ព័ត៌មានជាតិ

រថយន្តធុនធំរបស់ក្រុមហ៊ុន​សេងទ្រី​ ​បើក​ចូលក្រុង​ខុសម៉ោង​ ត្រូវ​អាជ្ញាធរ​​ជិះ​ដេញ​ចាប់ ​វាយ​បែក​ក្បាល​តៃកុង​ដេរអស់​ប្រាំមួយ​ថ្នេរ​

ភ្នំពេញៈ បុរស​ជាតៃកុង​រថយន្ត​ស្ទូច​ធុនធំ​មួយ​គ្រឿង ​បាន​រងរបួស​បែក​ក្បាល​ដេរ​អស់​៦ថ្នេរ​ បន្ទាប់​ពី​បើក​រថយន្ត​ចូល​​ក្នុង​ក្រុង មិន​ត្រឹម​ត្រូវ​តាម​ម៉ោង​កំណត់​ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កាក់ឃាត់មិន​ឈប់​។ ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលាម៉ោង​ ៨និង២០នាទី​យប់​ថ្ងៃ​ទី​១៤​ ខែ​មិនា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ស្តុប​អតីតក​រង្វង់​មូល​កាំខូស៊ីតធី​ តាមបណ្តោយផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ពីរ​នាក់​បើកបរ​រថយន្ត​ស្ទូចធុនធំ​មួយ​គ្រឿង​ម៉ាក​ ឌីវ៉ូរ​ ពណ៌​ស​ ជាប្រភេទ​រថយន្ត​ប្រាំ​ភ្លៅ​របស់​ក្រុមហ៊ុន​សេងទ្រី​ គ្មានស្លាកលេខ​ ​ធ្វើការ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ចេញពី​ហ្គេនភ្នំពេញ​ឆ្ពោះ​ទៅអតីត​​រង្វង់​មូល​កាំខូស៊ីតធី​ ដោយមាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោកមួយរូប ​និង​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយ​រូប​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ មិន​ចាំ​ម៉ាក​ ដេញ​តាម​ពីក្រោយ​រថយន្ត​ស្ទូច​ខាងលើ​ផងដែរ​។

មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ស្ទូច​ខាងលើ ក៏​បាន​ឈប់​ស្តុប​ ខណៈ​​នោះ​ក៏​ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ​និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ទាំង​ពីរ​នាក់​ បាន​ជិះ​ម៉ូតូ​មក​កាក់​ចំពីមុខរថយន្ត​ ហើយ​បាន​ដកកាំភ្លើង​ភ្ជង់​គំរាម​តៃ​កុង​រថយន្ត​ខាងលើ ឲ្យចុះមក​ខាង​ក្រោម​។ ប៉ុន្តែមិនព្រមចុះនៅគឃ្លើនបើកបន្ត ​រួចក៏​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ដែល​ជិះដេញតាម​​ចាប់​គ្រាក​តៃកុង​រថយន្ត​ជាប់​ ហើយ​ចំណែកឯ​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយ​រូប​ទៀត​ដែល​ជិះដេញ​មក​ជាមួយ​ ក៏​បានយក​កាំភ្លើង​វាយ​ទៅ​លើ​ក្បាល​តៃកុង​រថយន្ត​ស្ទូច បណ្ដាល​ឲ្យ​រយះ​ឈាម​ហូរ​ស្រោច​ខ្លួន​ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ និង​រស់នៅ​ជុំវិញកន្លែងកើត​នាំ​គ្នា​ចោមរោម​មើល​។

បន្ទាប់មក​ក៏​មានកម្លាំងសមត្ថកិច្ច​អន្តរាគមន៍ ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប បាន​ចុះមក​ដល់​កន្លែង​កើត​ ហើយ​ក៏បាន​បញ្ជូន​តៃកុង​រថយន្ត​ទៅ​គ្លីនិក​ឯកជន​ សម្ភព​ពន្លឺ​ ដែល​នៅក្បែរ​នោះ​ដើម្បី​ធ្វើការ​ព្យាបាល​។​ ដោយ​ឡែក​មន្ត្រី​កងរាជ​អាវុធហត្ថ​ដែល​ប្រើប្រាស់​ អំពើហិង្សា​ទៅ​លើតៃកុង​រថយន្ត​បណ្ដាល​ឲ្យ​រង​របួស​ បាន​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ​ បន្ទាប់​ពី​មានការ​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។

ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ បាន​ចុះមក​ធ្វើការ​យក​ស្ទូច​ខាងលើទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​បញ្ជាក់​ថា ​រថយន្ត​នោះ​មាន​កំហុស​អ្វី​នោះទេ​៕

មតិយោបល់