ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ គឹមធីតា អះអាងថា គូម៉ា អត់ប្រចណ្ឌជាមួយនាយគ្រឿន

ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងភាពយន្តរឿង “ផ្ទះចុងភូមិ”កាលពីល្ងាចថ្ងៃទី៦ ឧសភា របស់ផលិតកម្មមហាហង្ស ដែលតារាសម្ដែង កញ្ញា ម៉ៅ គឹមធីតា គឺជាតួឯក ហើយសម្ដែងស្និទ្ធស្នាល ជាមួយនាយគ្រឿននោះ បានអះអាងថា តារាចម្រៀង លោក គូម៉ា ដែលជាគូស្នេហ៍អត់មានប្រចណ្ឌនោះទេ បើទោះជានាង និងនាយគ្រឿន សម្ដែងស្និទ្ធិ ជាមួយគ្នា២រឿងមកហើយ ប្រៀបដូចជាគូស្នេហ៍មែនទែន។ នាងបានទាំងអះអាងថា គូស្នេហ៍របស់ខ្លួន បើកចំហរសម្រាប់ការសម្ដែងភាពយន្ត ព្រោះតែដឹងថា នោះគ្រាន់តែជាសកម្មភាពសិល្ប:។

កញ្ញា ម៉ៅ គឹមធីតា ដែលគេស្គាល់ថា ជាគូស្នេហ៍បើកចំហររបស់លោក គូម៉ា បានថ្លែងបញ្ជាក់ថា ក្នុងភាពយន្តរឿង “ផ្ទះចុងភូមិ” នាង និង នាយគ្រឿន បានសម្ដែងជាមួយគ្នា ជាលើកទី២ហើយ ដោយកាលពីលើកទី១ គឺផលិតករតម្រូវឲ្យនាយគ្រឿន បឺតមាត់នាងក្នុងនាមជាគូស្នេហ៍ផង ប៉ុន្តែសម្រាប់គូស្នេហ៍របស់នាង គឺនៅតែមិនប្រចណ្ឌ។ នាងថាសម្រាប់ការសម្ដែងសិល្ប: មិនថាឈុតអី ឬ ប្លង់អីនោះទេ លោកគូម៉ា អត់ប្រចណ្ឌតែម្ដង ប៉ុន្តែបើភាពស្និទ្ធស្នាល ជាមួយតារាសិល្ប: ឬ ជាមួយបុគ្គលណាមួយ ខុសពីពេលសម្ដែង គឺលោកប្រចណ្ឌខ្លះដែរ។

នាងថាក្នុងរឿង “ផ្ទះចុងភូមិ” នាង និង នាយគ្រាន់ គ្រាន់តែសំបូរឈុតថើបគ្នា និងលើកបីគ្នា ក្នុងនាមជាគូស្នេហ៍ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈុតស្វីតៗ និងឈុតបឺតមាត់ជាដើមដូចកាលសម្ដែងប៉ះគ្នា ក្នុងរឿងទី១ គឺមិនមាននោះទេ។ នាងបានទាំងបង្ហាញការជឿជាក់ថា ភាពយន្តដែលនាង បានសម្ដែងជាតួឯកនេះ នឹងទទួលជោគជ័យ លើសពីការរំពឹងទុកនោះផង។

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ក៏បានបញ្ជាក់ផងដែរថា ភាពយន្តរឿង”ផ្ទះចុងភូមិ” គឺមានចំណុចខ្លាំងច្រើនផ្នែក ដែលលោកជឿជាក់ ជាពិសេសគឺសាច់រឿង ប្លង់សម្ដែង និងបច្ចេកទេសសំទ្បេង តែម្ដង ដែលធ្វើឲ្យយល់ថា អ្នកទស្សនាពិតជាភ្ញាក់ផ្អើលនឹងស្នាដៃបើកល្បាលរបស់លោក ក្នុងឆ្នាំ២០១៩នេះ។ លោកថា មួយរឿងនេះ លោកបានព្រលែងដៃ ឲ្យក្រុមផលិតករ សម្រាំងគុណភាព ម៉ាអស់ដៃ ទើបធ្វើឲ្យភាបយន្តចេញមក សូម្បីលោកក្នុងនាម ជាផលិតករក៍ជឿជាក់។
ភាពយន្តនេះ នឹងប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃទី៨ ឧសភា តទៅ ដោយគ្រាន់តែយកស្នាដៃ ទៅឆ្លងក្រសួង ក៏បានបង្ហាញពីការសរសើរដូចអ្វី ដែលលោកលើកឡើងនោះដែរ។

យោងតាមការកត់សម្គាល់ ភាពយន្តរឿង “ផ្ទះចុងភូមិ” មានគុណភាព និងសាច់រឿងប្រទាក់ក្រឡា មានលាក់សាច់រឿង និងមានឈុតឆាកំប្លែង ភ័យរន្ធត់ តាំងពីដើមរឿងដល់ចប់ល្អមើល។ តារាសិល្ប: និងភ្ញៀវកិត្តិស ដែលបានទស្សនានៅក្នុងពិធីសម្ពោធរឿង សុទ្ធតែលាន់សរសើរថា ស្នាដៃនេះ ខុសពីស្នាដៃកន្លងមក ស្របគ្នាដែលតួសម្ដែង ក៏ត្រូវផលិតកម្មមួយនេះ ដាក់សុទ្ធតែតួល្បីៗ ដើម្បីរំលេចផ្ទៃរឿង។ យ៉ាងណាមិញនៅក្នុងពិធីកាត់ខ្សែបូរនោះ តួអង្គសំខាន់៣រូបគឺ នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និងទ្រង់ សុីសុវត្ថិ សិរីវុឌ មិនបានបង្ហាញខ្លួនចូលរួមទេ ព្រោះតែជាប់ការងារតាមខេត្ត៕

មតិយោបល់