ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈយុទ្ធ ចេញ«ជម្រើសទី២»នៅសាន់ដេ

ខណ:ដែលតារាចម្រៀងភាគច្រើននាំគ្នាទៅជ្រកនៅក្នុងផលិតកម្មហង្សមាសរួមមាន កញ្ញា សុខ ស្រីនាង និងលោកខេមរ: សិរីមន្តជាដើមនោះ តារាចម្រៀងលោក ឆាយ វិរ:យុទ្ធ មិនខ្វល់ពីរឿងចាកចេញនេះទេ។ ផ្ទុយទៅវិញលោកបានបង្អួតបទថ្មីក្រោមចំណងជើងថា«ជម្រើសទី២» ដែលជាប្រភេទ Original Song យ៉ាងរំភើយវាយលុកទីផ្សារ។ អ្វីដែលគេចាប់អារម្មណ៍ គឺចម្រៀងមួយបទនេះទទួលបានការចាប់អារម្មណ៍តែម្ដង បន្ទាប់ពីបានបង្ហោះផ្លូវការនៅលើយូធូប ដោយសារតែមានអត្ថន័យ និងសាច់រឿងទាក់ចិត្តយុវវ័យ។

មានការចាប់អារម្មណ៍មិនតិចនោះទេ ជាមួយនឹងបទចម្រៀងនិពន្ធថ្មីស្នាដៃកូនខ្មែរ របស់តារាចម្រៀងលោក ឆាយ វិរ:យុទ្ធ ក្រោមចំណងជើងថា«ជម្រើសទី២»ដែលជាបទចម្រៀងរៀបរាប់ពីស្នេហាប្រេះឆា របស់យុវវ័យ២នាក់ ដែលអត្ថន័យក្នុងបទចម្រៀងនេះ ត្រូវគេមើលឃើញថាចាក់ដោតត្រូវចំបេះដូងយុវវ័យ។ យ៉ាងណាក៏ដោយនៅមិនទាន់មើលដឹងពីសន្ទុះឈានឡើងបន្តទៀតរបស់បទនេះ ថានឹងដល់កម្រិតខ្ពស់យ៉ាងណានៅឡើយទេ បើទោះជាជាគ្រាន់តែបង្ហោះជាMV ភ្លាម ក៏មានការចែកចាយ និងចូលទស្សនាជាច្រើនម៉ឺនដងពីអ្នកគាំទ្រ។ នេះជាបទ Original Song ដែលធ្វើតារាចម្រៀងលោក ឆាយ វិរ:យុទ្ធ មានជំនឿចិត្តខ្ពស់ក្នុងការពង្រីកទីផ្សារ បន្ទាប់ពីលោកបានក្លាយជាតារាចម្រៀងជួរមុខប្រចាំផលិតកម្មសាន់ដេ តាំងពីលោក ខេមរ: សិរីមន្ត នៅជ្រកក្នុងទ្រនំជាមួយ។ នេះជាបទដែលលោកប្រកាសថាបានសម្រិតសម្រាំងទាំងបទភ្លេង ទាំងប៉ារ៉ូល និងសាច់រឿងផងដែរ ដោយលោកនឹងច្រៀងប្រូម៉ូតឲ្យកាន់តែគគ្រឹកគគ្រេងបន្ថែមទៀតនៅលើកញ្ចក់ទូរទស្សន៍ ក្រោយទទួលបានការចាប់អារម្មណ៍នៅលើយូធូប។ បន្ថែមពីលើបទនេះ លោកក៏ប្រកាសជំហរផលិតបទជាស្នាដៃថ្មីឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ ដើម្បីវាយលុកទីផ្សារ និងដើម្បីលើកស្ទួយវិស័យចម្រៀងនៅកម្ពុជា។ លោកធ្លាប់អះអាងថានឹងជំរុញឲ្យមានការផលិតបទថ្មី ដែលមិនចម្លងធ្វើជាបទរបស់ខ្លួនឲ្យកាន់តែច្រើន ហើយជាលទ្ធផលបទ«ជម្រើសទី២» ក៏លេចរូបរាង ដោយចម្រៀងមួយបទនេះ ធ្វើឲ្យម្នាក់មានការចាប់អារម្មណ៍ ជាពិសេសគឺស្ទីលម៉ូដសក់ និងស្ទីលសម្ដែងជាតួអ្នកលេងរបស់លោកតែម្ដង។ អ្នកគាំទ្រភាគច្រើនលើកឡើងថា លោកឆាយ វិរ:យុទ្ធ នឹងកាន់តែមានទីផ្សារឈានឡើងនៅក្នុងពិភពចម្រៀង ដោយសារតែលោកបានដើរតាមលំនាំតារាចម្រៀងលោកព្រាប សុវត្ថិ គឺបើកចំហរជីវិតអាពាហ៏ពិពាហ៍ ហើយប្រឹងប្រែងផលិតបទជាស្នាដៃកូនខ្មែរ គេចផុតពីការរិះគន់។

តោះស្ដាប់សាក បទ«ជម្រើសទី២»Original Song របស់លោកឆាយ វិរ:យុទ្ធ តិចមើល៖


មតិយោបល់