កាលពីយប់ថ្ងៃទី២១ ឧសភា ឆ្នាំ២០១៩ តារាសម្ដែងវ័យ២៣ឆ្នាំ លោក ពឹង ចាន់បូណ៌មី ហៅ ពុទ្ធិស័ក្ត បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធម ដោយមានផលិតករ តារាសិល្បៈ និងមិត្តភ័ក្ត្រយ៉ាងច្រើន កុះករចូលរួម។ នេះជាពិធីធំដុំ មិនធ្លាប់មានដែលលោកបានធ្វើ បន្ទាប់ពីអាជីពសម្ដែង របស់លោកឈានដល់តួឯក។
លោក ពុទ្ធិស័ក្ត និយាយថា ដោយសារតែលោកកាន់តែស្គាល់មិត្តភក្ដិនៅក្នុងសិល្បៈ ទើបលោកសម្រេចចិត្ត ធ្វើខួបគម្រប់២៣ឆ្នាំ ដោយពិធីខួប នៅក្នុងថ្ងៃនោះ លោកក៏សប្បាយចិត្តណាស់ដែរ ដែលមានផលិតករ និងតារាសិល្បៈច្រើននាក់ចូលរួម។ ក្នុងនោះ តារាសិល្បៈច្រើននាក់ ក៏នៅកំដរពិធីរបស់លោក រហូតដល់ចប់ផងដែរ។
ពាក់ព័ន្ធនឹងដំណើរការសិល្បៈ លោក ពុទ្ធិស័ក្ត រៀបរាប់ថា ពីដំបូងឡើងលោកគ្រាន់តែជាតារាចម្រៀង ប្រចាំហាងមួយប៉ុណ្ណោះ ប៉ុន្តែដោយសារតែខាងផលិតករយល់ថា លោកមានរូបរាងសង្ហា ទើបហៅថតកុន ហើយដោយមានការជ្រោមជ្រែងពីបណ្ដាផលិតករមួយចំនួនផង ទើបលោកបានសម្ដែងតាំងពីតួរាយរង រហូតដល់តួឯក នាពេលចុងក្រោយ។ មកទល់ពេលនេះ លោកត្រូវបានផលិតករ ទាក់ទងអោយថតភាពយន្ត កាន់តែច្រើន ដោយ៤រឿងត្រូវបានថតរួចរាល់ហើយ ហើយ២រឿងទៀត នឹងថតក្នុងពេលខាងមុខ។
យ៉ាងណាមិញលោកថា មិនចោលអាជីពចម្រៀងនោះទេ គឺក្នុងពេលណាដែលលោកទំនេរ គឺលោកនឹងផលិតបទផ្ទាល់ខ្លួន ដើម្បីរំឭកអាជីពចាស់របស់ខ្លួនជាថ្មី៕
មតិយោបល់