃជាមួយតារាចម្រៀង លោក សុគន្ធ ដេវីត ហើយបានចេញបទ «រាំក្បែរទ្រុងជ្រូក» ដែលបទចម្រៀងនេះ គឺគ្រាន់តែអត្ថន័យ និងសាច់ភ្លេងគឺធ្វើអោយនាងមានទំនុកចិត្ត សម្រាប់ការគាំទ្រតែម្ដង។ កញ្ញាក៏ត្រៀមបញ្ចេញស្នាដៃទី២ ជាមួយលោកសុគន្ធ ដេវីត ក្នុងពេលបន្តបន្ទាប់ផងដែរ៕
មតិយោបល់