ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករវ័យក្មេង ចាន់ ណារ៉ូណាន់ ប្រកាសជំហរឯករាជ្យ

តាំងពីប្រកាសបិទចោលផលិតកម្មឥន្ទ្រានិមិត្ត ហើយបង្ហើបអោយដឹងគម្រោងបើកផលិតកម្មផ្ទាល់ខ្លួនមក ផលិតករវ័យក្មេងលោក ចាន់ ណារ៉ូណាន់ ដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងផង និងជាអ្នកផលិតរឿង “កំណត់ហេតុនាងនាថ”ដ៏ល្បីផង នៅមិនទាន់បង្ហាញអោយឃើញនូវជម្រកផ្ទាល់ខ្លួននោះទេ។ យ៉ាងណាមិញក្នុងពិធីសម្ពោធរឿង”ឯណាខ្មោច”របស់ផលិតកម្ម LD កាលពីថ្ងៃទី១៩ មិនា លោកបានប្រកាសថា ខ្លួនគឺជាផលិតករឯករាជ្យ ដោយអត់កុងត្រាផលិតរឿងផ្ដាច់មុខអោយផលិតកម្មណាមួយនោះទេ ដើម្បីមានសិទ្ធិផលិតស្នាដៃអោយផលិតកម្មណាក៏បាន ដែលចង់បានស្នាដៃរបស់លោក។

លោក ចាន់ ណារ៉ូណាន់ បានថ្លែងក្នុងពិធីសម្ពោធស្នាដៃទី៧របស់ខ្លួនថា លោកសម្រេចចិត្តមិនទាន់ចំណាយទុន បង្កើតផលិតកម្មរបស់ខ្លួនតាមក្ដីស្រម៉ៃនោះទេ ដោយសារទី១នៅខ្វះដើមទុន និងទី២នៅខ្វះក្រុមការងារផលិតអោយគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយលោកមើលឃើញពីហានិភ័យនៅឡើយ។ លោកប្រកាសបន្តតំណែងធ្វើជាផលិតករឯករាជ្យ ដោយនឹងចាប់ដៃផលិតភាពយន្តមិនប្រកាន់ផលិតកម្មណាមួយទាំងអស់ពោលគឺអោយតែមានលក្ខណ្ឌសមស្រប។
ជាក់ស្ដែងសម្រាប់ភាពយន្តរឿង”ឯណាខ្មោច” ដែលលោកប្រកាសបើកសម្ពោធ គឺជាភាពយន្តខ្នាតធំ ដែលលោកផលិតអោយផលិតកម្ម LD ខណៈដែលភាពយន្តនេះ លោកថាចំណាយពេលមិនក្រោម៣សប្ដាហ៍ ដើម្បីផលិត និងចំណាយការថតអស់ច្រើនខែ។ ភាពយន្តនេះ ប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី២១ មិនា នៅគ្រប់រោងភាពយន្តទំនើប ដោយក្រោយប្រកាសបញ្ចាំងរឿងនៅភ្នំពេញ ក៏នឹងឡើងទៅសម្ពោធនៅខេត្តព្រះសីហនុ ព្រមជាមួយនឹងការនាំទៅអោយអ្នកគាំទ្របានថតដោយផ្ទាល់។

លោក ចាន់ ណារ៉ូណាន់ បញ្ជាក់ថាស្នាដៃទី៧រឿង “ឯណាខ្មោច” ជាស្នាដៃដែលលោកពេញចិត្តជាងគេ ដោយសារតែភាពយន្តនេះ មានសាច់រឿងភ័យរន្ធត់ កំប្លែង ហើយប្រទាក់ក្រឡា តាំងពីក្នុងពេលនិពន្ធនៅឡើយ។ ក្នុងពិធីកាត់ខ្សែបូរសម្ពោធរឿង “ឯណាខ្មោច”នោះ គេឃើញមានវត្តមានតារាល្បីៗចូលរួមជាច្រើន ដោយតំណាងផលិតកម្ម LD ប្រកាសថា នឹងបោះទុនអោយលោកផលិតស្នាដៃបន្តបន្ទាប់ទៀត ក្រោយដាក់បញ្ចាំងរឿងនេះ៕

មតិយោបល់