ក្នុងដំណើរទស្សនកិច្ច និងបង្ហាញពីអត្តសញ្ញាណខ្មែរ នៅលើទឹកដីខ្មែរ សិល្បករមួយក្រុមពីប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីជនជាតិជប៉ុន។ ក្រៅពីលេចធ្លោក្នុងក្បួនដង្ហែរប្រចាំឆ្នាំរបស់ជប៉ុន សិល្បករខ្មែរ ក៏ទទួលបានការស្វាគមន៍ពីម្ចាស់ក្រុមហ៑ុនអចលនទ្រព្យធំមួយ ដែលមានបំណង ចង់ជំរុញដល់សិល្បៈវប្បធម៍របស់ខ្មែរផងដែរ។
អ្នកស្រី ឆោម ស្រស់ ប្រធានអង្គការរួបរួមពលរដ្ឋកម្ពុជាជប៉ុន ដែលជាអ្នកធានាយកតារាសិល្បៈខ្មែរ មកកាន់ប្រទេសជប៉ុន បានអះអាងថា បន្ទាប់ពីបងប្អូនខ្មែររស់នៅប្រទេសជប៉ុនប្រមាណជិត១០០នាក់ បានធ្វើក្បួនដង្ហែរបង្ហាញពីសិល្បៈខ្មែរ ក្នុងពិធីបុណ្យប្រចាំឆ្នាំធំមួយ ដែលមានការចូលរួម ពីបណ្ដាប្រទេសជាច្រើន អ្នកស្រីក៏បានធានាយក តារាសិល្បៈមួយក្រុម ដឹកនាំដោយលោក នូ សុផេន អោយមកបង្ហាញទម្រង់សិល្បៈ នៅតាមបណ្ដាក្រុមហ៑ុនតូចធំ តាមសាលារៀន និងតាមសហគមន៍ ដែលមានបងប្អូនខ្មែររស់នៅ ដើម្បីអោយកូនខ្មែរ ដែលធំធាត់នៅក្នុងប្រទេសជប៉ុន បានស្គាល់ពីអត្តសញ្ញាណ ជាតិរបស់ខ្លួន និងដើម្បីអោយបរទេស ពិសេសគឺជនជាតិជប៉ុន កាន់តែស្គាល់ពីខ្មែរ ក្រៅពីស្គាល់អង្គរវត្តតែម្ដង។
ក្នុងនាមជាប្រធានសមាគមតំណាងជនជាតិខ្មែរ នៅក្នុងប្រទេសជប៉ុន ក្រៅពីធ្វើសកម្មភាពស្វែង រកមូលនិធិជួយដល់សហគមក្រីក្រនៅកម្ពុជា អ្នកស្រីរមែងប្រមូលផ្ដុំខ្មែររៀបចំជាកម្មវិធីផ្សេងៗ ដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយអ្នកស្រី ក៏ព្យាយាមស្វែងរកស្ពុនស័រ ដើម្បីអោយសមាគមរបស់អ្នកស្រី មានលទ្ធភាពស្ពុនស័រសិល្បករខ្មែរ មកផ្សព្វផ្សាយវប្បធម៍ នៅក្នុងប្រទេសជប៉ុន អោយបានច្រើននាក់ ជាងលើកនេះផងដែរ។ ជាក់ស្ដែងក្នុងសម្ដែងការគួរសម ជាមួយម្ចាស់ក្រុមហ៑ុនអចលនទ្រព្យធំមួយ Chintai កាលពីថ្ងៃទី៩ ឧសភា ដោយមានការសម្ដែងសិល្បៈផង អ្នកស្រីជនជាតិជប៉ុនមួយក្រុមនេះ បានឲ្យតម្លៃដល់អ្នកសិល្បករខ្មែរយ៉ាងខ្លាំង។
លោក នូ សុភេន អ្នកដឹកនាំតារាខ្មែរ មកបង្ហាញអត្តសញ្ញាណជាតិ នៅលើទឹកដីជប៉ុន បានអះអាងថា គម្រោងមកកាន់ប្រទេសលើកនេះ គឺជាលើកទី២ហើយ ដោយវត្តមានសិល្បករខ្មែរ លើកនេះ ត្រូវបានស្នើមកច្រើនជាងមុន ទើបអាចបែងចែក ជាអ្នករបាំបុរាណខ្លះ និងអ្នកចម្រៀងខ្លះ តែអ្វីដែលលោក បានបង្ហាញគឺទម្រង់របាំខ្មែរ និងសំលៀកបំពាក់ខ្មែរ ក្នុងពេលបង្ហាញខ្លួនជូនបណ្ដាជនជាតិជប៉ុននោះតែម្ដង។ លោកថាវត្តមានដឹកនាំតារាមកប្រទេសជប៉ុនលើកនេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ឧសភា ដោយដំណើរដឹកនាំសិល្បករ មកបង្ហាញអត្តសញ្ញាណលើកនេះ ក៏មានសហការ ជាមួយស្ថាបនិក គ្រួសារតារាកម្ពុជាផងដែរ។
នាយក្រុមហ៑ុន Chintai ដែលជាអ្នកចំណាយលើសំបុត្រយន្តហោះរបស់ក្រុមសិល្បៈ បានអះអាង លោកនឹងបន្តស្ពុនស័រសិល្បករខ្មែរ អោយមានឱកាសមកបង្ហាញទម្រង់សិល្បៈ នៅក្នុងប្រទេសជប៉ុន អោយបានច្រើននាក់ជាងនេះ ដើម្បីអោយសិល្បករខ្មែរ បានមកជប៉ុនអោយបានចំនួនច្រើន និងច្រើនលើកក្នុងមួយឆ្នាំ ក្នុងការផ្សព្វផ្សាយពីវប្បធម៍អរិយធម៍។
លោកថាកម្ពុជាជាជាតិសាសន៍ ដែលមានវប្បធម៍បុរាណសម្បូរបែប និងគួរអោយស្ញើចសរសើរ ទើបលោកពេញចិត្តចំណាយ លើសំបុត្រយន្តហោះរបស់សិល្បករខ្មែរ។ ក្នុងឱកាសនោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានប្រគល់ជូនភរិយារបស់អគ្គនាយកក្រុមហ៑ុនអចលនទ្រព្យ Chintai នូវសុីញរបស់គ្រួសារតារាកម្ពុជា ដែលជានិមិត្តសញ្ញានៃការលើកស្ទួយសិល្បៈវប្បធម៍ខ្មែរ ទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ៕
មតិយោបល់