ព័ត៌មានជាតិ

សង្ស័យម្ចាស់ស្រវឹង បើករថយន្តបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ បាក់អស់មួយកង់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូយូតាតាកូម៉ាមួយគ្រឿង​ ដឹកគ្នាជាច្រើននាក់ បោះពួយ​យ៉ាង​លឿន មិនប្រយ័ត្ន​ក៏​ជ្រុលចង្កូត​ ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង​ទៅមុខ​លែង​រួច​ កាល​ពី​វេលាម៉ោង​១០ និង៤០នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែមិនា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងមុខ​អាកាស​យានដ្ឋាន​ ភ្នំពេញ​អន្តរជាតិ​ពោធិ៍​ចិនតុង​ តាមបណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​កើត​ហេតុ​ គេឃើញ​រថយន្ត​មួយគ្រឿងម៉ាក​ តូយូតា​តាកូម៉ា​ ពណ៌​សំបក​ឪឡឹក​ ពាក់ស្លាកលេខ​ ភ្នំពេញ​2K-2232 ​រួម​ដំណើរ​ដោយ​មនុស្ស​ប្រុស​ស្រី​៦ទៅ៧នាក់​ ធ្វើដំណើរពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុងល្បឿនលឿន​។

មកដល់ចំណុចកើតហេតុ ​រថយន្ត​បង្ក​ខាងលើ​ បាន​ជ្រុលចង្កូតទៅ​ខាងឆ្វេង​ដៃ បុក​​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង ​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់​ខ្ទាត​ទៅ​ផ្លូវម្ខាងទៀត​។ ចំណែកឯ​រថយន្ត​បង្ក​ បានរង​ការខូចខាត​ក្រពឹត​កាង​ និង​ដាច់ក្រឡេ​កង់មុខចំហៀងខាងឆ្វេង ទៅមុខលែងរួច​ ប៉ុន្តែ​មិនបាន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ។ ភ្លាមៗ​នោះ​អ្នក​បើក​បរ​រថយន្ត​ និងអ្នក​រួម​ដំណើរ​ជាមួយ​ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ទៅ​។

ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ ដើម្បី​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​ និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​​តាម​ផ្លូវ​ច្បាប់ពេល​ក្រោយ​៕

មតិយោបល់