ព័ត៌មានជាតិ

រថយន្តទំនើប LX-570 មិនចាំស្លាកលេខ បុកម៉ូតូស្មាក់ ផ្លោងនារីម្នាក់ ចូលរថយន្តមួយគ្រឿងទៀត ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: នារីពីរនាក់ បានជិះម៉ូតូមួយគ្រឿង ទៅទិញម្ជូរហូប ត្រូវបានរថយន្តស៊េរីទំនើប៥៧០ មិនចាំស្លាកលេខបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀត ចតស្រៀមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះនេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩កែងនិងផ្លូវ១០៨ ខាងលិចផ្សារចាស់ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនរងគ្រោះ ឈ្មោះគ្រី ម៉ាស់ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅហាងអីនធើណែតមួយកន្លែង ក្បែងកន្លែងកើតហេតុស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតស្រុកសួង ខេត្តត្បូងឃ្នុំ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពីបុរសម្នាក់ ដែលអះអាងថាជាម្ចាស់ម៉ូតូ បានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះទាំងពីរនាក់ ជាអ្នករួមការងារ ជាមួយគ្នានៅហាងអីនធើណែតមួយកន្លែង បានខ្ចីម៉ូតូគាត់មួយគ្រឿង ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-1867 យកជិះទៅទិញម្ជូរហូប ដោយធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ១៩ មកដល់កែងនិងផ្លូវ១០៨ ត្រង់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ម៉ាក LX-570 ពណ៌សមិនចាំស្លាកលេខ បើកបរពីលិចទៅកើត តាមបណ្តោយផ្លូវ១០៨ មកបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ ផ្លោងទៅចូលក្រោមរថយន្តមួយគ្រឿង ម៉ាកលុចស៊ីសGX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7593 ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការខណ្ឌដូនពេញ រងចាំសាច់ញាតិយកឯកសារ មកផ្ទៀតផ្ទាត់ប្រគល់ជូនម្ចាស់វិញ។

ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់