ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗតារាចម្រៀង សុីម សុីណាត ចេញទៅរស់នៅអូស្ត្រាលី

ដ្បិតតែការចាកចេញទៅកាន់ប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃទី១៨ មេសា របស់តារាចម្រៀងលោក សុឹម សុីណាត ត្រូវបានសាមីខ្លួនអះអាងថា គឺជាគម្រោងសម្ដែងរយ:ពេលយូរ ប៉ុន្តែយោងតាមឯកសារ ដែលលោកបានបង្ហាញ គឺលោកនឹងទៅរស់នៅទីនោះតែម្ដង ដោយមិនទាន់ដឹងថា រហូតដល់ពេលណាទេ ទើបលោកមានឱកាស ចុះមកកាន់វិថីសិល្ប:មួយនេះជាថ្មីនោះទេ។ អុីចឹងហើយ ទើបទិដ្ឋភាពជូនដំណើរពីសំណាក់តារាសិល្ប: និងពីសាមីខ្លួនផ្ទាល់ គឺសុទ្ធតែអួលដើមករ ដោយសារតែលោក មិនធ្លាប់បង្ហើបឲ្យដឹងពីគម្រោងចេញទៅរស់នៅប្រទេសអូស្ត្រាលីនេះ ទាល់តែសោះ ស្រាប់តែដល់ម៉ោងដល់ពេល ក៏លើកដៃបាយបាយៗ ហើយប្រាប់ថា ចេញទៅកសាងជីវិតថ្មី លើទឹកដីអូស្ត្រាលី។

លោក ស៊ីម សុីណាត ដែលត្រូវគេស្គាល់កាន់តែច្រើន ក្រោយពីក្លាយជាសមាជិកគ្រួសារតារាកម្ពុជា បានអះអាងថា គម្រោងធានាឲ្យលោកទៅសម្ដែង និងរស់នៅអចិន្ត្រៃយ៍នៅលើទឹកដីប្រទេសអូស្ត្រាលី ត្រូវបានគិតគូរជាយូរមកហើយ ប៉ុន្តែមកពីឯកសារផ្លូវការ មិនទាន់ទម្លាក់មក ទើបលោកចេះតែស្ងៀមៗ ហើយបិទបាំង។

យ៉ាងណាមិញលោកថា ឯកសារដែលបានធ្លាក់មក គឺតម្រូវឲ្យលោកមានសិទ្ធិរស់នៅស្របច្បាប់ នៅក្នុងប្រទេសអូស្ត្រាលី ទើបលោកត្រូវបង្ខំចិត្ត ចាកចេញពីវិថីសិល្ប:នៅកម្ពុជា ហើយធ្វើដំណើរទាំងអាល័យ កាលពីព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០១៩ ដោយសូម្បីតែរូបលោក ក៏ហូរទឹកភ្នែក ព្រោះមិននឹកស្មានថា វាសនារបស់ខ្លួន មានឱកាសបានទៅរស់នៅ ប្រទេសអូស្ត្រាលី តាមការសន្យារបស់អ្នកធានា។ យ៉ាងណាមិញលោកថា ខ្លួនមានសិទ្ធិចុះមកកម្ពុជាវិញពេលណាក៏បាន បន្ទាប់ពីសម្ដែងចប់៣ខែ ដែលមានន័យថា បើលោកទៅសម្ដែង ហើយមិនចង់រស់នៅក្នុងប្រទេសអូស្ត្រាលីនោះទេ នោះលោកនឹងត្រលប់មកកម្ពុជាវិញ បាននៅ៣ខែក្រោយ។

លោក សុឹម សុីណាត បន្តថា បើទោះជាការរស់នៅទឹកដីថ្មី អាចមិនដូចអំឡុងពេលលោករស់នៅលើទឹកដីប្រទេសកម្ពុជា ប៉ុន្តែលោកនឹងតស៑ូរស់នៅទីនោះ មិនឲ្យម្ចាស់ស្ពុនស័រ ដែលខំរត់ការខកបំណងនោះទេ ដោយសារតែលោក ក៏មានអារម្មណ៍នឿយណាយ នឹងជីវិតរកប្រាក់ពីការច្រៀងរាំយ៉ាងលំបាកនៅកម្ពុជា ដែលតម្រូវឲ្យលោក ត្រូវតែជ្រើសផ្លូវមួយថ្មី នៅលើទឹកដីអូស្ត្រាលី ដោយទទួលច្រៀងតាមការរៀបចំរបស់ម្ចាស់ស្ពុនស័រផង និងស្វែងរកការងារ ដើម្បីកសាងជីវិតមួយថ្មីផង នៅលើទឹកដីនោះ។ លោកថាដំណើរ ទៅអូស្ត្រាលីរបស់លោក គឺជាដំណើរដែលធ្វើឲ្យលោកអួលដើមករ ប៉ុន្តែលោកក៏សប្បាយ និងរំភើបចិត្តណាស់ដែរ នៅពេលឃើញអ្នកសិល្ប:មកជូនដំណើរច្រើន ហើយអ្នកដែលភ្ញាក់ នឹងដំណឹងចាកចេញរបស់លោក ក៏ផ្ញើសារជូនពរ និងខលមកសួរនាំច្រើន។ យ៉ាងណាមិញ បើលោកចុះមកលេងស្រុកខ្មែរ គឺលោកនឹងនៅតែបង្ហាញខ្លួន ក្នុងកម្មវិធីសប្បុរសធម៍ និងទទួលច្រៀងដូចសព្វដង ដោយមិនបោះបង់សិល្ប: និងគ្រួសារតារាកម្ពុជានោះឡើយ៕

មតិយោបល់