ភ្នំពេញៈ យោងតាមការបញ្ជាក់របស់តំណាងក្រុមបង្ហាញម៉ូដ Sun Super Model បានអះអាងថា ខ្លួនបានបញ្ជូនតារាម៉ូដែលមួយរូប ដែលឈ្មោះថា ឃឹម សុផានីត ហៅហ្សានីត ឲ្យចេញទៅប្រកួតប្រុសស្អាតក្នុងកម្មវិធី«Mr.United Continent 2016» នៅក្នុងប្រទេសហ្វីលីពីន។ លោកត្រូវបានអនុញ្ញាតិឲ្យចាកចេញពីប្រទេសកម្ពុជា ទៅប្រកួតនៅក្នុងព្រឹត្តិការណ៍នេះកាលពីថ្ងៃទី១២ កក្កដា ដើម្បីប្រកួតសម្រស់ក្នុងចំណោមបេក្ខភាពចំនួន២២រូបមកពីប្រទេសផ្សេងៗ។
លោក ខន ប្រសិទ្ធ អ្នកគ្រប់ក្រុមបង្ហាញម៉ូដ Sun Super Model បានថ្លែងប្រាប់ Postnews ថា លោក ឃឹម សុផានិត ត្រូវបានជ្រើសរើសឲ្យចូលប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីក្រុមហ៊ុនទាំងមូលបានកត់សម្គាល់ឃើញថា រូបសម្បត្តិរបស់លោកមានភាពទាក់ទាញសម្រាប់ការប្រកួតប្រជែង។ លោកថា ព្រឹត្តិការណ៍ «Mr.United Continent 2016» គឺជាការប្រកួតស្វែងរកប្រុសស្អាតជាលក្ខណៈអន្តរជាតិដែលត្រូវធ្វើឡើងរាល់ឆ្នាំ ដោយក្នុងឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៣ កក្កដានេះ។ លោកថា នេះជាព្រឹត្តិការណ៍ដែលមានបណ្ដាបុរសសង្ហារមកពីបណ្ដាប្រទេសនានាកាន់តែច្រើនចួលរួម ទើបក្រុមហ៊ុនរបស់លោកសម្រេចចិត្តដាក់តារារបស់ខ្លួនឲ្យចូលប្រកួត។
លោក ខន ប្រសិទ្ធ បញ្ជាក់ថា បេក្ខភាពដែលបានបញ្ជូនចេញនេះ មានអាយុ២៣ឆ្នាំ មានកម្ពស់១,៨៥ម៉ែត្រ និងមានរូបរាងប្រកបដោយកាយសម្បទាពេញ សមជាបុរសសង្ហារគ្រប់គ្រាន់ ក្នុងចំណោមតារាម៉ូដែលទាំងអស់។ យ៉ាងណាក៏ដោយលោកក្នុងនាមជាមេក្រុម នៅមិនទាន់រំពឹងខ្ពស់ពីឱកាសជាប់ជ័យលាភីនោះទេ ដោយសារតែបុរសសង្ហារដែលមកពីបណ្ដាប្រទេសផ្សេងៗក៏មានរូបសម្បត្តិ និងកាយសម្បទាមិនអាចមើលស្រាលផងដែរ។ ប៉ុន្តែអ្វីដែលលោករំពឹងទុក គឺអន្តរជាតិនឹងបានឃើញរូបសម្រស់របស់តារាខ្មែរនៅលើឆាកអន្តរជាតិ ដែលមិនខុសពីជួយឲ្យបរទេសកាន់តែចាប់អារម្មណ៍ចំពោះកម្ពុជាទ្វេរដងឡើយ។ លោកថានេះមិនមែនជាលើកទី១ទេ ដោយសារតែពេលកន្លងមក ក្រុមហ៊ុនសាន់ម៉ូដែល ក៏ធ្លាប់បញ្ជូនប្រុសសង្ហារៗដែលជាម៉ូដែលរបស់ខ្លួនឲ្យចេញទៅប្រកួតសម្រស់ជាលក្ខណៈអន្តរជាតិបែបនេះផងដែរ។ លោកថា មុនចាកចេញទៅប្រកួតនៅក្នុងប្រទេសហ្វីលីពីន លោកហ្សានីត ក៏បានសម្ដែងជាតួឯកក្នងភាពយន្តរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ ដែលបង្ហាញពីសន្ទុះជោគជ័យរបស់តារារូបនេះផងដែរ។
គម្រោងចេញដំណើរទៅប្រកួតនៅក្រៅប្រទេសរបស់លោក ហ្សានីត លើកនេះ គឺជាការរៀបចំរបស់មន្ទីរព្យាបាលធ្មេញ វីលៀម បព្វតាស្ទីតយ៉ូ និងហាងកាត់ដេរ បូរ៉ានិច ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ លើឆាកអន្តរជាតិ៕
មតិយោបល់