មិនអន់ជាងតួឯកប្រុសតួឯកស្រី តារាសម្ដែងវ័យជ្រេ អ្នកនាង ឆ័យលី ដាឡែន ដែលតួអង្គសំខាន់មួយក្នុងរឿង”មិត្តប្ញស្យា” ក៏ធ្វើអោយក្រសែភ្នែកអ្នកកាសែត ផលិតករ និងតួសម្ដែងដូចគ្នា ក្រឡេកភ្នែកមើលមិនអន់នោះដែរ កាលពីល្ងាចថ្ងៃទី១៦ មិនា នៅក្នុងពិធីបិទរឿង”មិត្តប្ញស្យា”នាថ្ងៃនោះ។ នាងត្រូវគេឃើញរំលេចសម្រស់ផ្ទៃមុខ និងដើមទ្រូងពើងណែនព្រមគ្នាតែម្ដង ខណៈដែលម៉ូដសក់ពណ៌មាស ដែលនាងបានរំលេចនៅក្នុងថ្ងៃនោះ សុទ្ធតែធ្វើអោយម្នាក់ៗលាន់មាត់ថាស្អាតទាក់ភ្នែក។
អ្នកនាង ឆ័យលី ដាឡែន និយាយថា ដោយសារតែនាងចង់លេងម៉ូដសក់ក្រហម ហើយដើម្បីអោយសម នឹងការតែងខ្លួនបែបស្ទីលសុីវិល័យផងនោះ ទើបអ្នកនាងលេងទាំងឈុត និងដាក់កញ្ចក់ភ្នែក តាមទម្រង់ជានារីបែបស្ចឹមប្រទេសតែម្ដង។ អ្នកនាងបញ្ជាក់ថា ខ្លួនដ្បិតថា ត្រូវផលិតករតម្រូវអោយសម្ដែងជាតួម្ដាយ ឬ ជាតួបងស្រី ដែលស្ទើរតែភាពយន្តណា ក៏បានតែសម្ដែងធ្វើចាស់មែន តែសម្រាប់ខាងក្រៅឆាក អ្នកនាងសុំលេងខ្លួនបែបខ្យូតៗ និងហាយសូបន្តិចហើយ ដើម្បីអោយទស្សនិកជនប្លែកភ្នែក។ យ៉ាងណាមិញអ្នកនាងថា បើខាងផលិតករតម្រូវអោយអ្នកនាង សម្ដែងស្លូតស្រគត់ស្រគំ ឬ មិនកាចឆ្នាស់ឆ្នើម ក៏អ្នកនាងនឹងប្ដូរពណ៍សក់ ដើម្បីអោយសមនឹងស្ទីល ជាមនុស្សស្រគត់ស្រគំភ្លាម ដោយមិនមែនចង់ស្អាត ដោយបន្តទុកសក់ពណ៌មាស ហើយមិនទទួលការសម្ដែង ព្រោះតែស្ទីលដែលខ្លួនស្រលាញ់នោះទេ។
លោក ហួង តារាមុនី នាយកផលិតកម្មវិធី របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត ដល់ក្រុមផលិតរឿង”មិត្តប្ញស្យា” ដែលមានផលិតករថៃជាអ្នកទទួលខុសត្រូវយ៉ាងជោគជ័យ ទើបប៉ុស្តិ៍លេខ៥ នៅបើកពិធីជប់លៀងដដែលមួយ ដើម្បីជួបជុំផលិតករ និងតួសម្ដែង ក្រោយពីភាពយន្តនេះ បានបញ្ចប់សកម្មភាព។ នេះជាភាពយន្តដែលក្រុមអ្នកផលិត និងតួសម្ដែងប្រឹងប្រែងធ្វើឡើងយ៉ាងអស់ពីសមត្ថភាព ដោយលោក បានទាំងហៅភាពយន្តនេះថា ជាស្នាដៃដែលនឹងក្លាយជារសជាតិល្អមួយ នៅពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះផង។
លោកថាមួយរឿងនេះ ទាំងផលិតករ និងតួសម្ដែងសុទ្ធតែពិបាក ប៉ុន្តែអ្វីដែលលោកសប្បាយចិត្ត គឺបានភាពយន្តមួយ ដែលមានស្តង់ដារគ្រប់គ្រាន់។ លោកថារឿងនេះ ត្រូវបានថតបានចប់តាមការគ្រោងទុក ប៉ុន្តែនៅមិនទាន់ដឹងថា រហូតដល់ពេលណាទើបប៉ុស្តិ៍លេខ៥ នឹងកំណត់ថ្ងៃចាក់ផ្សាយនោះទេ ក្នុងពេលដែលរឿងចាស់ក៏មិនទាន់បានចប់ ហើយភាពយន្តរឿង”មិត្តប្ញស្យា” បើទោះជាបានថតចប់ ក៏នៅត្រូវការកែពណ៌ និងកាត់តបន្តទៀត ដើម្បីអោយមានគុណភាព។
គួរបញ្ជាក់ថា នៅក្នុងពិធីជប់លៀងបិទរឿង”មិត្តប្ញស្យា” នោះ ក្រៅពីតារាដែលជាតួសម្ដែងក្នុងរឿង ក៏មានតារាជាកិត្តិយសជាច្រើនផ្សេងទៀត ចូលរួមអបអរផងដែរ៕
មតិយោបល់