ភ្នំពេញៈ ក្នុងពិធីសន្និសីទកាសែត កាលពីថ្ងៃទី៣ មីនា កញ្ញាឯកភពផែនដី ឬ Miss Planet International បានប្រកាសផ្លូវការថាខ្លួនមានការចាប់អារម្មណ៍ខ្ពស់ សម្រាប់ការរៀបចំព្រឹត្តិការណ៍មួយនេះក្រោយពេលបញ្ចប់។ កញ្ញាឯកទាំង៥រូប សុទ្ធតែបានសន្យាថានឹងនាំកម្ពុជា ទៅកាន់ពិភពលោក ក្រោយពីបានគ្រងមកុដដែលគណកម្មការកម្ពុជារៀបចំ។
យោងតាមការសន្យា របស់កញ្ញាឯកទាំង៥រូប ពួកនាងនិយាយថា ពិតជាពេញចិត្តណាស់ពីប្រទេសកម្ពុជា និងការរៀបចំព្រឹត្តិការណ៍ Miss Planet International ដែលកម្ពុជារៀបចំបង្កើតឡើង ហើយផ្ដល់ឱកាសអោយកញ្ញាឯកតំណាងប្រទេសភាគច្រើនចូលមកប្រកួតប្រជែង។ កញ្ញាឯកដែលបានជាប់លេខទាំង៥រូបនោះរួមមាន កញ្ញា Monique Best មកពីប្រទេសអាហ្វ្រិកខាងត្បូង ជាម្ចាស់ជ័យលាភីលេខ១ កញ្ញា Marisa Phon Thirat មកពីប្រទេសថៃ ជាប់ជ័យលាភីលេខ២ កញ្ញា Viviana Lin Ak Winfton មកពីប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៣ កញ្ញា Nicole Cano មកពីប្រទេសប៉ារ៉ាហ្គាយ ចំណាត់ថ្នាក់លេខ៤ និងកញ្ញា Nicole Vargas មកពីប្រទេសហ្វីលីពីន ចំណាត់ថ្នាក់លេខ៥ សុទ្ធតែបានកោតសរសើរពីការរៀបចំការប្រកួត Miss Planet International ក្រោមការចាត់ចែងរបស់កម្ពុជា ខណៈដែលព្រឹត្តិការណ៍នេះជាការប្រកួតកម្រិតអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែរៀបចំបានល្អ។ ក្នុងនោះកញ្ញាឯកទាំង៥ បានទាំងប្រកាសថា នឹងនាំយកប្រពៃណី វប្បធម៌ និងរបៀបរបបរស់នៅរបស់ពលរដ្ឋកម្ពុជា ទៅផ្សព្វផ្សាយដល់ជាតិសាសន៍របស់ខ្លួន និងពិភពលោកឲ្យកាន់តែទូលំទូលាយនោះផង។
ម្ចាស់មកុដមកពីអាហ្វ្រិកខាងត្បូង ប្រកាសថា ក្រៅពីវប្បធម៌ និងរបៀបរស់នៅដ៏ល្អរបស់ប្រជាជនខ្មែរ កញ្ញាក៏ឃើញពីភាពឥតខ្ចោះរបស់ប្រជាជនកម្ពុជាក្នុងការធ្វើស្រូវបានយ៉ាងល្អនោះផងដែរ។ កញ្ញាថានឹងផ្សព្វផ្សាយពីអ្វីដែលនាងបានឃើញ បានជួបទាំងនេះទៅកាន់ពិភពលោក ក្នុងនាមជាម្ចាស់មកុដលើកដំបូងរបស់កម្ពុជា។
អ្នករៀបចំកម្មវិធីបានអះអាងថា នេះជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេ ដែលកម្ពុជាបង្កើតឡើងហើយគៀងគរកញ្ញាឯកមកពីប្រទេសផ្សេងៗអោយមកប្រកួតដណ្ដើមមកុដ ដែលខុសពីការប្រកួតកញ្ញាឯកមុនៗ ដែលកម្ពុជាបញ្ជូនបេក្ខភាពឲ្យទៅតែប្រកួតនោះ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថា នឹងប្រព្រឹត្តិរៀងរាល់មួយឆ្នាំម្ដង ដោយក្រោយបញ្ចប់ការប្រកួតយ៉ាងជោគជ័យនៅកម្ពុជា គឺនឹងប្រកួតនៅប្រទេសថៃ ខណៈដែលកញ្ញាឯកទាំង៥រូបដែលទើបជាប់លេខ ត្រូវបានប្រកាសថានឹងបន្តបេសកកម្មពេញមួយឆ្នាំ ដើម្បីភពផែនដី និង បរិស្ថាន៕
មតិយោបល់