ភ្នំពេញៈ រថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូស្មាក់រ៉េវ៉ីពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេងម្ខាង រួចរថយន្តបើករត់គេចបាត់ស្រមោល បន្សល់ស្លាកលេខនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ កែងនិងផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង មិនចំាម៉ាកសល់តែស្លាកលេខ ភ្នំពេញ.2Q 8848 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំនុចកើតហេតុ បានជ្រុលទៅបុកម៉ូតូស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម B 2204 ជិះដោយបុរសម្នាក់ ពីកើតទៅលិចពេញទំហឹង បណ្ដាលរងរបួសធ្ងន់បាក់ជើងឆ្វេងម្ចាង ភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើកគេចបាត់ស្រមោល ជ្រុះស្លាកលេខ និងកាងនៅកន្លែងកើតហេតុ។
ក្រោយហេតុការណ៍ជនរងគ្រោះ ដែលរបួសធ្ងន់ ត្រូវសមត្ថកិច្ចទាក់ទងរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោកជាបណ្ដោះអាសន្នសិន រងចាំក្រុមគ្រួសារមកដាក់ពាក្យប្ដឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់