ភ្នំពេញៈ បំណងប្រាថ្នារបស់តារាសម្តែង អ៊ឹម ជីវ៉ា មួយដំណាក់កាលបានលេចចេញជាផ្លែផ្កា គួរឲ្យកត់សម្គាល់ ហើយ ដោយបោះទុន ១៥ម៉ឺនដុល្លារ បើករបរមួយ នៅលើទឹកដីអង្គរ។
កន្លងមក អ៊ឹម ជីវ៉ា បានប្រាប់ Post News ឲ្យដឹងថា របរដែលលោកពេញចិត្តបំផុត ដែលគ្រោងនឹងបើក គឺការ៉ាសសាំង និងផ្ទះសំណាក់ ដោយគោលបំណងទាំងពីរនេះ បានចេញសញ្ញា១ទៅហើយ នៅលើទឹកដីអង្គរ។
នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ឆ្លើយឆ្លងតាមរយៈទូរស័ព្ទ ជាមួយនឹង Post News អ៊ឹម ជីវ៉ា បានឲ្យដឹងថា ក្នុងចំណោមបំណងប្រាថ្នា២ ក្នុងចិត្ត បានលេចសញ្ញាជាផ្លូវការ១ហើយ ដោយលោកបានបើកផ្ទះសំណាក់ នៅលើទឹកដីអង្គរ នៅខាងកើតព្រះអង្គចេក ព្រះអង្គចម ជាប់មាត់ស្ទឹងសៀមរាបតែម្តង។
អ៊ឹម ជីវ៉ា ថា «សម្រាប់ផ្ទះសំណាក់នេះ លោកបានសេងពីគេ ដោយទិញបញ្ចូលនូវសម្ភារៈផ្សេងៗ ទៀត ដោយសរុបទឹកប្រាក់ទៅ ជាង ១៥ម៉ឺនដុល្លារអាម៉េរិក ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្រោយកាត់ខ្សែបូសម្ពោធ នៅព្រឹកមិញនេះ មាន១៣ បន្ទប់ កម្ពស់ជាង២ជាន់»។
River Village Manor បន្ទប់មានផាសុកភាព ហាងហែលទឹក កន្លែងញ៉ាំអាហារប្រកបដោយលក្ខណៈរ៉ូមេទិក តម្លៃចាប់ពី ២៥ ទៅ៣០ដុល្លារអាម៉េរិក។
អ៊ឹម ជីវ៉ា បន្ថែមថា «សម្រាប់អតិថិជន ដែលមកស្នាក់នៅនឹងទទួលបានអាហារពេលព្រឹក ហើយក៏មានអាហារកុម៉្មង់ទាំងខ្មែរ និងបរទេសផងដែរ»។
តារាសម្តែងខាងលើ បានធ្វើការអះអាងថា សម្រាប់ទុនបើកផ្ទះសំណាក់នេះ លោកចូលជាមួយនឹងប្អូនស្រីនោះទេ ហើយពេលខាងមុខដ៏ខ្លី នឹងសំឡឹងរកដីណាមួយប្លង់ ពង្រីកសាខាលើអ្វីដែលកំពុងតែមាន៕




















មតិយោបល់