ព័ត៌មានជាតិ

ម៉ូតូរ៉ឺម៉កដឹកដូងលក់ បុកបុរសម្នាក់ បណ្ដាលឲ្យរបួសធ្ងន់

តាកែវ: នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូរ៉ឺម៉កនិងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា
ស្ថិតនៅលើផ្លូវលំក្រាលគ្រួសក្រហម ក្នុងភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ អឿន ធី ភេទប្រុស អាយុ ៣១ឆ្នាំ (រងរបួសធ្ងន់) មុខរបរកសិករ នៅភូមិត្រពាំងឈូក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើដំណើរពីកើតទៅលិច ជិះម៉ូតូម៉ាក ហុងដាគុបជ្រុង C50 ពណ៌ទឹកប៊ិច គ្មានពាក់ស្លាកលេខ។

ម៉ូតូរ៉ឺម៉កបង្ក ម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ណុប ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរដឹកដូងលក់ នៅភូមិឃុំកើតហេតុខាងលើ (គ្មានរបួស) ធ្វើដំណើរមកលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយម៉ូតូខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងដោះស្រាយទៅតាមនីតិវិធី ចំណែកឯជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ៕

មតិយោបល់