ព័ត៌មានជាតិ

បែនដឹកថ្មបោលបុករថយន្ត២គ្រឿងបន្តទៅបុកម៉ូតូស្មាស់ របួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តបែនមួយគ្រឿង បោលប្រញ៉ាប់ទៅដឹកថ្ម លឿនមិនបានដូចបំណង បែជាទៅបុករុញរថយន្ត២គ្រឿងបើកខាងមុខជាបន្តបន្ទាប់ហើយរេចង្កូតទៅបុកម៉ូតូស្មាស់ កល់ជាប់ពីក្រោមរថយន្ត ទៅមុខលែងរួច អ្នកបើបរចុះរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាក នីសាន់បែន កង់១០ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2153 បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចខាងលើ ខណ:ដែលយានយន្តខាងមុខ បានបង្អង់ល្បឿនជាបន្តបន្ទាប់ ស្រាប់តែរថយន្តបង្ក បោលលឿនជ្រុល ទៅបុកពីក្រោយ រថយន្តបែនម៉ាក ហ៊ីណូ កង់៦ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0704 ហើយរថយន្ត បែននោះ ជ្រុលទៅបុកពីក្រោយ រថយន្ត របស់យោធា មួយគ្រឿងទៀត ដឹកសម្ភារ: សំណង់ ដែលកំពុងបើកនៅខាងមុខ ចំណែកឯរថយន្តបង្ក ក្រោយពីបុករថយន្តហ៊ីណូហើយ បានរេចង្កូតទៅខាងស្តាំងដៃធ្លាក់ចិញ្ចើមផ្លូវ ទៅបុកម៉ូតូស្មាស់មួយគ្រឿងទៀត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA-5841 ជាប់ម៉ូតូកល់នៅពីក្រោមជាប់ ទៅមុខលែងរួច អ្នកបើកបរចុះរត់គេច្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យរថយន្ត៣គ្រឿង និងម៉ូតូមួយគ្រឿង រងការខូចខាត ចំណែករថយន្តបង្កខ្ទេចរួញកាប៊ីន រថយន្តហ៊ីណូ ខ្ទេចកាប៊ីនមួយចំហៀង រថយន្តយោធា ខូចខាត ដែកទីបបង្គោលភ្លើង ប៉ោងទ្រុងឡាន ចំណែកម៉ូតូ រងខូចខាតបាក់បែកដំណំ ក្លាយជាកំណល់រថយន្ត ។

ក្រោយកើតហេតុ ដោយភាគីរថយន្តបង្កគេចខ្លួនបាត់ សមត្ថកិច្ចចុះទៅពិនិត្យ វាស់វែង យករថយន្តទាំងអស់ដាក់អែបកៀនខាង រងចាំតំណាងខាងរថយន្តបង្កយូរពេក ប្រគល់រថយន្តទាំង៣គ្រឿង និងម៉ូតូមួយគ្រឿង ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ យកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់