ព័ត៌មានសិល្បៈ និងកម្សាន្ត

សន សុវណ្ណារ៉ា សំងំបើកអាជីពថ្មី ខ្ទង់សែនដុល្លារ

សកម្មក្នុងការងារសិល្បៈស្ទើរមិនសូវទាំងបាត់មុខផង ពិធីករ លោក សន សុវណ្ណារ៉ា បែរជាអះអាងថា នៅពីក្រោយពេលទំនេរ មិនច្រើនពីការងារសិល្បៈ ក្នុងប៉ុន្មានខែចុងក្រោយនេះ លោកក៏រត់ទៅបើកជំនួញធំមួយ ដែលមានដើមទុនចង់ក្បែរៗ នឹង១០មុឺនដុល្លារផងដែរ។ លោកថ្លែងបែបនេះ ក្នុងឱកាសបង្ហាញខ្លួន ក្នុងការប្រគំតន្ត្រីនៅក្នុងពិពណ៍កោះពេជ្រ កាលពីយប់ថ្ងៃទី២៨ កុម្ភៈ ដែលជាកម្មវិធីរបស់ក្រុមហ៑ុនលោករៀបចំ។

លោក សន សុវណ្ណារ៉ា និយាយថា តាំងពីលោកដំណើរការក្រុមហ៑ុន RA ដោយទទួលរៀបចំកម្មវិធីនានា ក្រុមហ៑ុនរបស់លោក មានពេលតិចណាស់ ដែលមិនបានទទួលការងារ។ ជាក់ស្ដែង ការប្រគំតន្ត្រី ដែលលោកធ្វើជាពិធីករនៅក្នុងថ្ងៃនោះ គឺជាព្រឹត្តិការណ៍ ដែលក្រុមហ៑ុនរបស់លោក ដេញថ្លៃបាន ដោយលោកក្រៅពីត្រូវបំពេញការងារជាអ្នកចាត់ចែង ក៏ត្រូវ ជាពិធីករបន្ថែម។ លោកអះអាងថា ខ្លួនដេញបានការប្រគំតន្ត្រីនេះ រយៈពេល២ថ្ងៃពេញ ខណៈដែលក្រុមហ៑ុនរបស់លោក ត្រូវជាប់កុងត្រារហូតដល់ចុងខែ៥ ទើបលោកស្ទើររកពេលសម្រាកមិនបាន។ ក្រុមហ៑ុនរបស់លោក នៅក្នុងថ្ងៃខ្លះទទួលបានសិទ្ធិរៀបចំ ការប្រគំតន្ត្រីដល់ទៅ២ ឬ ៣ ក្នុងថ្ងៃតែមួយក៏មាន ប៉ុន្តែនៅតែមិនស្កប់ស្កល់ សម្រាប់ចិត្តលោក ទើបលោកឈានទៅចំណាយទុនបង្កើតអាជីវកម្មថ្មីធំមួយទៀត ដែលតាមគម្រោង នៅពេលរួចរាល់រួចនៅក្រោយបុណ្យចូលឆ្នាំខ្មែរ គឺចំណាយមិនក្រោម១០មុឺនដុល្លារ។

មកទល់ពេលនេះ លោកថាបានបោះទុនប្រមាណជាង៩មុឺនដុល្លារហើយ ហើយក៏ជាហាងដែលលោកហ៑ានចំណាយខ្ពស់ តាំងពីក្នុងជំហានដំបូងខុសពីបើកជំនួញកន្លងមកផងដែរ។ លោកថាជំនួញនោះ គម្រោងប្រើទុនតែ៤ ឬ៥មុឺន ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលចាប់ផ្ដើមក៏ចេះតែលង់ ដោយសុឹងនឹងធ្វើអោយលោកចង់ដកខ្លួនកណ្ដាលទីម្ដងៗ។ លោកបដិសេធបង្ហើបអោយដឹងពីជំនួញថ្មីនោះ ដោយគ្រាន់តែអះអាងថា គឺជាហាងពាក់ព័ន្ធសម្រស់ និងការថែទាំសុខភាពធំមួយ ហើយបើកកណ្ដាលភ្នំពេញ។

លោក សន សុវណ្ណារ៉ា បន្តថា លោកនឹងធ្វើអោយក្រុមហ៑ុនទាំង២ដែលខ្លួនបោះទុន និងការងារសិល្បៈឈានឡើងទន្ទឹមគ្នា ដោយសារតែលោកយល់ថា ការងារសិល្បៈ គឺធ្វើដើម្បីស្វះស្វែងរកការគាំទ្រ ហើយជំនួញបើកក្រុមហ៑ុន និងបើកហាង ដែលមិនទាន់បង្ហើបអោយដឹង គឺដើម្បីរកចំណូល។ លោកត្រូវគេឃើញសកម្មក្នុតំណែងជាពិធីករ មិនចាញ់ពិធីករអាជីពល្បីៗ ប៉ុន្មានទេ ចាប់ទាំងពីលោកវិលមកពីសហរដ្ឋអាមេរិក ហើយបើកក្រុមហ៑ុនទទួលម៉ៅការព្រឹត្តិការណ៍ផ្ទាល់ខ្លួន។

ជាក់ស្ដែងក្នុងវេទិកាប្រគំតន្ត្រីនៅកោះពេជ្រនាថ្ងៃនោះ លោកត្រូវគេឃើញបញ្ចេញវោហាស័ព្ទកំប្លុកកំប្លែងជាមួយអ្នកនាង ឆ័យលី ដាឡែន និង លោក ខេន វណ្ណាថាត់ បង្កើតជាផ្ទាំងសំណើចបានល្អធ្វើអោយការប្រគំតន្ត្រីទាំងមូលមានភាពរស់រវើក។ ក្នុងនោះតារាចម្រៀង ដែលលោករៀបចំ ជាពិសេសគឺកញ្ញា សុខ សីឡាលីន ក៏កាន់តែជួយអោយវេទិកាមួយនេះទាំងមូល ទទួលបានការចាប់អារម្មណ៍មិនអន់ផងដែរ៕

មតិយោបល់