បន្ទាប់ពីក្រុមសប្បុរសជនមួយក្រុម ដែលរួមមានអភិបាលខេត្តព្រះវិហារ និងសប្បុរជនជាច្រើនផង បានយកអំណោយ ទៅប្រគល់ជូនដល់សហគមក្រីក្រចំនួន៦ឃុំ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០១៩ តារាសម្ដែង និងជាពិធីករប្រចាំ នៅទូរទស្សន៍CNC បានបង្ហាញការសារទរ និងទទូចអោយបន្តធ្វើសកម្មភាព ជួយដល់សហគមបែបនេះ អោយបានច្រើន ដល់សហគមក្រីក្រនៅខេត្តព្រះវិហារ។
លោក សាហារ៉ា និយាយថា លោកសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងសប្បុរសជាច្រើនរូប មកពីសមាគមដានីយ៉ែល ផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ និងសិស្សានុសិស្ស១០០០នាក់ នៅ៦ឃុំ ក្នុងខេត្តព្រះវិហារ ដែលលោកអះអាងសហគមទាំង៦ គឺជាសហគមដែលសប្បុរសជន គួរបន្តយកចិត្តទុកដាក់។ ពីធីចែកអំណោយនេះ ប្រព្រឹត្តទៅ ក្នុងបរិវេណសាលាឆទានភូមិគោក ក្រោយសាលាស្រុកជ័យសែន ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
ក្នុងពិធីចែកអំណោយនោះដែរ គេឃើញលោក រស់ ហេង អភិបាលស្រុកសែនជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាថ្ងៃនេះ មានចំនួនសរុប ៦០០គ្រួសារ មកពីឃុំចំនួន ៦ នៃស្រុកសែនជ័យ និងមានសិស្សានុសិស្សសរុបចំនួន១០០០នាក់ មកពីសាលាចំនួន ៦ ក្នុងស្រុកនេះ គឺ វិទ្យាល័យជ័យសែ អនុវិទ្យា វិទ្យាល័យជ័យសែន អនុវិទ្យាល័យទួលស្រែឈូក បឋមសិក្សាគោកត្នោត បឋមសិក្សាស្អាង និងបឋមសិក្សាទួលឈូក។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិន និងជាប្រធានសមាគមដានីយ៉ែល ដែលបាននាំយកអំណោយសប្បុរស មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនេះ ដែលនេះជាការកាយវិការសប្បុរសគំរូក្នុងសង្គម និងបានរួមចំណែក ជាមួយរាជរដ្ឋាបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងអនុវត្តទៅតាមវប្បធម៌ចែករំលែករបស់សម្តេចតេជោហ៊ុនសែន។
អភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាព នៅក្នុងអំទ្បុងពេល ដែលអាកាសធាតុឡើងកម្តៅខ្លាំង និងរាយការណ៏មកអាជ្ញាធរមូលដ្ឋានបន្ទាន់ ក្នុងករណីជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់។
អគ្គនាយកក្រុមហ៊ុន ENARITA DEVELOPMENT CO.,LTD ដែលជាក្រុមហ៊ុនវិនិយោគទៅលើវិស័យអចលន:ទ្រព្យ
និងជាប្រធានសមាគមដានីយ៉ែល លោកឌីម សួនណាត និងភរិយា លោកស្រី ម៉ក់ សុភ័ក្រ បានបញ្ជាក់នៅក្នុងឱកាសនោះថា អំណោយដែលនាំមកប្រគល់ជូនបងប្អូននាថ្ងៃនេះ សរុបជាថវិការប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយដែលបានមកពីបរិច្ចាគ របស់បុគ្គលិកនៅក្នុងក្រុមហ៊ុនអ៉ីណារីតា ឌីវីឡុបមិនមួយភាគ ហើយមួយភាគធំទៀត គឺជាថវិការផ្ទាល់ខ្លួន របស់លោកនិងក្រុមគ្រួសារ ក្នុងគោលបំណង សម្រាលទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនក្នុងនាមជាខ្មែរដូចគ្នា នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មៃរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕
មតិយោបល់