ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី០៦ ខែមីនា ឆ្នាំ ២០១៥ កន្លងទៅនេះ អាហារដ្ឋាន «ខ្មែរ DONATE » ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាបឋមសិក្សាចក្រអង្រែក្រោម បានបើក សម្ពោធជាផ្លូវការ ក្នុងគោលបំណងធំដើម្បីវិស័យ មនុស្សធម៌ និងសប្បុរសធម៌។
លោក កែវ សាស្ត្រា ម្ចាស់អាហារដ្ឋាន «ខ្មែរ DONATE» បានថ្លែងប្រាប់ឲ្យដឹងថា ការបើកអាហារដ្ឋាននេះ មិនមែនត្រឹមតែរកលុយ ដាក់ហោប៉ាវសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺលោកចង់ជួយដល់វិស័យមនុស្សធម៌ និងសប្បុរសធម៌ ជាពិសេសគឺមន្ទីរពេទ្យគន្ធបុបា ជាក់ស្ដែង លោកបានជួយដល់ក្មេងចំនួន ៣២នាក់ រស់នៅវត្តអណ្ដូងប្រេង ភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុករលាផ្អៀរ ខេត្តកំពុង ដោយបានផ្ដល់នូវសម្ភារប្រើប្រាស់ជាច្រើន ហើយលោកសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលលោកបានទៅដល់ទីនោះម្ដងទៀត ឃើញក្មេងៗទាំងនោះ ចេះភាសាអង់គ្លេស ដោយអាចរាប់លេខ អក្សរ បានយ៉ាងល្អ។ លោក សាស្ត្រា បានបន្ថែមទៀតថា លោកមានមហិច្ឆិតាធំណាស់ក្នុងការដើរលើវិស័យសប្បុរសធម៌ ដោយថ្មីៗនេះ លោកបានចាប់ដៃគូ ជាមួយបងប្រុស លាក់ ដែលមានចិត្តគំនិត ដូចគ្នា ហើយលោកក៏បានថ្លែងអំណរគុណដល់លោក អោម សេងបូរ៉ា ដែលជាលោកគ្រូ បានបង្ហាត់ និងបង្ហាញនាំឲ្យលោក មានដូចសព្វថ្ងៃ។
តារាសម្ដែង លោកអ៊ឹម ជីវ៉ា ដែលជាភ្ញៀវកិត្តិយសម្នាក់នៅក្នុងកម្មវិធីសម្ពោធអាហារដ្ឋាន «ខ្មែរ DONATE» ក៏បានបញ្ចេញមតិថា នេះជាសកម្មភាពមនុស្សធម៌មួយដែលកម្រមានណាស់ ព្រោះថាមនុស្សភាគច្រើនតែងតែបើកអាជីវកម្មដើម្បីរកប្រាក់ចំណូលផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា អ៊ឹម ជីវ៉ា ត្រូវបានគេសង្កេតឃើញថា បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងសង្គមយ៉ាងសកម្ម ដោយកាលពីថ្មីៗនេះ បានបង្កើតកម្មវិធីសំណេះសំណាល ញ៉ាំបាយសាមគ្គី ដើម្បីជួយដល់អតីតតារាចម្រៀង អ៊ុំ គន្ធា ដែលបានធ្លាក់ខ្លួនដុនដាបដោយសារតែផ្ទុះមេរោគអេដស៍៕
មតិយោបល់