ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម ថោ​ន និង ហង្ស​មាស​កំពុង​ប្រជែង​គ្នា​

​មួយរយៈ​ក្រោយ​មក​នេះ ក្រោយ​ភ្លៀង​ពិតជា​មេឃ​ស្រឡះ​មែន សម្រាប់​ឧស្សាហកម្ម​តន្ត្រី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផលិតកម្ម​ធំៗ​មួយចំនួន បាន​ធ្វើ​ការអះអាង​បញ្ឈប់​ការកូ​ពី ទាំងស្រុង ក្នុងនោះ​មាន​ផលិតកម្ម ហង្ស​មាស និង​ផលិតកម្ម​ថោ​ន ។​

​សម្រាប់​ផលិតកម្ម​ហង្ស​មាស ជាមួយនឹង​វ៉ុល​ចុងក្រោយ របស់ខ្លួន CD Vol.493 ដែល​ជា​បទ​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ និង​កំពុង​ចរាចរណ៍​លើ​ទីផ្សារ ជាមួយនឹង​បទ “​ស្រា​អាល័យ​” បាន​អង្រួន​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្តាប់ ឱ្យ​លន្លង់លន្លោច​ហាក់ដូច​ជួប​រឿង​ពិត ខណៈពេល​អង្គុយ​ញ៉ាំ​ស្រា​ជា​មួយ​សង្សា ហើយ​វា​ជា​វេលា​ចុងក្រោយ សម្រាប់​ត្រៀម​ចិត្ត​បែក​គ្នា ដោយ​មិន​មាន​កាលបរិច្ឆេទ​កំណត់ថា នឹង​ជួប​គ្នា​វិញ​ពេល​ណា​ឱ្យ​ប្រាកដ​។​
Town
​ដោយឡែក​សម្រាប់ ផលិតកម្ម​ថោ​ន វិញ បើទោះបីជា​បទ​ថ្មី​ស្នាដៃ​កូន​ខ្មែរ​របស់​ខ្លួន ដែល​ចេញ​កន្លងមក​តិចតួច ក្នុងនោះ​មាន​បទ “​ស្តាប់ Ring Ring Tune បងអូន​ស្រក់​ទឹកភ្នែក​” ដែល​ច្រៀង​ដោយ​កញ្ញា មាស សុខ​សោភា ក៏​ទទួលបាន​ការចាប់អារម្មណ៍​មិន​តិច​នោះ​ទេ​។ ជាមួយ​នឹង​និន្នាការ​ផលិបទ​ថ្មី​សន្លាង​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ ផលិតកម្ម ថោ​ន កំពុង​បង្ហាញ​មហិច្ចតា​របស់​ខ្លួន ដោយ​ត្រៀមខ្លួន​ជា​ស្រេច​នឹង​បង្ហាញ​អាលប៊ុម​ថ្មី Original ជូន​ដល់​ប្រិយមិត្ត​គោលដៅ​របស់​ខ្លួន ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ដោយ​កាន់តែ​ជាក់​ជាងនេះទៅទៀត លោក យឹម តា​ស្រង់ ដែល​ជា​កវីនិពន្ធ​ឆ្នើម ក្នុង​ផលិតកម្ម ថោ​ន បាន​ធ្វើ​ការអះអាង ដោយ Comments នៅលើ ទំព័រ បណ្តាញ​ទំនាក់ទំនង​ហ្វេ​សប៊ុក ថា ” បន្តិច​ទៀត​បទ Original Song របស់​Town នៅក្នុង youtube ក្រៅ​ពី​ក្រុមហ៊ុន អ្នកផ្សេង Upload លែង​បាន​ហើយ ព្រោះ​យើង​កំពុង​តែ​រៀបចំ​ដូច​ថៃ​ដែរ​”​។ ការ Comments បែបនេះ​ដោយសារតែ​លោក បាន Wall Post លើ​គណនី​របស់​ខ្លួន ថា “​បទ​ថៃ​ដែល​ល្បី​មួយ​បទៗ​គេ​ចូល View មើល​សុទ្ធតែ ២០​លាន​ដង ហើយ​ផលិត​កម្មណា​ហ៊ាន​យក​បទ​ទាំងនេះ​មក​ធ្វើ​បទ​ខ្មែរ​ដឹង​តែ​គេ​បាញ់​ទ​ក់សាច់​ពេញ Facebook ហើយ​ហា​ហាហា​….” ។​ជាមួយនឹង​គ្នា​នេះដែរ មិត្តភក្តិ និង​អ្នកគាំទ្រ​របស់​លោក​អ្នក​ខ្លះ​ក៏​គាំទ្រ និង​អ្នកខ្លះ​ទៀត បាន​ចំអក​ឡក់​ឡើយ ដោយ​រំឭក​ពី​អតីតកាល​ចាស់ មក​និយាយ​ទៅវិញ ។​

​មជ្ឈដ្ឋាន​អ្នក​ស្នេហា​វិស័យ​សិល្បៈ បាននាំគ្នា​ខ្សឹបខ្សៀវ​ពីមួយ​ទៅមួយ​ថា ការផលិត​បទ​ថ្មី​នេះ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ មិន​ចំលង​ពី​គេ យើង​ពិតជា​មាន​មោនៈភាព​ខ្លាំងណាស់ ដោយ​ផលិតកម្ម​ធំ​ទាំង​ពីរ អាច​មើលឃើញ​ចំណុច​នេះ និង​កំពុង​ធ្វើ​ការប្រកួតប្រជែង​គ្នា​យ៉ាង​ស្រាក់​សស្រាំ ដើម្បី​សិល្បៈ​ខ្លួន ឲ្យមាន​ពន្លឺ​ឡើងវិញ ពោល​គឺ​ប្រែក្លាយ​បទ​ចម្រៀង​ខ្មែរ​ឲ្យមាន​កេរ្តិ៍ឈ្មោះ ឡើងវិញ កុំឲ្យ​ដូច​ទៅ​នឹង​ពាក្យ​ពោលតៗ​គ្នា​ថា “​ស្នាដៃ​របស់​ខ្លួន​ស្លាប់​មុន​ម្ចាស់​” ។​ចំណុច​នេះ​ដែរ មជ្ឈដ្ឋាន​អ្នក​ស្នេហា​វិស័យ​សិល្បៈ ក៏​បញ្ចេញមតិ​បន្ថែមទៀតថា “​ស្នាដៃ​កូន​ខ្មែរ​កើតឡើង​ហើយ តែ​បើ​សិន​ជា​ខាង​ក្រសួង​ដែល​ពាក់ព័ន្ធ​មិន​អើពើ រឿង​ថតចំលង និង​កូ​ពី​ប្រាកដជា​ធ្វើឲ្យ​ការផលិត​នេះ​អសារ​បង់​ជាក់​ជាមិនខាន​នោះទេ​” ៕​

មតិយោបល់