ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើម្បីភរិយា និងកូន ប៉ែន សារ៉ាវ ប្រកាសថាមិនខ្លាច

ខុសពីតារាភាគច្រើន ដែលរៀបការហើយ មិនសូវបង្ហាញភរិយា និងកូនអោយគេបានឃើញ ដើម្បីកុំអោយប៉ះពាល់ប្រជាប្រិយភាព សម្រាប់តារាសម្ដែង និងជាតារាចម្រៀង លោក ប៉ែន សារ៉ាវ បានអះអាងថា លោកមិនខ្លាចធ្លាក់កូដ ឬ ឡើងកូដអ្វីនោះទេ ពោលគឺលោកហ៑ានទាំងបោះចោលសិល្បៈ មិនស្ដាយផង ប្រសិនបើលោករកឃើញអាជីពខាងក្រៅដែលរឹងមាំ ដើម្បីគ្រួសារ។ លោកបានថ្លែងបែបនេះ ក្នុងពិធីខួប១ឆ្នាំរបស់កូនស្រី កាលពីថ្ងៃទី២១ ឧសភា ខណៈដែលក្នុងពិធីនោះ លោកក៏បានអោបរឹតភរិយា និងកូនស្រី បង្អួតភ្នែកភ្ញៀវ ធ្វើអោយអ្នកណាៗ ក៏មើលឃើញថា លោកស្រទ្បាញ់ភរិយាស្ទើរលេប។

លោក ប៉ែន សារ៉ាវ និយាយថា សម្រាប់អាជីពសិល្បៈរាល់ថ្ងៃមិនធ្វើអោយស្រទ្បាញ់ ដល់ថ្នាក់ងប់ងល់ ហើយសុខចិត្តបិទបាំងសេចក្ដីសុខជាមួយភរិយា និងកូន ដោយមិនសម្ញែងបានឡើយ ដោយលោកយល់ថា បើទោះជាការបង្អួតភរិយាពេញទំហឹង នឹងធ្វើអោយលោកប៉ះពាល់ប្រជាប្រិយភាព ក៏លែងជាបញ្ហា។ លោកថា ខ្លួនសុខចិត្តជ្រើសយកភរិយា និងកូនស្រី បើទោះជាលោកនៅតែចង់ឈានឡើង នៅក្នុងពិភពសិល្បៈ។

លោកថាហេតុផល ដែលលោកសម្រេចចិត្តធ្វើខួបមួយឆ្នាំរបស់កូនស្រីធំដុំ គឺដោយសារតែចង់បង្អួតភរិយា និងកូនស្រី អោយអ្នកសិល្បៈ និងមហាជនបានស្គាល់ ដើម្បីអោយដឹងកាន់តែច្បាស់ថា លោកកំពុងមានសុភមង្គល ជាមួយគ្រួសារតូចរបស់ខ្លួន ដោយមិនខ្វល់ពីរឿងធ្លាក់កូដនោះឯង។ យ៉ាងណាមិញលោក កត់សម្គាល់ថា ចាប់តាំងពីលោកសម្ញែងភរិយា ដោយបើកចំហរ ទីផ្សារសម្ដែង និងច្រៀងរបស់លោក ស្ទើររកពេលសម្រាកមិនបានទៅវិញទេ។ លោកអះអាងថា បើអោយជ្រើសសិល្បៈ និងគ្រួសារ គឺលោកស្រទ្បាញ់គ្រួសារច្រើនជាង ជាពិសេសគឺភរិយា ដ៏ស្រស់ស្អាតរបស់លោក ដែលលោកយល់ថា មិនអាចរស់នៅដោយគ្មានបាននោះ។

នៅក្នុងពិធីខួប កូនស្រី របស់លោក ប៉ែន សារ៉ាវ ដែលមានឈ្មោះថា សារ៉ាវ ការវិយ៉ា នាយប់នោះ គេឃើញតារាសិល្បៈជាច្រើនរូប បង្ហាញខ្លួនចូលរួម និងច្រៀងរាំយ៉ាងសប្បាយ។ ក្នុងនោះរួមមាន លោក គូម៉ា លោក ខេម លោក ម៉ៅ ហាជី លោក ងួន សុបិន្ត កញ្ញា ណូម័រ និងតារាៗចាស់ថ្មីជាច្រើនរូបទៀត។ ពិធីរបស់លោក ត្រូវឃើញនៅតែគគ្រឹកគគ្រេង រហូតដល់ជិតពាក់កណ្ដាលអធ្រាត្រឯណោះ៕

មតិយោបល់