ខុសពីការប៉ាន់ស្មានដែលថាអតីតតារាសម្ដែង និងជា Freshies boy ល្បីល្បាញ លោកថៃ នរៈវិទូ ធ្វើខួបកំណើតឆ្លងវ័យ៣០ចូល៣១ឆ្នាំ ទំនងនឹងមានតារាសិល្បៈ និងភ្ញៀវកិត្តិយសមិនច្រើនណាស់ណា ចូលរួមពិធីខួបរបស់លោក ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ មេសា តែផ្ទុយទៅវិញ បែរជាឃើញភ្ញៀវយ៉ាងច្រើនកុះករតែម្ដង ដោយក្នុងពិធីនោះ គេឃើញភ្ញៀវអ្នកចូលរួម ស្ទើរមិនមានតុអង្គុយនោះផង។ ខួបកំណើតដែលបានធ្វើឡើងជាទ្រង់ទ្រាយធំនេះ ត្រូវបានម្ដាយរបស់លោក គឺ អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកនិពន្ធបទចម្រៀង ដ៏ឆ្នើមរៀបចំអោយ ដើម្បីប្រកាសអោយដឹងថា លោក ថៃ នរៈវិទូ ក្រោយបញ្ចប់ពិធីខួបកំណើតទៅ គឺត្រលប់មកកាន់វិថីសិល្បៈវិញហើយ។
អ្នកស្រី ងិន ម៉ានីយ៉ា បានថ្លែងបញ្ជាក់ថា ដោយសារតែអ្នកស្រី រៀបនឹងបើកក្រុមហ៑ុនប្រកាសលក់ អាហារបំប៉នសុខភាពល្បីល្បាញ ក្នុងអំឡុងចុងខែមេសានេះផង ទើបអ្នកស្រីសម្រេចធ្វើខួបអោយកូនប្រុស គឺលោក ថៃ នរៈវិទូ អោយធំតែម្ដង ដើម្បីអោយកូនមានសិរីសួស្ដីក្នុងឆ្នាំថ្មីផង និងដើម្បីអោយកូនសប្បាយចិត្តផង។ អ្នកស្រីពិធីនេះ មិនខុសពីបើកឱកាសអោយថៃ នរៈវិទូ បានជួបជុំមិត្តភ័ក្ត្រម្ដងទៀត និងដើម្បីមហាជនដឹងថា បើទោះជាកូនប្រុសរបស់អ្នកស្រី ធ្លាប់ដើរផ្លូវខុសធ្វើអោយមានការរិះគន់កាលពីមុន ប៉ុន្តែពេលនេះ លោកបានកែប្រែជំហរ និងដើរតួជាប្ដីល្អជាកូនល្អ និងជាឳពុកល្អវិញហើយ ដោយអ្នកស្រី ប្រកាសថា លោក ថៃ នរៈវិទូ នឹងបង្ហាញមុខថតកុនជាថ្មី ហើយរំពឹងថា នឹងទទួលបានប្រជាប្រិយភាពដូចដើមនោះផង។
លោកថៃ នរៈវិទូ ដែលត្រូវលោក ថៃ នរៈសត្យា ជាឳពុកលើកសរសើរ មិនដាច់ពីមាត់ក្នុងពេលជូនពរខួបកំណើត បានថ្លែងបញ្ជាក់ថា នៅអំឡុងចុងខែ៥ខាងមុខ លោកនឹងបង្ហាញមុខថតកុនវិញហើយ ដោយមានក្រុមហ៑ុនមួយ បានទាក់ទងអោយលោកថតកុនរឿងខ្លី ដែលរឿងបើកឆាកក្នុងជីវិតសិល្បៈជាថ្មីរបស់លោកនោះ គឺលោកនៅតែទទួល បានតំណែងតួឯក។ លោកថាខ្លួនត្រលប់មកកាន់សិល្បៈម្ដងនេះ មិនមែនគ្រាន់តែចូលលេងៗ នោះទេ គឺចូលអោយស៑ប់តេម្ដង ដោយទទួលទាំងថតស្ពត ថតរឿងដុំ និងថតរឿងភាគ បើទោះជាត្រូវប្រើពេលច្រើនខែ និងត្រូវចុះទៅខេត្តឆ្ងាយៗ ប៉ុន្តែលោកនឹងម្រេចដើរផ្លូវសិល្បៈជាថ្មី ដើម្បីកសាងកេរ្តិ៍ឈ្មោះ។
លោករំពឹងថាវិថីសិល្បៈរបស់ខ្លួន នឹងមិនយឺតពេលទេ ដោយសារតែគ្រាន់តែប្រកាសសម្ដែង នៅលើហ្វេសប៑ុកកាលពីប៉ុន្មានថ្ងៃមុនលេងៗផង ក៏មានផលិតករទាក់ទងបានមួយរឿងទៅហើយ៕

































មតិយោបល់