ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតតារាសម្ដែងមួយរូប ប្រកាសប្ដឹងគូបណ្ដឹងរហូតដល់ ២៥មុឺនដុល្លារ

យោងតាមបទសម្ភាសន៍កាលពីរសៀលថ្ងៃទី២១ ឧសភា នៅមុខសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ដួង ជានិច្ច ដែលជាអតីតតារាសម្ដែង និងជាអ្នកអានព័ត៍មាននៅទូរទស្សន៍ CTN បានអះអាងថា កញ្ញាបានសម្រេចប្ដឹង អ្នកស្រី ទាវ ប៑ុនចិន្តា អ្នកលក់ផលិតផលអនឡាញ ពីបទញុះញង់ និងបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្តពីភាគីរហូតដល់២៥មុឺនដុល្លារ។ នៅមិនទាន់ដឹងថា ករណីបណ្ដឹង នឹងត្រូវបានតុលាការកាត់ក្ដីយ៉ាងណានៅឡើយទេ ខណ:ដែលបណ្ដឹងនេះ ទើបតែរុញចេញពីក្រសួងមហាផ្ទៃ ដល់ដៃតុលាការ។

កញ្ញា ដួង ជានិច្ច ជាដើមបណ្ដឹង បានអះអាងថា ហេតុផលដែលនាំឲ្យមានពាក្យបណ្ដឹង ដ៏ចម្រូងចម្រាស់នេះ គឺដោយសារតែអ្នកស្រី ទាវ ប៑ុនចិន្តា ម្ចាស់ភាគហ៑ុនប្រចាំក្រុមហ៑ុន Biocos 24K Gold Cambodia បានហៅឲ្យកញ្ញាថតផ្សាយផលិតផលម៉ាស់បិទមុខមួយប្រភេទ ដោយឯកភាពគ្នា ក្នុងតម្លៃ១២០០ដុល្លារ។ ប៉ុន្តែក្រោយពេលកញ្ញាថតស្ពតរួចរាល់ បុគ្គលឈ្មោះ ទៀវ ប៑ុនចិន្តា នេះ មិនបានឲ្យលុយដល់នាងនោះទេ។ លុះដល់កញ្ញា តាមទារដដែលៗ ក៏មានបុគ្គលម្នាក់ ប្រើសម្ដីមិនសមរម្យដាក់នាង ហើយចុងក្រោយ ក៏មានការបង្ហោះថា នាងគឺស្រីលក់ខ្លួន និងបានបង្ខូចឈ្មោះនាង ធ្វើឲ្យមានការរើសអើងចំពោះនាងតែម្ដង។ កញ្ញា ខ្លួនបានដាក់បណ្ដឹង ពីបទញុះញង់ឲ្យមានការមាក់ងាយនាង និងបង្ហោះសម្អុយឈ្មោះនាង ដោយនាងទាមទារ សំណងចំនួន២៥មុឺនដុល្លារ។

កញ្ញា ប្រកាសថា ថវិកា ដែលនឹងបានពីការដាក់បណ្ដឹងនេះ នឹងយកមកធ្វើជាទ្រព្យផ្ទាល់ខ្លួននោះទេ ដោយនាង នឹងយកទៅប្រគល់ជូនកុមារកំព្រា និងធ្វើសប្បុរសធម៍ មិនឲ្យសល់ឡើយ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះ អ្នកយកព័ត៍មានយើង មិនទាន់ទទួលបានការបកស្រាយពីភាគីម្ខាងទៀតនៅឡើយទេ ខណ:ដែលអ្នកស្រី ទាវ ប៑ុនចិន្តា ត្រូវបានគេអះអាងថា ត្រូវបានក្រសួងមហាផ្ទៃឃាត់ខ្លួន ដើម្បីបញ្ជូនទៅកាន់តុលាការ៕

មតិយោបល់