ព័ត៌មានជាតិ

សង្ឃក្លែងបន្លំ ៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនឆ្លៀតឱកាស៣នាក់ ក្លែងបន្លំខ្លួនធ្វើជាសង្ឃ ត្រូវបានសមត្ថកិច្ចតាមទាន់ ឃាត់ខ្លួនបាន រួមជាមួយអ្នកបើកបររ៉ឺម៉កម្នាក់ផងដែរ កាលពីវេលាម៉ោង០៥និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចតាមដងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សង្ឃក្លែងក្លាយទាំង៣នាក់ខាងលើ ទី១ ឈ្មោះ ជា ផាន់នី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី២ ឈ្មោះ ជិន សាមុន អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងទី៣ ឈ្មោះ វៃ សុីណា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកអ្នកបើកបររ៉ឺម៉កម្នាក់ ឃាត់ខ្លួនដែរនោះ ឈ្មោះ សួស ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅម្តុំចម្ការដូង ។ ទាំង៤នាក់មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង។

អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មុនកើតហេតុខណ:កម្លាំងសមត្ថកិច្ច ជិះម៉ូតូដើរល្បាត មើលក្នុងមូលដ្ឋាន ដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កម៉ូតូកង់បីខាងលើ មានអ្នកជិះ០៣នាក់ ដោយកោសក់ខុសប្រក្រតី ក៏ឃាត់ឆែកឆេរ ស្រាប់តែឃើញសម្ភារ:សង្ឃក្លែងបន្លំស្បង់ជីវរ ឃាត់ជាក់ស្តែងតែម្តង រួចក៏នាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ច សង្ឃក្លែងបន្លំខាងលើ បានប្រាប់ថា ពួកគេមិនមែនលោកសង្ឃទេ ជាប្រជាពលរដ្ឋធម្មតា ដោយសារតែធ្វើការសំណង់រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារនានា ក្នុងក្រុងតែម្តងដោយមានរ៉ឺម៉កព្រឹកឡើង មកដឹកចេញពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់មកស្បង់ជីវរតាមដងផ្លូវ។

ក្រោយពីមានចម្លើយសារភាព បច្ចុប្បន្នជនក្លែងបន្លំខាងលើ ត្រូវបាននាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត៕

មតិយោបល់