ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រឿងចក្រអេស្កាវទ័រ១គ្រឿង ដែលជារបស់ក្រុមហ៊ុនមួយ ទទួលស្ថាបនាផ្លូវជាតិលេខ៥ ហើយបែរទៅលួចធ្វើសកម្មភាពកាយដីភ្នំ គ្មានលិខិតអនុញ្ញាតនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋអន្សាចំបក់ ទទួលបទបញ្ជាពីលោកអភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការចុះឃាត់រក្សាទុកជាបណ្តោះអាសន្ន។
ប្រតិបត្តិការខាងលើធ្វើឡើង នៅវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចអ្នកតាធំ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះបត្ត្រិបត្តិការបង្ហើបថា គ្រឿងចក្រ(អេស្កាវទ័រ) ពណ៌លឿង ១គ្រឿង ដែលកម្លាំងឃាត់ខាងលើ ជាគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើផ្លូវថ្នល់ជាតិលេខ៥ ការឃាត់នេះ ជាបទបញ្ជារបស់លោកអភិបាលខេត្តពោធិ៍សាត់ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅគ្រាដែលគ្រឿងចក្រ (អេស្កាវទ័រ)ខាងលើធ្វើសកម្មភាពកាយដីភ្នំដោយគ្មានលិខិតអនុញាតិ។
ក្រោយឃាត់វត្ថុតាងគ្រឿងចក្រ (អេស្កាវទ័រ) រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ រងចាំដោះស្រាយតាមច្បាប់៕
មតិយោបល់